ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់តាមពាក្យដែលយើងសន្យានេះ»។
ហេព្រើរ 13:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្តនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។ ព្រះគម្ពីរខ្មែរសាកល ចូរមានរបៀបរស់នៅដែលប្រាសចាកពីការស្រឡាញ់លុយ ទាំងស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ដ្បិតព្រះមានបន្ទូលថា:“យើងនឹងមិនចាកចោលអ្នកសោះឡើយ យើងនឹងមិនបោះបង់អ្នកចោលជាដាច់ខាត”។ Khmer Christian Bible ចូរកុំរស់នៅដោយការស្រឡាញ់លុយឡើយ ចូរស្កប់ចិត្តនឹងអ្វីដែលមាននៅពេលនេះចុះ ដ្បិតព្រះអង្គមានបន្ទូលថា៖ «យើងមិនចាកចេញពីអ្នក ហើយក៏មិនបោះបង់អ្នកចោលជាដាច់ខាត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្ត បានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានបន្ទូលថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ» អាល់គីតាប កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្ដនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតអុលឡោះមានបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។ |
ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់តាមពាក្យដែលយើងសន្យានេះ»។
លោកឡាបាន់មានប្រសាសន៍ថា៖ «តើពុកត្រូវឲ្យអ្វីខ្លះដល់កូន?» លោកយ៉ាកុបតបថា៖ «លោកឪពុកមិនបាច់ឲ្យអ្វីមកខ្ញុំទេ គឺលោកឪពុកគ្រាន់តែស្ដាប់សេចក្ដីដែលខ្ញុំនឹងស្នើសុំនេះ ក៏ល្មមហើយ ខ្ញុំនឹងមើលថែទាំហ្វូងសត្វរបស់លោកឪពុកតទៅមុខទៀត។
លោកមានប្រសាសន៍ទៅលោកស្រីទាំងពីរថា៖ «បងសង្កេតឃើញថា ឪពុករបស់នាងមិនសូវរាប់រកបងដូចមុនទៀតឡើយ។ ក៏ប៉ុន្តែ ព្រះនៃឪពុករបស់បងបានគង់នៅជាមួយបង។
យើងនឹងស្ថិតនៅជាមួយជនជាតិអ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងឡើយ»។
សូមព្រះអម្ចាស់ជាព្រះនៃយើង គង់នៅជាមួយពួកយើង ដូចព្រះអង្គគង់នៅជាមួយបុព្វបុរសរបស់ពួកយើងដែរ! សូមព្រះអង្គកុំបោះបង់ និងបំភ្លេចពួកយើងចោលឡើយ។
ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់សម្ដេចសាឡូម៉ូនជាបុត្រថា៖ «ចូរមានកម្លាំង និងចិត្តក្លាហាន ហើយបំពេញការងារឲ្យបានសម្រេច! កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ ដ្បិតព្រះអម្ចាស់ជាព្រះរបស់បិតានឹងគង់ជាមួយបុត្រ រហូតដល់ការងារសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់បានសម្រេចចប់សព្វគ្រប់ ព្រះអង្គមិនបោះបង់ចោលបុត្រឲ្យនៅតែឯងឡើយ។
មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថព្រះអម្ចាស់។
សូមទាក់ទាញចិត្តទូលបង្គំ ឲ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ គឺមិនមែនឲ្យរកកម្រៃឡើយ!
តាំងពីខ្ញុំនៅក្មេង រហូតមកទល់ពេលខ្ញុំចាស់នេះ ខ្ញុំមិនដែលឃើញព្រះអម្ចាស់បោះបង់ចោល មនុស្សសុចរិតឡើយ ហើយក៏មិនដែលឃើញកូនចៅ របស់គេសុំទានដែរ។
ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យ នឹងការអ្វីដែលត្រឹមត្រូវ ព្រះអង្គថែរក្សា អស់អ្នកដែលជឿលើព្រះអង្គជានិច្ច ព្រះអង្គមិនបោះបង់ពួកគេឡើយ តែព្រះអង្គកាត់កាល់ពូជពង្សរបស់មនុស្ស អាក្រក់ឲ្យវិនាសសាបសូន្យ។
លោកម៉ូសេយល់ព្រមរស់នៅជាមួយលោកបូជាចារ្យ។ លោកបូជាចារ្យលើកនាងសេផូរ៉ា ជាកូនស្រី ឲ្យលោកធ្វើជាភរិយា។
កុំលោភលន់ចង់បានផ្ទះរបស់អ្នកដទៃ កុំលោភលន់ចង់បានប្រពន្ធគេ ឬក៏លោភលន់ចង់បានអ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬអ្វីផ្សេងទៀតដែលជារបស់គេឡើយ»។
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក។
ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹក តែរកពុំបានទេ គេស្រេកខះក។ យើងជាព្រះអម្ចាស់នឹងឆ្លើយតបចំពោះ ពាក្យអង្វររបស់ពួកគេ យើងជាព្រះនៃជនជាតិអ៊ីស្រាអែល នឹងមិនបោះបង់ចោលគេឡើយ។
យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ ដែលគេពុំស្គាល់ យើងនឹងដឹកដៃគេដើរតាមផ្លូវ ដែលគេពុំធ្លាប់ដើរ យើងនឹងប្ដូរភាពងងឹត ឲ្យទៅជាពន្លឺនៅមុខពួកគេ ហើយធ្វើឲ្យផ្លូវរដិបរដុប ប្រែទៅជាផ្លូវរាបស្មើ។ យើងពិតជាធ្វើដូច្នោះមែន គឺយើងនឹងសម្រេចការទាំងនោះពុំខាន។
ពួកគេទាំងអស់គ្នា ចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ គិតតែពីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ទាំងព្យាការី ទាំងបូជាចារ្យ សុទ្ធតែជាអ្នកបោកប្រាស់។
ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។
«កុំសន្សំទ្រព្យសម្បត្តិទុកសម្រាប់ខ្លួន នៅលើផែនដី ជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះឲ្យសោះ។
«ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬសម្លៀកបំពាក់សម្រាប់បិទបាំងកាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។
កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមាននៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើមានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសម្រាប់តែថ្ងៃនោះហើយ»។
ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្តអបាយមុខ ច្រណែនឈ្នានីស អំនួត និងគំនិតលេលា។
មានទាហានមកសួរលោកថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឲ្យសោះ ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។
គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាល មករួបរឹតផលផ្លែមិនឲ្យទុំឡើយ។
ចិត្តរបស់ពួកគេពោរពេញដោយគំនិតទុច្ចរិតគ្រប់យ៉ាង គំនិតអាក្រក់ គំនិតលោភលន់ គំនិតពាល ពេញទៅដោយចិត្តច្រណែនឈ្នានីស ចង់សម្លាប់គេ ឈ្លោះប្រកែក ល្បិចកិច្ចកល និងអបាយមុខ។ ពួកគេចូលចិត្តបរិហារកេរ្តិ៍គ្នា
ខ្ញុំសរសេរមកបងប្អូន ដើម្បីកុំឲ្យបងប្អូនទាក់ទងនឹងអស់អ្នកដែលមានឈ្មោះថាជាគ្រិស្តបរិស័ទ ហើយបែរជាប្រព្រឹត្តកាមគុណថោកទាប មានចិត្តលោភលន់ចង់បានទ្រព្យគេ ថ្វាយបង្គំព្រះក្លែងក្លាយ ជេរប្រមាថគេ ប្រមឹក ឬប្លន់យកទ្រព្យគេ។ មួយវិញទៀត សូមកុំបរិភោគរួមជាមួយជនប្រភេទនេះឡើយ។
ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថ ពួកប្លន់យកទ្រព្យគេ ពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កឡើយ។
គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។
ដោយបងប្អូនជាប្រជាជនដ៏វិសុទ្ធ* មិនត្រូវឲ្យមានឮនិយាយអំពីការប្រាសចាកសីលធម៌ អបាយមុខគ្រប់យ៉ាង ឬការលោភលន់ក្នុងចំណោមបងប្អូនសោះឡើយ
ចូរដឹងឲ្យច្បាស់ថា អ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្តអំពើអបាយមុខ និងអ្នកលោភលន់ដែលយកទ្រព្យសម្បត្តិធ្វើជាព្រះ មិនអាចទទួលមត៌កក្នុងព្រះរាជ្យ*របស់ព្រះគ្រិស្ត និងរបស់ព្រះជាម្ចាស់បានជាដាច់ខាត។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខពួកគេឲ្យសោះ ដ្បិតព្រះអម្ចាស់ផ្ទាល់ ជាព្រះរបស់អ្នក នឹងយាងទៅជាមួយអ្នក។ ព្រះអង្គមិនបោះបង់ចោលអ្នកជាដាច់ខាត!»។
ព្រះអម្ចាស់ផ្ទាល់នឹងយាងនៅមុខអ្នក ព្រះអង្គគង់នៅជាមួយអ្នក ហើយព្រះអង្គមិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះ កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ»។
ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនបោះបង់ចោលអ្នកឡើយ ហើយព្រះអង្គក៏មិនបំផ្លាញអ្នកដែរ។ ព្រះអង្គនឹកឃើញសម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់អ្នកជានិច្ច»។
ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាព្រះ។
មិនចំណូលស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្តសប្បុរស មិនចេះរករឿង មិនស្រឡាញ់ប្រាក់ឡើយ។
ជារៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសេដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។
ក្នុងជយភណ្ឌខ្ញុំប្របាទបានឃើញអាវធំមួយយ៉ាងល្អប្រណីត ធ្វើនៅស្រុកស៊ីណើរ ហើយឃើញប្រាក់សុទ្ធទម្ងន់ប្រមាណហុកសិបតម្លឹង និងមាសមួយដុំទម្ងន់ប្រមាណដប់ប្រាំតម្លឹង។ ដោយខ្ញុំប្របាទចង់បានពេក ខ្ញុំប្របាទក៏យករបស់ទាំងនោះ។ ឥឡូវនេះ ខ្ញុំប្របាទកប់ទុកនៅក្នុងតង់ត៍របស់ខ្ញុំប្របាទ ដោយដាក់ប្រាក់នៅក្រោមគេបង្អស់»។
គេគិតតែពីរំពៃមើលស្រីៗដោយចិត្តស្រើបស្រាល និងប្រព្រឹត្តអំពើបាបមិនចេះស្កប់ឡើយ។ ពួកគេតែងទាក់ទាញចិត្តអស់អ្នកដែលមានជំនឿទន់ខ្សោយ ហើយពួកគេពូកែខាងលោភលន់ចង់បានប្រាក់។ អ្នកទាំងនោះសុទ្ធតែជាមនុស្សត្រូវបណ្ដាសា!។
ពួកគេនឹងបោកប្រាស់បងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្តែ ព្រះអង្គបានកាត់ទោសពួកគេ តាំងពីយូរយារណាស់មកហើយ ហើយព្រះអង្គឥតប្រហែសនឹងបំផ្លាញគេឡើយ
អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនឲ្យវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។
កាលណាលោកឃើញទីសម្គាល់ទាំងនោះកើតមាន កិច្ចការទាំងប៉ុន្មានដែលលោកយល់ថាត្រូវធ្វើ សូមធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់ជាមួយលោកហើយ។
ដោយយល់ដល់ព្រះនាមដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ព្រះអម្ចាស់មិនបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គទេ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។