លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។
អេសេគាល 22:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងដាក់អ្នករាល់គ្នាជាគំនរ រួចផ្លុំភ្លើងនៃកំហឹងរបស់យើង ដុតអ្នករាល់គ្នាឲ្យរលាយនៅកណ្ដាលក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អើ យើងនឹងប្រមូលអ្នក ហើយផ្លុំលើអ្នក ដោយភ្លើងនៃសេចក្ដីក្រោធរបស់យើង នោះអ្នករាល់គ្នានឹងត្រូវរលាយទៅ នៅកណ្ដាលទីក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ អញនឹងប្រមូលឯង ហើយផ្លុំលើឯង ដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ នោះឯងរាល់គ្នានឹងត្រូវរលាយទៅ នៅកណ្តាលទីក្រុង អាល់គីតាប យើងនឹងដាក់អ្នករាល់គ្នាជាគំនរ រួចផ្លុំភ្លើងនៃកំហឹងរបស់យើង ដុតអ្នករាល់គ្នាឲ្យរលាយនៅកណ្ដាលក្រុងយេរូសាឡឹម។ |
លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។
ពេលមនុស្សអាក្រក់ឃើញដូច្នេះ ក៏មានចិត្តទោមនស្ស គេសង្កៀតធ្មេញ ហើយរលាយសូន្យទៅ មនុស្សអាក្រក់ ពុំដែលបានសម្រេចដូចបំណងឡើយ។
នៅថ្ងៃព្រះករុណាយាងមកដល់ ទ្រង់នឹងកម្ទេចពួកគេដូចភ្លើងឆេះសុស សូមព្រះអម្ចាស់រំលាយពួកគេចោល ដោយសារព្រះពិរោធរបស់ព្រះអង្គ ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។
ព្រះនៃយើងទ្រង់យាងមកហើយ ព្រះអង្គមិនសម្ងំនៅស្ងៀមឡើយ មានភ្លើងសន្ធោសន្ធៅនៅពីមុខព្រះអង្គ ហើយជុំវិញព្រះអង្គ មានខ្យល់បក់បោកយ៉ាងខ្លាំង។
ព្រះអង្គនឹងធ្វើឲ្យពួកគេ រលាយសូន្យទៅដូចជាផ្សែង ហើយមនុស្សអាក្រក់នឹងរលាយសូន្យ បាត់ពីព្រះភ័ក្ត្រព្រះអង្គ ដូចក្រមួនត្រូវថ្ងៃ ។
មើល៍ គេបានរៀបចំកន្លែងបូជា តាំងពីយូរណាស់មកហើយ គេបម្រុងទុកសម្រាប់បូជាស្ដេចស្រុកអាស្ស៊ីរី គឺគេជីករណ្ដៅយ៉ាងជ្រៅ ហើយទូលាយ ព្រមទាំងប្រមូលគំនរអុសដ៏ច្រើនបរិបូណ៌ ទុកសម្រាប់ដុត។ ខ្យល់របស់ព្រះអម្ចាស់ ដែលប្រៀបដូចជាស្ពាន់ធ័រ នឹងបក់មកបញ្ឆេះគំនរអុសនោះ។
ពេលព្រះអង្គសម្តែងមហិទ្ធិឫទ្ធិដ៏អស្ចារ្យ ដែលយើងខ្ញុំមិនបានទន្ទឹងរង់ចាំ គឺនៅពេលព្រះអង្គយាងចុះមក ភ្នំទាំងឡាយមុខជាកក្រើក នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គពុំខាន។
ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះបិតារបស់យើងខ្ញុំ។ យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ ហើយព្រះអង្គដូចជាជាងស្មូន។ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាព្រះហស្ដ របស់ព្រះអង្គ។
ព្រះរាជវង្សរបស់ស្ដេចដាវីឌអើយ! ព្រះអម្ចាស់មានព្រះបន្ទូលថា: “ចូរនាំគ្នារកយុត្តិធម៌តាំងពីព្រលឹម។ ចូរដោះលែងអស់អ្នកដែលត្រូវគេ ជិះជាន់សង្កត់សង្កិន។ បើអ្នករាល់គ្នាមិនលះបង់អំពើអាក្រក់ទេនោះ កំហឹងរបស់យើងផ្ទុះឡើងដូចភ្លើង ឆេះសន្ធោសន្ធៅ គ្មាននរណាអាចពន្លត់បាន។
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: «យើងសម្រេចចិត្តបំផ្លាញពួកគេចោល ព្រោះពេលយើងចង់ប្រមូលផល ពួកគេគ្មានផលអ្វីទាល់តែសោះ គឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែ ដូចដើមឧទុម្ពរដែលគ្មានផ្លែ ហើយស្លឹករបស់វាក៏ស្វិតក្រៀម។ ដូច្នេះ យើងនឹងប្រគល់ដីឲ្យ អស់អ្នកដែលដើរកាត់តាមនោះ»។
ហេតុនេះ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «មើល៍! យើងនឹងបន្សុទ្ធពួកគេនៅក្នុងភ្លើង ដ្បិតយើងពុំអាចធ្វើអ្វីផ្សេងទៀតក្រៅពីនេះ ចំពោះប្រជាជនរបស់យើងឡើយ។
យើងនឹងជះកំហឹងរបស់យើងលើអ្នក យើងនឹងផ្លុំភ្លើងនៃកំហឹងរបស់យើងទៅលើអ្នក ហើយប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់មនុស្សកំរោល ដែលប៉ិនប្រសប់ខាងបំផ្លាញ។
ពេលព្រះអង្គខ្ញាល់ តើនរណាអាចទ្រាំទ្របាន? តើនរណាអាចតទល់នឹង កំហឹងរបស់ព្រះអង្គបាន? ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ ប្រៀបដូចជាភ្លើងឆេះកម្ទេចផ្ទាំងថ្ម។
នៅថ្ងៃព្រះអម្ចាស់ខ្ញាល់យ៉ាងខ្លាំង ប្រាក់ ឬមាសពុំអាចរំដោះពួកគេទេ។ ផែនដីទាំងមូលនឹងត្រូវរលាយ ដោយសារភ្លើងនៃព្រះពិរោធ។ ពេលព្រះអង្គលុបបំបាត់មនុស្សទាំងអស់ពីផែនដី ជាពេលមួយដ៏គួរឲ្យព្រឺខ្លាចបំផុត។
ព្រះអម្ចាស់នឹងដកអ្នកនោះចេញពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ដើម្បីឲ្យរងទុក្ខវេទនា ស្របតាមបណ្ដាសាទាំងប៉ុន្មាននៃសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនៃវិន័យនេះ។
ភ្លើងកំហឹងរបស់យើងកំពុងតែឆាបឆេះ រាលដាលរហូតទៅដល់ស្ថានមនុស្សស្លាប់។ ភ្លើងនេះនឹងឆាបឆេះផែនដី និងភោគផលទាំងប៉ុន្មាននៅលើផែនដី ព្រមទាំងឆាបឆេះគ្រឹះរបស់ភ្នំនានាផង។
ដ្បិតព្រះអម្ចាស់ ព្រះរបស់អ្នក ជាភ្លើងដែលឆេះសន្ធោសន្ធៅ ព្រះអង្គមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងជាដាច់ខាត។