លោកយ៉ូអាប់សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ ហើយដាក់លោកអ៊ូរីនៅកន្លែងដែលលោកដឹងថា មានសត្រូវខ្លាំងពូកែ។
២ សាំយូអែល 11:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងសំបុត្រនោះស្ដេចសរសេរថា៖ «ចូរដាក់អ៊ូរីឲ្យនៅសមរភូមិមុខ ត្រង់ចំណុចដែលក្ដៅបំផុត រួចដកទ័ពថយមកវិញ ទុកឲ្យគាត់នៅតែម្នាក់ឯង ដើម្បីឲ្យបច្ចាមិត្តប្រហារជីវិតគាត់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងសំបុត្រនោះមានសេចក្ដីបង្គាប់ថា៖ «ចូរឲ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលគាត់ទៅឲ្យគេបានវាយសម្លាប់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងសំបុត្រនោះមានសេចក្ដីបង្គាប់ថា ចូរឲ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលវាទៅឲ្យគេបានវាយសំឡាប់ចេញ អាល់គីតាប ក្នុងសំបុត្រនោះទតសរសេរថា៖ «ចូរដាក់អ៊ូរីឲ្យនៅសមរភូមិមុខ ត្រង់ចំណុចដែលក្តៅបំផុត រួចដកទ័ពថយមកវិញ ទុកឲ្យគាត់នៅតែម្នាក់ឯង ដើម្បីឲ្យបច្ចាមិត្តប្រហារជីវិតគាត់»។ |
លោកយ៉ូអាប់សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ ហើយដាក់លោកអ៊ូរីនៅកន្លែងដែលលោកដឹងថា មានសត្រូវខ្លាំងពូកែ។
កងទ័ពសត្រូវចេញមកច្បាំងតទល់នឹងកងទ័ពរបស់លោកយ៉ូអាប់។ ពួកគេសម្លាប់ពលទាហានខ្លះ ក្នុងជួរទ័ពរបស់ព្រះបាទដាវីឌ រីឯលោកអ៊ូរី ជាជនជាតិហេត ក៏ស្លាប់ដែរ។
ចុះហេតុដូចម្ដេចបានជាអ្នកមើលងាយព្រះបន្ទូលរបស់យើង ដោយប្រព្រឹត្តអំពើដែលមិនគាប់ចិត្តយើង គឺអ្នកបានធ្វើឃាតអ៊ូរី ជាជនជាតិហេត ដោយប្រគល់ទៅឲ្យជនជាតិអាំម៉ូនសម្លាប់ រួចយកប្រពន្ធរបស់អ៊ូរីមកធ្វើជាប្រពន្ធរបស់ខ្លួនឯង។
ដ្បិតព្រះបាទដាវីឌបានប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយពុំងាកចេញពីសេចក្ដីដែលព្រះអង្គបានបង្គាប់ឲ្យធ្វើឡើយ លើកលែងតែកំហុស ដែលស្ដេចបានប្រព្រឹត្តចំពោះលោកអ៊ូរី ជាជនជាតិហេតមួយប៉ុណ្ណោះ។
ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឲ្យរួចពីស្លាប់ នោះទូលបង្គំនឹងប្រកាសអំពីសេចក្ដីសុចរិត របស់ព្រះអង្គដោយអំណរ។
ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យ ព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយ ដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គកាត់ទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែសុចរិត ហើយទោះបីព្រះអង្គធ្វើទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែឥតកំហុសដដែល។
មនុស្សប្រព្រឹត្តអំពើអាក្រក់ពុំបានទទួលទោសភ្លាមៗទេ ហេតុនេះហើយបានជាចិត្តរបស់មនុស្សចេះតែជំរុញគេឲ្យប្រព្រឹត្តអំពើអាក្រក់។
ចិត្តរបស់មនុស្សតែងតែវៀចវេរ មិនអាចកែតម្រង់បានឡើយ ហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។
សូមច្រៀងថ្វាយព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គរំដោះជីវិតមនុស្សទុគ៌ត ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។
ព្រះបាទសូលនឹកថា៖ «អញមិនចង់សម្លាប់ដាវីឌដោយផ្ទាល់ឡើយ គឺទុកឲ្យពួកភីលីស្ទីនសម្លាប់វិញ»។ ដូច្នេះ ស្ដេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «យើងនឹងលើកនាងម៉្រាមជាកូនច្បងរបស់យើងឲ្យអ្នក។ ចូរមានចិត្តក្លាហានបម្រើយើង ហើយចេញទៅច្បាំងថ្វាយព្រះអម្ចាស់»។
ព្រះបាទសូលនឹកថា៖ «អញនឹងលើកនាងឲ្យដាវីឌធ្វើជាភរិយា ដើម្បីប្រើនាងជាអន្ទាក់ឲ្យដាវីឌធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ព្រះបាទសូលស្នើជាលើកទីពីរឲ្យលោកដាវីឌធ្វើជាកូនប្រសា។
ព្រះបាទសូលមានរាជឱង្ការថា៖ «សូមអស់លោកទៅនិយាយប្រាប់ដាវីឌថា “ស្ដេចមិនចង់បានបណ្ណាការអ្វី ក្រៅពីស្បែកអង្គជាតរបស់ពួកភីលីស្ទីនចំនួនមួយរយ ដើម្បីសងសឹកខ្មាំងសត្រូវប៉ុណ្ណោះ”»។ ព្រះបាទសូលមានគោលបំណងធ្វើឲ្យលោកដាវីឌ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន។