ដោយព្រះអង្គទតឃើញមនុស្សទុគ៌ត ត្រូវគេជិះជាន់ និងឮសម្រែករបស់ជនក្រីក្រដែលរងទុក្ខលំបាក ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងត្រូវតែក្រោកឡើង យើងមកសង្គ្រោះអស់អ្នកដែលត្រូវគេ មើលងាយបន្ទាបបន្ថោក»។
សេផានា 3:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ចូរចាំយើងសិន! ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយ យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង ទៅលើពួកគេ ដូចភ្លើងឆាបឆេះ ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ ផែនដីទាំងមូល -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ចូររង់ចាំយើង គឺរង់ចាំថ្ងៃដែលយើងក្រោកឡើងសង្គ្រុបលើគេ។ ដ្បិតយើងសម្រេចនឹងប្រមូលអស់ទាំងសាសន៍ ដើម្បីប្រជុំអស់ទាំងនគរ ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើង គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់យើងទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នារង់ចាំ ដរាបដល់ថ្ងៃដែលអញក្រោកឡើងសង្គ្រុបលើគេ ពីព្រោះអញបានគិតសំរេច នឹងប្រមូលអស់ទាំងសាសន៍ ដើម្បីនឹងភ្ជុំនគរទាំងប៉ុន្មាន ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញ គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់អញទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ។ អាល់គីតាប ហេតុនេះ ចូរចាំយើងសិន! ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយ យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង ទៅលើពួកគេ ដូចភ្លើងឆាបឆេះ ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ ផែនដីទាំងមូល -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ដោយព្រះអង្គទតឃើញមនុស្សទុគ៌ត ត្រូវគេជិះជាន់ និងឮសម្រែករបស់ជនក្រីក្រដែលរងទុក្ខលំបាក ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងត្រូវតែក្រោកឡើង យើងមកសង្គ្រោះអស់អ្នកដែលត្រូវគេ មើលងាយបន្ទាបបន្ថោក»។
យើងខ្ញុំក៏សម្លឹងមើលព្រះជាអម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្ដោស ដូចអ្នកបម្រើសម្លឹងមើលទៅដៃម្ចាស់របស់ខ្លួន និងដូចស្ត្រីបម្រើសម្លឹងមើលទៅដៃម្ចាស់ស្រី របស់ខ្លួនយ៉ាងនោះដែរ។
ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង! ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ចុះ!។
ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅ នោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើង ឲ្យគ្រប់គ្រងទឹកដីជាមត៌ក ហើយអ្នកនឹងឃើញមនុស្សអាក្រក់ ត្រូវកាត់កាល់ចោល។
ចូរស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយទុកចិត្តលើព្រះអង្គទៅ មិនត្រូវចងកំហឹងនឹងអ្នក ដែលបានចម្រុងចម្រើននោះឡើយ ហើយក៏មិនត្រូវចងកំហឹងនឹងមនុស្ស ដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
មានតែនៅក្បែរព្រះជាម្ចាស់ទេ ដែលចិត្តខ្ញុំបានស្ងប់ ព្រោះព្រះអង្គសង្គ្រោះខ្ញុំ។
ពិតមែនហើយ មានតែនៅក្បែរព្រះជាម្ចាស់ទេ ដែលចិត្តខ្ញុំបានស្ងប់ ដ្បិតព្រះអង្គជាទីសង្ឃឹមរបស់ខ្ញុំ។
ព្រះអម្ចាស់អើយ តើព្រះអង្គទ្រង់ព្រះពិរោធ នឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា? តើព្រះអង្គនៅតែមានព្រះហឫទ័យ ក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត?
គួរតែព្រះអង្គជះព្រះពិរោធ ទៅលើប្រជាជាតិដែលពុំស្គាល់ព្រះអង្គ និងនគរនានាដែលមិនគោរពបម្រើព្រះនាម ព្រះអង្គនោះវិញ។
កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ តែត្រូវផ្ញើជីវិតលើព្រះអម្ចាស់ នោះព្រះអង្គនឹងសង្គ្រោះអ្នក។
សូមចារឹករូបអូនក្នុងដួងចិត្តរបស់បង ដើម្បីកុំឲ្យភ្លេចឡើយ ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំងដូច សេចក្ដីស្លាប់ សេចក្ដីស្នេហាប្រៀបដូចស្ថានមនុស្សស្លាប់ សេចក្ដីស្នេហានេះឆាបឆេះ ដូចភ្លើងរបស់ព្រះអម្ចាស់។
នេះជាការដែលព្រះអង្គបានសម្រេចធ្វើ ចំពោះផែនដីទាំងមូល ព្រះអង្គនឹងលាតព្រះហស្ដប្រហារ ប្រជាជាតិទាំងអស់។
ប៉ុន្តែ ព្រះអម្ចាស់រង់ចាំពេលដែលព្រះអង្គ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ព្រះអង្គនឹងក្រោកឡើង ដើម្បីបង្ហាញ ព្រះហឫទ័យអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតព្រះអម្ចាស់ជាព្រះដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើព្រះអង្គ ប្រាកដជាមានសុភមង្គលពុំខាន។
ព្រះអម្ចាស់ទាស់ព្រះហឫទ័យនឹង ប្រជាជាតិទាំងអស់ ព្រះអង្គព្រះពិរោធនឹងកងទ័ពទាំងប៉ុន្មាន របស់ពួកគេ។ ព្រះអង្គបំផ្លាញពួកគេថ្វាយផ្ដាច់ដល់ព្រះអង្គ ព្រះអង្គបញ្ជូនពួកគេទៅឲ្យខ្មាំង សម្លាប់រង្គាល។
យើងជាន់កម្ទេចជាតិសាសន៍ទាំងឡាយ មកពីយើងខឹងយ៉ាងខ្លាំង យើងដាក់ទោសគេយ៉ាងសែនវេទនា យើងនឹងបង្ហូរឈាមរបស់គេនៅលើផែនដី។
សូមបំបែរព្រះពិរោធរបស់ព្រះអង្គ ទៅលើប្រជាជាតិនានាដែលពុំស្គាល់ព្រះអង្គ ទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើ ព្រះនាមរបស់ព្រះអង្គ! ដ្បិតពួកគេបានលេបបំបាត់ពូជពង្ស របស់លោកយ៉ាកុប ពួកគេបំបាត់ពូជសាសន៍នេះ ព្រមទាំងបំផ្លាញទឹកដីឲ្យទៅជា ទីស្មសានទៀតផង។
យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យមកជួបជុំគ្នានៅជ្រលងភ្នំយេហូសាផាត ។ នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេ ព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះ អ៊ីស្រាអែល ជាប្រជារាស្ត្រ និងជាចំណែកមត៌ករបស់យើង ដោយកម្ចាត់កម្ចាយឲ្យទៅនៅក្នុងចំណោម ជាតិសាសន៍ទាំងឡាយ។ យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេ យកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។
រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅព្រះអម្ចាស់ ខ្ញុំសង្ឃឹមលើព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់ខ្ញុំ ព្រះរបស់ខ្ញុំមុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។
និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាង នៅគ្រាដែលបានកំណត់ទុក គឺនឹងមានព្រឹត្តិការណ៍កើតឡើង ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះ ឥតខុសត្រង់ណាឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមាន ជាក់ជាមិនខាន។
នៅថ្ងៃព្រះអម្ចាស់ខ្ញាល់យ៉ាងខ្លាំង ប្រាក់ ឬមាសពុំអាចរំដោះពួកគេទេ។ ផែនដីទាំងមូលនឹងត្រូវរលាយ ដោយសារភ្លើងនៃព្រះពិរោធ។ ពេលព្រះអង្គលុបបំបាត់មនុស្សទាំងអស់ពីផែនដី ជាពេលមួយដ៏គួរឲ្យព្រឺខ្លាចបំផុត។
យើងនឹងទម្លាក់ស្ដេចរបស់នគរទាំងឡាយ យើងនឹងកម្ទេចកម្លាំងរបស់ប្រជាជាតិនានា។ យើងនឹងរំលំរទេះចម្បាំង ព្រមទាំងអស់អ្នកដែលបររទេះនោះ។ យើងនឹងផ្ដួលសេះ ព្រមទាំងអ្នកជិះ បងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។
ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខលោក លោកនឹងញែកគេចេញពីគ្នា ដូចគង្វាលញែកចៀមចេញពីពពែ
ថ្ងៃដែលព្រះអម្ចាស់យាងមកប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដី ដែរ។
ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារ បន្លឺទៅកាន់ទេវតាទាំងប្រាំពីរថា៖ «ចូរនាំគ្នាទៅ ហើយយកពែងទាំងប្រាំពីរនៃព្រះពិរោធរបស់ព្រះជាម្ចាស់ចាក់លើផែនដីទៅ!»។
គឺជាវិញ្ញាណរបស់ពួកអារក្ស។ វាសម្តែងទីសម្គាល់ផ្សេងៗ និងចេញទៅប្រមូលស្ដេចនៅលើផែនដីទាំងមូលឲ្យធ្វើសឹកសង្គ្រាម នៅថ្ងៃដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់