ប្រជាជនយូដាបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់។ ពួកគេបានធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ ដោយសារតែអំពើបាបដែលពួកគេប្រព្រឹត្ត លើសពីដូនតារបស់ពួកគេទៅទៀត។
១ កូរិនថូស 10:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឬមួយក៏យើងចង់ឲ្យព្រះអម្ចាស់មានព្រះហឫទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? ព្រះគម្ពីរខ្មែរសាកល ឬមួយក៏យើងចង់ធ្វើឲ្យព្រះអម្ចាស់ច្រណែន? តើយើងខ្លាំងជាងព្រះអង្គឬ? Khmer Christian Bible ឬមួយយើងធ្វើឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬមួយយើងចង់ឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬតើយើងចង់បណ្តាលឲ្យព្រះអម្ចាស់ទ្រង់ប្រចណ្ឌឬអី តើយើងខ្លាំងពូកែជាងទ្រង់ឬ។ អាល់គីតាប ឬមួយក៏យើងចង់ឲ្យអ៊ីសាជាអម្ចាស់ច្រណែន? តើយើងខ្លាំងពូកែជាងគាត់ឬ? |
ប្រជាជនយូដាបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់។ ពួកគេបានធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ ដោយសារតែអំពើបាបដែលពួកគេប្រព្រឹត្ត លើសពីដូនតារបស់ពួកគេទៅទៀត។
ព្រះអង្គប្រកបទៅដោយព្រះប្រាជ្ញាញាណ និងមហិទ្ធិឫទ្ធិ អ្នកដែលប្រឆាំងនឹងព្រះអង្គ មិនអាចរួចខ្លួនបានទេ។
ពួកគេប្រព្រឹត្តខុសចំពោះព្រះអង្គ ដោយទៅថ្វាយបង្គំព្រះក្លែងក្លាយ នៅតាមទីសក្ការៈរបស់សាសន៍ដទៃនៅលើភ្នំ ធ្វើឲ្យទាស់ព្រះហឫទ័យព្រះអង្គជាខ្លាំង។
មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ
មិនត្រូវក្រាបថ្វាយបង្គំព្រះណាទៀតឡើយ ដ្បិតយើងជាព្រះអម្ចាស់ យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះផ្សេងជាដាច់ខាត។
អ្វីៗដែលមាននៅក្នុងលោកនេះ សុទ្ធតែមានឈ្មោះរបស់ខ្លួនស្រេចទៅហើយ ហើយយើងក៏ដឹងថា អ្វីទៅដែលហៅថាមនុស្ស។ មនុស្សពុំអាចជជែកតវ៉ានឹងអ្នកដែលខ្លាំងពូកែជាងខ្លួនឡើយ។
អ្នកណាប្រឆាំងនឹងព្រះដែលបានបង្កើតខ្លួន អ្នកនោះមុខជាវេទនាពុំខាន! អ្នកនោះកើតពីដី មិនខុសពីអ្នកឯទៀតៗទេ។ មិនដែលមានដីឥដ្ឋណាពោលទៅកាន់ជាងស្មូន ដែលកំពុងតែសូនខ្លួនថា តើអ្នកធ្វើអ្វីហ្នឹង! ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ!
អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង ដោយគោរពបម្រើព្រះក្លែងក្លាយ ដែលជាស្នាដៃរបស់អ្នករាល់គ្នា អ្នករាល់គ្នាដុតគ្រឿងក្រអូបសែនព្រះដទៃ នៅស្រុកអេស៊ីប ជាស្រុកដែលអ្នករាល់គ្នាមករស់នៅ។ អ្នករាល់គ្នាមុខជាផុតពូជ ហើយត្រូវប្រជាជាតិទាំងអស់នៅលើផែនដីយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសា និងជេរប្រមាថពុំខាន។
តាមពិត មិនមែនយើងទេដែលឈឺចិត្ត គឺពួកគេវិញឯណោះដែលឈឺចិត្ត ព្រោះត្រូវអាម៉ាស់មុខ!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យេរូសាឡឹមអើយ នៅគ្រាយើងដាក់ទោសអ្នក តើអ្នកមានកម្លាំងកាយ កម្លាំងចិត្តទ្រាំទ្របានឬទេ? យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងសម្រេចយ៉ាងនោះ។
នៅថ្ងៃព្រះអម្ចាស់ខ្ញាល់យ៉ាងខ្លាំង ប្រាក់ ឬមាសពុំអាចរំដោះពួកគេទេ។ ផែនដីទាំងមូលនឹងត្រូវរលាយ ដោយសារភ្លើងនៃព្រះពិរោធ។ ពេលព្រះអង្គលុបបំបាត់មនុស្សទាំងអស់ពីផែនដី ជាពេលមួយដ៏គួរឲ្យព្រឺខ្លាចបំផុត។
ពួកគេធ្វើឲ្យព្រះអង្គប្រច័ណ្ឌ ព្រោះពួកគេបែរទៅគោរពព្រះដទៃ ពួកគេធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ ព្រោះពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។
ពួកគេធ្វើឲ្យយើងមានចិត្តប្រច័ណ្ឌ ដោយសារព្រះក្លែងក្លាយ ពួកគេធ្វើឲ្យយើងខឹង ដោយសារព្រះដែលឥតបានការ។ ដូច្នេះ យើងក៏នឹងធ្វើឲ្យពួកគេប្រច័ណ្ឌ ដោយសារមនុស្សដែលមិនមែនជាប្រជាជន យើងនឹងធ្វើឲ្យពួកគេខឹង ដោយសារប្រជាជាតិដែលមិនដឹងខុសត្រូវ។
ដ្បិតព្រះអម្ចាស់ ព្រះរបស់អ្នក ជាភ្លើងដែលឆេះសន្ធោសន្ធៅ ព្រះអង្គមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងជាដាច់ខាត។
ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលគង់នៅជាមួយអ្នក ទ្រង់មិនសព្វព្រះហឫទ័យឲ្យអ្នកជំពាក់ចិត្តជាមួយព្រះណាផ្សេងទៀតជាដាច់ខាត។ បើមិនដូច្នោះទេ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទ្រង់ព្រះពិរោធទាស់នឹងអ្នក ហើយលុបបំបាត់អ្នកពីផែនដីនេះ។
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចគោរពបម្រើព្រះអម្ចាស់បានទេ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ ហើយព្រះអង្គមិនសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាគោរពព្រះមួយណាទៀតឡើយ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាទេ។