អេសាយ 37:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសម្ដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។ ព្រះគម្ពីរខ្មែរសាកល ដោយព្រោះអ្នកខឹងនឹងយើង ហើយភាពព្រហើនរបស់អ្នកបានឡើងមកដល់ត្រចៀករបស់យើង ដូច្នេះយើងនឹងដាក់កន្លុះរបស់យើង នៅច្រមុះរបស់អ្នក ក៏នឹងដាក់បង្ខាំបង្ហៀររបស់យើងនៅមាត់របស់អ្នក ហើយធ្វើឲ្យអ្នកត្រឡប់ទៅវិញតាមផ្លូវដែលអ្នកបានមក’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះអ្នកខឹងនឹងយើងដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់អ្នក បានឮមកដល់ត្រចៀករបស់យើង នោះយើងនឹងដាក់កន្លុះរបស់យើងនៅច្រមុះអ្នក និងដែកបង្ខាំរបស់យើងនៅមាត់អ្នក ហើយយើងនឹងញាក់អ្នកឲ្យវិលត្រឡប់ទៅតាមផ្លូវដដែល ដែលអ្នកបានមកនោះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះឯងខឹងនឹងអញដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់ឯង បានឮមកដល់ត្រចៀកអញ នោះអញនឹងដាក់កន្លុះរបស់អញ នៅច្រមុះឯង នឹងដែកបង្ខាំរបស់អញនៅមាត់ឯង ហើយអញនឹងញាក់ឯងឲ្យវិលត្រឡប់ទៅតាមផ្លូវដដែលដែលឯងបានមកនោះវិញ។ អាល់គីតាប អ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសំដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។ |
មិនត្រូវឆោតល្ងង់ដូចសេះ ឬលានោះឡើយ គេដាក់ដែកបង្ខាំ និងចងបង្ហៀរ ដើម្បីញាក់វាឲ្យចុះចូល»។
ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ
សូមកុំបំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ គឺគេបានស្រែកយ៉ាងអឺងកងទាស់នឹងព្រះអង្គ ឥតឈប់ឈរឡើយ។
បច្ចាមិត្តរបស់ព្រះអង្គបាននាំគ្នា ស្រែកហ៊ោនៅក្នុងកន្លែងដ៏វិសុទ្ធ របស់ព្រះអង្គ ហើយពួកគេបានបង្ហូតទង់ជ័យ របស់ពួកគេនៅទីនោះ។
ដ្បិតខ្មាំងសត្រូវរបស់ព្រះអង្គ កំពុងតែធ្វើសកម្មភាព អស់អ្នកដែលស្អប់ព្រះអង្គ កំពុងតែនាំគ្នាបះបោរ។
ពេលព្រះអម្ចាស់បញ្ចប់កិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមរួចហើយ ព្រះអង្គនឹងដាក់ទោសស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងវាយឫកខ្ពស់
ខ្យល់ដែលចេញពីព្រះអង្គប្រៀបបាននឹង ទឹកជ្រោះ ដែលជន់ឡើងរហូតដល់ច្រមុះ។ ព្រះអង្គនឹងរែងប្រជាជាតិទាំងនោះ ឲ្យវិនាសបាត់បង់ ព្រះអង្គដាក់ដែកបង្ហៀរនៅមាត់ប្រជាជននេះ ដើម្បីនាំគេទៅកន្លែងដែលគេមិនចង់ទៅ។
មួយវិញទៀត យើងលើកទ័ពមកវាយកម្ទេចស្រុកនេះ ស្របតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គបង្គាប់ឲ្យយើងមកវាយកម្ទេចស្រុកនេះ»។
មេទ័ពរបស់ព្រះចៅសានហេរីបពោលថា៖ «សូមអស់លោកទៅទូលព្រះបាទហេសេគាដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជឱង្ការថា តើព្រះករុណាមានអ្វីបានជាមានព្រះហឫទ័យអង់អាចបែបនេះ?
«ចូរប្រាប់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដូចតទៅ “សូមកុំឲ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណាដោយអះអាងថា ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។
ស្ដេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលមកក្នុងក្រុងនេះឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវនៅស្រុកនោះ”»។
យើងនឹងឃ្លុំមាត់អ្នក យើងយកត្រីនៅតាមទន្លេមកដាក់ជាប់នឹងស្រការបស់អ្នក យើងនឹងអូសអ្នកចេញពីទន្លេ ដោយមានត្រីនៅជាប់នឹងស្រកាអ្នកផង។
អ្នករាល់គ្នាអួតបំប៉ោងពោលពាក្យព្រហើនកោងកាចដាក់យើង គឺយើងបានឮផ្ទាល់នឹងត្រចៀក។
យើងនឹងបង្ខំអ្នក យកបង្ហៀរមកដាក់ក្នុងមាត់អ្នក យើងនឹងនាំអ្នក កងទ័ពទាំងមូលរបស់អ្នក សេះ និងទ័ពសេះដែលប្រដាប់ខ្លួនយ៉ាងល្អឥតខ្ចោះ ព្រមទាំងទាហានយ៉ាងច្រើនដែលកាន់ខែលតូចធំ ហើយប្រសប់ប្រើដាវទាំងអស់គ្នា។
ព្រះជាអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ ក្នុងនាមព្រះអង្គជាព្រះដ៏វិសុទ្ធថា៖ «នៅគ្រាខាងមុខ គេនឹងដោតអ្នករាល់គ្នា ដូចដោតត្រី។
ដោយលោកពីឡាតឃើញថានិយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។
បណ្ដាជនបានស្ដាប់លោកប៉ូលមានប្រសាសន៍មកដល់ត្រឹមនេះ ក៏ស្រែកឡើងថា៖ «សូមសម្លាប់មនុស្សបែបនេះចោលទៅ កុំទុកឲ្យនៅរស់ឡើយ!»។
គាត់ក៏ដួល ហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយ សូល ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។