យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាព្រះរបស់ពូជពង្សអ្នក»។
អេសេគាល 11:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីឲ្យពួកគេធ្វើតាមច្បាប់របស់យើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមវិន័យរបស់យើង។ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង យើងក៏ទៅជាព្រះរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ អាល់គីតាប ដើម្បីឲ្យពួកគេធ្វើតាមហ៊ូកុំរបស់យើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមវិន័យរបស់យើង។ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង យើងក៏ទៅជាម្ចាស់របស់ពួកគេ។ |
យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាព្រះរបស់ពូជពង្សអ្នក»។
ដើម្បីឲ្យពួកគេប្រតិបត្តិតាម សេចក្ដីប្រៀនប្រដៅរបស់ព្រះអង្គ និងធ្វើតាមវិន័យរបស់ព្រះអង្គ។ ហាលេលូយ៉ា!
អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។
ទូលបង្គំសប្បាយចិត្តនឹងដើរ តាមបទបញ្ជានៃបញ្ញត្តិរបស់ព្រះអង្គ ដ្បិតព្រះអង្គធ្វើឲ្យចិត្តទូលបង្គំបានភ្លឺស្វាង។
ចូរនាំគ្នាបោះបង់ចោលភាពល្ងង់ខ្លៅ ទើបអ្នករាល់គ្នាមានជីវិត។ ចូរដើរតាមមាគ៌ាដែលផ្ដល់ការចេះដឹងវិញ!»។
យើងបានចងសម្ពន្ធមេត្រីនេះជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកគេរងទុក្ខយ៉ាងខ្លាំង។ យើងបានពោលទៅពួកគេថា: “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ដ្ររបស់យើង ហើយយើងជាព្រះរបស់អ្នករាល់គ្នា”។
«ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: មនុស្សម្នាចូលចិត្តផ្លែឧទុម្ពរល្អយ៉ាងណា យើងក៏ពេញចិត្តនឹងជនជាតិយូដាដែលយើងបានបណ្ដេញចេញពីទីនេះ ឲ្យគេកៀរទៅជាឈ្លើយនៅស្រុកខាល់ដេយ៉ាងនោះដែរ។
យើងនឹងប្រគល់ចិត្តថ្មីមួយដល់គេ ដើម្បីឲ្យគេអាចស្គាល់ថា យើងជាព្រះអម្ចាស់។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង យើងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនាំគ្នាវិលមករកយើងវិញដោយចិត្តស្មោះ»។
អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា»។
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រាអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យើងនឹងឲ្យពួកគេមានចិត្តគំនិតតែមួយ មានគោលដៅតែមួយ ដើម្បីគោរពកោតខ្លាចយើងរហូតតទៅ។ ដូច្នេះ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងប្រកបដោយសុភមង្គល។
នៅពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ អ្នករាល់គ្នាពុំបានប្រព្រឹត្តតាមច្បាប់របស់យើងទេ ហើយអ្នករាល់គ្នាក៏ពុំបានធ្វើតាមវិន័យរបស់យើងដែរ តែអ្នករាល់គ្នាបែរជាយកទម្លាប់តាមប្រជាជាតិនានា ដែលនៅជុំវិញ»។
ដូច្នេះ ជនជាតិអ៊ីស្រាអែលលែងវង្វេងចេញឆ្ងាយពីយើង ហើយលែងសៅហ្មងដោយអំពើទុច្ចរិតទាំងប៉ុន្មានទៀតហើយ។ ពេលនោះ គេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាព្រះរបស់ពួកគេ”» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ពួកគេនឹងលែងប្រព្រឹត្តអំពើសៅហ្មង ដោយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើម និងលែងបះបោរប្រឆាំងនឹងយើងទៀតហើយ។ យើងនឹងរំដោះពួកគេឲ្យចេញផុតពីគ្រប់កន្លែងដែលពួកគេរស់នៅ និងជាកន្លែងដែលពួកគេបានប្រព្រឹត្តអំពើបាប។ យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាព្រះរបស់ពួកគេ។
ដំណាក់របស់យើងនឹងស្ថិតនៅជាមួយពួកគេ យើងនឹងទៅជាព្រះរបស់ពួកគេ ហើយពួកគេទៅជាប្រជារាស្ត្ររបស់យើង។
ប្រសិនបើពួកគេនឹកខ្មាស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត នោះចូរប្រាប់ពួកគេឲ្យដឹងពីគំរូរបស់ព្រះដំណាក់ ទ្រង់ទ្រាយ ច្រកចេញចូល របៀបតុបតែង ព្រមទាំងរបៀបចាត់ចែង និងក្បួនតម្រាសព្វបែបយ៉ាង។ ចូរកត់ត្រាទុកដើម្បីឲ្យពួកគេឃើញ និងធ្វើតាម។
យើងនឹងព្រោះពូជទុកសម្រាប់យើងនៅក្នុងស្រុក។ យើងនឹងស្រឡាញ់ឡូរូហាម៉ា យើងនឹងហៅឡូអាំមីថា “ប្រជារាស្ដ្ររបស់យើង” ហើយគេនឹងពោលមកយើងថា “ព្រះនៃទូលបង្គំ!”។
យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: អ្នកទាំងនេះជាប្រជាជនរបស់យើង ហើយគេនឹងពោលថា: ព្រះអម្ចាស់ជាព្រះរបស់ពួកយើង»។
យើងនឹងនាំពួកគេមករស់នៅក្នុងក្រុងយេរូសាឡឹមវិញ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់ពួកគេប្រកបដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីសុចរិត។
ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមបទបញ្ជា និងឱវាទរបស់ព្រះអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។
តែព្រះអង្គបានសម្តែងឲ្យយើងស្គាល់នៅពេលនេះតាមរយៈគម្ពីរព្យាការី និងស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យជាតិសាសន៍ទាំងអស់ស្គាល់ ហើយឲ្យគេជឿ និងស្ដាប់តាម។
ខ្ញុំសូមសរសើរបងប្អូន ដោយបងប្អូននឹកដល់ខ្ញុំក្នុងគ្រប់កាលៈទេសៈ ហើយប្រតិបត្តិតាមពាក្យទូន្មានទាំងប៉ុន្មាន ដែលខ្ញុំបានយកមកជូនបងប្អូន។
ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នក ព្រមទាំងពូជពង្សរបស់អ្នក ថ្វាយចិត្តគំនិតដល់ព្រះអង្គ ដើម្បីឲ្យអ្នកស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត។
តាមពិត ពួកលោកចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅស្ថានបរមសុខ*ឯណោះ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថា ជាព្រះរបស់បុព្វបុរសទាំងនោះឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយ សម្រាប់ពួកលោករួចទៅហើយ។
ព្រះអម្ចាស់មានព្រះបន្ទូលថា «លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស អ៊ីស្រាអែលដូចតទៅ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងទាំងប៉ុន្មាន ក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យទាំងនោះទុក នៅក្នុងចិត្តរបស់ពួកគេ យើងនឹងបានទៅជាព្រះរបស់ពួកគេ ហើយគេជាប្រជារាស្ត្ររបស់យើង។