អូបាឌា 1:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯង អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកន្លែងខ្ពស់ៗ អ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំ ចុះទៅដីបានទេ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចិត្តអំនួតរបស់អ្នកបានបញ្ឆោតអ្នកហើយ អ្នករស់នៅតាមក្រហែងថ្ម ហើយមានទីលំនៅតាមកន្លែងខ្ពស់ៗ អ្នកគិតក្នុងចិត្តថា "តើអ្នកណាអាចទម្លាក់ខ្ញុំចុះដល់ដីបាន?" ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្នាលឯងដែលអាស្រ័យនៅក្នុងក្រហែងថ្ម ដែលមានទីលំនៅយ៉ាងខ្ពស់ ហើយក៏គិតក្នុងចិត្តថា តើអ្នកណាអាចនឹងនាំអញចុះដល់ដីបាន សេចក្ដីអំនួតនៅក្នុងចិត្តឯង បានបញ្ឆោតឯងហើយ អាល់គីតាប ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯង អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកន្លែងខ្ពស់ៗ អ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំ ចុះទៅដីបានទេ!”។ |
ព្រះបាទអម៉ាស៊ីយ៉ាបានប្រហារកងទ័ពអេដុមមួយម៉ឺននាក់នៅជ្រលងភ្នំអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្ដេចដណ្ដើមយកបានក្រុងសេឡា ដែលស្ដេចដាក់ឈ្មោះថាក្រុងយុគធាល គឺឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។
ព្រះបាទអម៉ាស៊ីយ៉ាតាំងចិត្តក្លាហាន នាំមុខកងទ័ព ឆ្ពោះទៅជ្រលងភ្នំអំបិល ហើយប្រហារទាហានអេដុម អស់មួយម៉ឺននាក់។
ទាហានយូដាចាប់បានខ្មាំងមួយម៉ឺននាក់ទៀត ហើយនាំឡើងទៅលើចំណោតថ្ម មួយ រួចច្រានទម្លាក់ចុះមក ធ្វើឲ្យពួកគេស្លាប់ទាំងអស់គ្នា។
អំនួតរបស់មនុស្សរមែងធ្វើឲ្យគេបាក់មុខ រីឯអ្នកដែលចិត្តសុភាពរាបសា តែងតែទទួលកិត្តិយស។
ពេលនោះ ជនជាតិយូដាតបវិញថា៖ «យើងបានឮគេនិយាយថាពួកម៉ូអាប់ ពូកែអួតអាងខ្លាំងណាស់ ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់ ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។
អស់អ្នកដែលរស់នៅត្រង់ដីទំនាប និងនៅត្រង់ថ្មរាបអើយ យើងប្រឆាំងនឹងអ្នករាល់គ្នាហើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គឺយើងប្រឆាំងនឹងអ្នករាល់គ្នាដែលពោលថា តើនរណាអាចចុះមកវាយពួកយើង តើនរណាអាចចូលមកក្នុងទីតាំងរបស់យើង?
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា “កុំបញ្ឆោតចិត្តខ្លួនឯង ដោយនឹកស្មានថា ពួកខាល់ដេដកទ័ពចេញពីអ្នករាល់គ្នារហូតនោះឡើយ ដ្បិតគេមិនចាកចេញទៅទេ។
ប្រជាជនស្រុកម៉ូអាប់អើយ ចូរនាំគ្នាបោះបង់ចោលទីក្រុង ហើយទៅរស់នៅតាមក្រហែងថ្ម ដូចសត្វព្រាប ធ្វើសំបុកនៅកន្លៀតថ្មតាមមាត់រូងភ្នំ!
ចិត្តអួតអាងរបស់អ្នកបញ្ឆោតខ្លួនឯង តែគ្មាននរណាខ្លាចអ្នក ដូចអ្នកនឹកស្មាននោះទេ អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកំពូលភ្នំ ប៉ុន្តែ ទោះបីអ្នកលើកទ្រនំរបស់អ្នក ឲ្យខ្ពស់ដូចទ្រនំសត្វឥន្ទ្រីក្ដី ក៏យើងនឹងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ប្រជាជនដែលបះបោរអើយ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួនអំពីជ្រលងភ្នំ របស់អ្នកដូច្នេះ? ជ្រលងភ្នំនេះជិតវិនាសអន្តរាយហើយ។ អ្នកទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួន ដោយពោលថា “តើនរណាហ៊ានមកវាយប្រហារខ្ញុំ?”។
ការរីកចម្រើននៃជំនួញរបស់អ្នក នាំឲ្យអ្នកពោរពេញដោយអំពើឃោរឃៅ និងអំពើបាប។ ហេតុនេះ យើងដេញអ្នកចុះពីភ្នំរបស់យើង ឲ្យអ្នកក្លាយទៅជាមនុស្សសាមញ្ញ។ ចេរូប៊ីនដែលជាអ្នកការពារអើយ យើងដេញអ្នកចេញពីចំណោមថ្មដ៏ភ្លឺផ្លេក។
ប្រសិនបើអេដុមពោលថា “ពួកយើងនឹងសង់ស្រុក ដែលវិនាសនេះឡើងវិញ!” ឲ្យពួកគេសង់ទៅ! យើងនឹងកម្ទេចស្រុកនោះសាជាថ្មី។ គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត” “ប្រជាជនដែលព្រះអម្ចាស់ខ្ញាល់រហូត”។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។