ម៉ាថាយ 25:43 - អាល់គីតាប កាលយើងជាជនបរទេសអ្នករាល់គ្នាពុំបានទទួលយើងឲ្យស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកឲ្យយើងដែរ កាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរសុខទុក្ខយើងទាល់តែសោះ”។ ព្រះគម្ពីរខ្មែរសាកល កាលយើងជាជនមិនស្គាល់ អ្នករាល់គ្នាមិនទទួលយើង; កាលយើងនៅខ្លួនទទេ អ្នករាល់គ្នាមិនស្លៀកពាក់ឲ្យយើង; ហើយកាលយើងឈឺ និងជាប់គុក អ្នករាល់គ្នាមិនមើលថែយើងទេ’។ Khmer Christian Bible កាលខ្ញុំជាអ្នកក្រៅ អ្នករាល់គ្នាមិនបានស្វាគមន៍ខ្ញុំ កាលខ្ញុំនៅអាក្រាត អ្នករាល់គ្នាមិនបានស្លៀកពាក់ឲ្យខ្ញុំ ហើយកាលខ្ញុំឈឺ និងជាប់គុក អ្នករាល់គ្នាមិនបានមកសួរសុខទុក្ខខ្ញុំទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយើងជាអ្នកដទៃ អ្នករាល់គ្នាមិនបានទទួលយើង កាលយើងនៅអាក្រាត អ្នករាល់គ្នាមិនបានឲ្យសម្លៀកបំពាក់ដល់យើង ក៏ឈឺ ហើយជាប់គុក អ្នករាល់គ្នាមិនបានមកសួរសុខទុក្ខយើងសោះ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលយើងជាជនបរទេស អ្នករាល់គ្នាពុំបានទទួលយើងឲ្យស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកឲ្យយើងដែរ កាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរសុខទុក្ខយើងទាល់តែសោះ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញជាអ្នកដទៃ តែឯងរាល់គ្នាមិនបានទទួលសោះ អញនៅអាក្រាត តែឯងរាល់គ្នាមិនបានស្លៀកពាក់ឲ្យអញទេ អញក៏ឈឺ ហើយនៅជាប់គុក តែឯងរាល់គ្នាមិនបានមកសួរសោះ |
អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលអំពីពួកមេដឹកនាំ ដែលឃ្វាលប្រជាជនរបស់ទ្រង់ថា៖ «អ្នករាល់គ្នាបោះបង់ចោលកូនចៀមរបស់យើងឲ្យខ្ចាត់ខ្ចាយ ហើយអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់នឹងពួកគេទេ។ ឥឡូវនេះ យើងយកចិត្តទុកដាក់នឹងអ្នករាល់គ្នា គឺដាក់ទោសតាមអំពើអាក្រក់ដែលអ្នករាល់គ្នាបានប្រព្រឹត្ត» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា!។
ប្រជាជននៅក្នុងស្រុកនេះនាំគ្នាប្រព្រឹត្តអំពើឃោរឃៅ លួចប្លន់ និងកេងប្រវ័ញ្ចជនកំសត់ទុគ៌ត ជិះជាន់សង្កត់សង្កិនជនបរទេសដោយអយុត្តិធម៌។
កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកឲ្យយើង កាលយើងមានជំងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំង អ្នករាល់គ្នាក៏បានមកសួរយើងដែរ”។
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាពុំបានឲ្យម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំបានឲ្យទឹកយើងពិសាដែរ
ពួកនោះនាំគ្នាសួរស្តេចថា “អម្ចាស់អើយ! តើយើងខ្ញុំបានឃើញស្តេចឃ្លាន ឃើញស្តេចស្រេក ឃើញស្តេចជាជនបរទេស ឃើញស្តេចគ្មានសម្លៀកបំពាក់ ឃើញស្តេចឈឺ ឬជាប់ឃុំឃាំង ហើយយើងខ្ញុំមិនដែលជួយសោះពីអង្កាល់?”។
ប៉ុន្មានថ្ងៃកន្លងមកទៀត លោកប៉ូលមានប្រសាសន៍ទៅកាន់លោកបារណាបាសថា៖ «យើងត្រូវត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលយើងបានផ្សព្វផ្សាយបន្ទូលរបស់អុលឡោះជាអម្ចាស់»។
សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលម៉ាឡាអ៊ីកាត់ទាំងមិនដឹងខ្លួន។
ចូរគិតដល់អស់អ្នកដែលជាប់ឃុំឃាំងហាក់បីដូចជាបងប្អូននៅជាប់ឃុំឃាំង រួមជាមួយគេ ហើយគិតដល់អស់អ្នកដែលត្រូវគេធ្វើបាប ព្រោះបងប្អូនក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។
គេនាំគ្នាចូលទៅក្នុងក្រុងនោះ រកកន្លែងសម្រាក។ ពួកគេអង្គុយនៅតាមផ្លូវ ព្រោះគ្មាននរណាម្នាក់មកអញ្ជើញពួកគេឲ្យទៅសម្រាកនៅផ្ទះរបស់ខ្លួនឡើយ។