២ ពង្សាវតារក្សត្រ 24:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានជន្មាយុដប់ប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា នេហ៊ូសថា ជាកូនរបស់លោកអែលណាថាន អ្នកក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មដប់ប្រាំបីឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានបីខែ មាតារបស់ទ្រង់ព្រះនាមថានេហ៊ូសថា បុត្រីអែលណាថាន ជាអ្នកក្រុងយេរូសាឡិម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ូយ៉ាគីនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ ព្រះមាតាទ្រង់ព្រះនាម ជានេហ៊ូសថា បុត្រីអែលណាថាន ជាអ្នកក្រុងយេរូសាឡិម អាល់គីតាប កាលស្តេចយ៉ូយ៉ាគីនឡើងសោយរាជ្យ គាត់មានវ័យដប់ប្រាំបីឆ្នាំ ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ម្តាយរបស់គាត់មានឈ្មោះថា នេហ៊ូសថា ជាកូនរបស់លោកអែលណាថាន អ្នកក្រុងយេរូសាឡឹម។ |
កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ស្ដេចមានជន្មាយុប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ។
ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ទៅកាន់ព្រះបាទយេកូនាស បុត្ររបស់ស្ដេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដាថា៖ «ទោះបីអ្នកប្រៀបបាននឹងត្រាដែលយើងពាក់នៅដៃស្ដាំក្ដី ក៏យើងត្រូវដកអ្នកចេញដែរ។
យើងនឹងបោះបង់ចោលអ្នក ព្រមទាំងម្ដាយដែលបានបង្កើតអ្នក។ អ្នកនឹងត្រូវស្លាប់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុកកំណើតរបស់អ្នក។
តើព្រះបាទយេកូនាសក្លាយទៅជាមនុស្សគួរឲ្យមាក់ងាយ ដូចថូកំបែកដែលគេបោះចោល គ្មាននរណាចង់បានឬ? ហេតុអ្វីបានជាស្ដេចនេះ និងព្រះរាជវង្ស ត្រូវព្រះអម្ចាស់បោះបង់ចោល ហើយខ្មាំងចាប់យកទៅជាឈ្លើយ នៅក្នុងស្រុកមួយដែលគេពុំធ្លាប់ស្គាល់?
ក្រោយពេលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន កៀរព្រះបាទយេកូនាស ជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម ស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រីរបស់ជនជាតិយូដា ពួកជាងឈើ និងជាងដែក ពីក្រុងយេរូសាឡឹមយកទៅក្រុងបាប៊ីឡូន ព្រះអម្ចាស់បានបង្ហាញឲ្យខ្ញុំឃើញឧទុម្ពរ*ពីរល្អី ដែលគេដាក់នៅខាងមុខព្រះវិហាររបស់ព្រះអម្ចាស់។
ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកព្រះបាទសេដេគា បុត្ររបស់ព្រះបាទយ៉ូសៀស ឲ្យឡើងគ្រងរាជ្យលើស្រុកយូដា ជំនួសស្ដេចយេកូនា ជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម។