ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ រីឯព្រះអង្គវិញ ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ ដូចសម្លៀកបំពាក់ ព្រះអង្គនឹងផ្លាស់វាដូចផ្លាស់សម្លៀកបំពាក់ ហើយវានឹងបាត់សូន្យទៅ។
២ ពេត្រុស 3:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយវិញទៀត ព្រះបន្ទូលដដែលនេះបានថ្លែងថា ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្នកាល នឹងត្រូវបម្រុងទុកឲ្យភ្លើងឆេះរំលាយ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សទុច្ចរិតឲ្យវិនាសអន្តរាយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែដោយព្រះបន្ទូលដដែលនេះ ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង គឺទុករហូតដល់ថ្ងៃនៃការជំនុំជម្រះ និងសេចក្ដីវិនាសរបស់មនុស្សមិនគោរពព្រះ។ Khmer Christian Bible ហើយដោយសារព្រះបន្ទូលដដែល ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង ព្រមទាំងទុកសម្រាប់ថ្ងៃជំនុំជម្រះ និងថ្ងៃនៃសេចក្ដីវិនាសរបស់មនុស្សដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែដោយសារព្រះបន្ទូលដដែលថ្លែងថា ផ្ទៃមេឃ និងផែនដីជំនាន់នេះ ត្រូវបម្រុងទុកឲ្យភ្លើងឆេះ រហូតដល់ថ្ងៃជំនុំជម្រះ ហើយបំផ្លាញមនុស្សទមិឡល្មើសចេញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែផ្ទៃមេឃនឹងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ អាល់គីតាប មួយវិញទៀត បន្ទូលនៃអុលឡោះដដែលនេះបានថ្លែងថា ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្នកាល នឹងត្រូវបម្រុងទុកឲ្យភ្លើងឆេះរំលាយ នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សទុច្ចរិតឲ្យវិនាសអន្ដរាយ។ |
ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ រីឯព្រះអង្គវិញ ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ ដូចសម្លៀកបំពាក់ ព្រះអង្គនឹងផ្លាស់វាដូចផ្លាស់សម្លៀកបំពាក់ ហើយវានឹងបាត់សូន្យទៅ។
ព្រះនៃយើងទ្រង់យាងមកហើយ ព្រះអង្គមិនសម្ងំនៅស្ងៀមឡើយ មានភ្លើងសន្ធោសន្ធៅនៅពីមុខព្រះអង្គ ហើយជុំវិញព្រះអង្គ មានខ្យល់បក់បោកយ៉ាងខ្លាំង។
ចូរងើបមុខឡើងសម្លឹងទៅលើមេឃ រួចក្រឡេកមើលមកផែនដីនេះ ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចផ្សែង ផែនដីនឹងរេចរឹលទៅដូចសម្លៀកបំពាក់ មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត តែការសង្គ្រោះរបស់យើងនៅស្ថិតស្ថេរ អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតរបស់យើង នឹងមិនសាបសូន្យឡើយ។
មើល ព្រះអម្ចាស់កំពុងតែយាងមក ព្រះអង្គយាងមកក្នុងភ្លើង រាជរថរបស់ព្រះអង្គប្រៀបបាននឹងខ្យល់កួច។ ព្រះអង្គធ្វើតាមព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ព្រះអង្គប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោស ស្របតាមព្រះបន្ទូលដែលព្រះអង្គ ព្រមានទុកជាមុន។
«ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ គង់នៅលើបល្ល័ង្កមួយ ទ្រង់មានព្រះភូសាពណ៌សដូចកប្បាស ហើយព្រះកេសារបស់ព្រះអង្គសដូចសំឡី ។ បល្ល័ង្ករបស់ព្រះអង្គប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។
ហេតុនេះ ចូរចាំយើងសិន! ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយ យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង ទៅលើពួកគេ ដូចភ្លើងឆាបឆេះ ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ ផែនដីទាំងមូល -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកម្ទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា នឹងទទួលទោសស្រាលជាងអ្នកក្រុងនោះ»។
ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។
ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ព្រះអង្គនឹងវិនិច្ឆ័យតាមពាក្យសម្ដីឥតប្រយោជន៍ ដែលគេបាននិយាយ
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថា: “ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញឲ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្ដន្ទាទោសមារ*សាតាំង និងបរិវាររបស់វានោះទៅ!
បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។
អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។
ក៏ប៉ុន្តែ ដោយអ្នកមានចិត្តរឹងរូស មិនព្រមកែប្រែចិត្តគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ជាថ្ងៃដែលព្រះអង្គនឹងសម្តែងការវិនិច្ឆ័យទោសដោយយុត្តិធម៌
នៅថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោស លទ្ធផលនៃស្នាដៃដែលម្នាក់ៗបានធ្វើ នឹងលេចចេញមក ព្រោះថ្ងៃនោះនឹងមកដល់ដូចភ្លើង ហើយភ្លើងនឹងល្បងលមើលស្នាដៃដែលម្នាក់ៗបានធ្វើ។
គឺបងប្អូនមិនញញើតនឹងពួកអ្នកប្រឆាំង ត្រង់ប្រការណាមួយឡើយ ជាភស្តុតាងសឲ្យឃើញថា ពួកគេនឹងត្រូវវិនាសអន្តរាយ រីឯបងប្អូនវិញ បងប្អូននឹងទទួលការសង្គ្រោះ។ ការនេះកើតមកពីព្រះជាម្ចាស់
កុំឲ្យនរណាម្នាក់មកបញ្ឆោតបងប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងព្រះអម្ចាស់យាងមក ត្រូវតែមានអ្នកជឿលះបង់ជំនឿ និងមេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។
រីឯអស់អ្នកដែលចង់មានចង់បានតែងតែចាញ់ការល្បួង ជាប់អន្ទាក់ ដោយចិត្តប៉ងប្រាថ្នា លេលា និងចង្រៃជាច្រើន ដែលពន្លិចមនុស្សឲ្យវិនាសអន្តរាយ
យ៉ាងនេះហើយដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក
ថ្ងៃដែលព្រះអម្ចាស់យាងមកប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដី ដែរ។
ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែង ធ្វើឲ្យថ្ងៃដែលព្រះជាម្ចាស់ត្រូវយាងមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។
បើសេចក្ដីស្រឡាញ់ពិតជាបានគ្រប់លក្ខណៈនៅក្នុងយើងមែន នោះយើងនឹងមានចិត្តរឹងប៉ឹង នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ដ្បិតក្នុងលោកនេះ យើងមានរបៀបរស់នៅដូចព្រះយេស៊ូដែរ។
រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដូចទេវតាទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
រីឯសត្វតិរច្ឆានដែលមានជីវិតកាលពីសម័យដើម តែឥឡូវគ្មានទេនោះ វានឹងមកធ្វើជាស្ដេចទីប្រាំបី។ វាក៏នៅក្នុងចំណោមស្ដេចទាំងប្រាំពីរនោះដែរ ហើយនឹងត្រូវវិនាសបាត់ទៅ។
សត្វដែលលោកឃើញនោះ នៅសម័យដើម មានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរកអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះ មនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើមវាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញព្រះអង្គដែលគង់នៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីព្រះភ័ក្ត្រព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។
ពេលនោះ ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃពីមុន និងផែនដីពីមុននោះ បាត់អស់ទៅហើយ ហើយក៏គ្មានសមុទ្រទៀតដែរ។