អូនជាប្រភពទឹក ហូរស្រោចស្រពសួនឧទ្យាន អូនជាអណ្ដូងផ្ដល់ទឹករស់ និងជាទឹកជ្រោះដែលហូរចុះពីភ្នំលីបង់។
សាការី 14:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ នឹងមានទឹកផ្ដល់ជីវិត ហូរចេញពីក្រុងយេរូសាឡឹម មួយផ្នែកហូរចាក់ទៅសមុទ្រខាងកើត មួយផ្នែកទៀតហូរទៅសមុទ្រខាងលិច រដូវប្រាំងក៏ដូចជារដូវវស្សាដែរ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីយេរូសាឡិម ពាក់កណ្ដាលនៃទឹកនោះនឹងហូរទៅសមុទ្រនៅទិសខាងកើត ហើយពាក់កណ្ដាលទៀតនឹងហូរទៅសមុទ្រនៅទិសខាងលិច វានឹងបានដូច្នោះទាំងក្នុងរដូវក្ដៅ និងក្នុងរដូវរងា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡិម ពាក់កណ្ដាលនឹងហូរទៅសមុទ្រនៅទិសខាងកើត ហើយពាក់កណ្ដាលនឹងហូរទៅសមុទ្រនៅទិសខាងលិច ទោះជារដូវក្តៅ ក៏ដូចរដូវរងា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡិមទៅ ពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងកើត ហើយពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងលិច ទោះទាំងរដូវក្តៅនឹងរដូវរងា ក៏នឹងមានដូច្នោះដែរ។ អាល់គីតាប នៅថ្ងៃនោះ នឹងមានទឹកផ្ដល់ជីវិត ហូរចេញពីក្រុងយេរូសាឡឹម មួយផ្នែកហូរចាក់ទៅសមុទ្រខាងកើត មួយផ្នែកទៀតហូរទៅសមុទ្រខាងលិច រដូវប្រាំង ក៏ដូចជារដូវវស្សាដែរ។ |
អូនជាប្រភពទឹក ហូរស្រោចស្រពសួនឧទ្យាន អូនជាអណ្ដូងផ្ដល់ទឹករស់ និងជាទឹកជ្រោះដែលហូរចុះពីភ្នំលីបង់។
ដីបែកក្រហែងនឹងក្លាយទៅជាបឹងបួរ ស្រុកដែលធ្លាប់តែរីងស្ងួត បែរជាមានប្រភពទឹកផុសឡើងជាច្រើន នៅតាមរូងចចក បែរជាមានដើមត្រែង និងដើមកក់ដុះវិញ។
ពួកគេលែងស្រេកឃ្លានទៀតហើយ ខ្យល់ក្ដៅ និងព្រះអាទិត្យ មិនធ្វើទុក្ខគេទេ ដ្បិតព្រះដែលមានព្រះហឫទ័យ មេត្តាករុណាចំពោះគេ ទ្រង់នាំផ្លូវគេ ព្រះអង្គដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក ។
ព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ច ទោះបីអ្នកដើរនៅក្នុងវាលហួតហែងក្ដី ក៏ព្រះអង្គប្រទានអាហារដ៏បរិបូណ៌ឲ្យអ្នក និងប្រទានឲ្យអ្នកមានកម្លាំងមាំមួន។ អ្នកនឹងប្រៀបដូចជាសួនច្បារ ដែលសម្បូណ៌ទៅដោយទឹក ឬដូចជាប្រភពទឹកដែលមិនចេះរីង។
យើងបណ្ដេញខ្មាំងសត្រូវដែលមកពីស្រុក ខាងជើងឲ្យចេញឆ្ងាយពីអ្នករាល់គ្នា យើងនឹងកម្ចាត់ពួកគេឲ្យទៅនៅ វាលរហោស្ថានដ៏ស្ងួតហួតហែង។ យើងនឹងបោះជួរទ័ពរបស់គេដែលនៅខាងមុខ ទៅក្នុងសមុទ្រខាងកើត ហើយជួរទ័ពដែលនៅខាងក្រោយ ទៅក្នុងសមុទ្រខាងលិច។ សាកសពរបស់ពួកគេនឹងចោលក្លិនអសោច ក្លិនគំរង់របស់ពួកគេក៏សាយឡើងដែរ ដ្បិតពួកគេបានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃបំផុត»។
នៅគ្រានោះ នឹងមានចម្ការទំពាំងបាយជូរ ពាសពេញភ្នំ ផ្ដល់ទឹកទំពាំងបាយជូរដ៏ហូរហៀរ។ នៅតាមភ្នំតូចៗក៏មានហ្វូងសត្វយ៉ាងច្រើន ដែលផ្ដល់ទឹកដោះដ៏ហូរហៀរដែរ។ ទឹកនឹងហូរសាជាថ្មី នៅតាមជ្រោះទាំងប៉ុន្មាន ក្នុងស្រុកយូដា។ មានប្រភពទឹកមួយហូរចេញ ពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅស្រោចស្រពជ្រលងភ្នំស៊ីទីម។
ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះរបស់ លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
នៅថ្ងៃនោះ ព្រះអង្គដាក់ព្រះបាទា លើភ្នំដើមអូលីវ ដែលនៅទល់មុខនឹង ក្រុងយេរូសាឡឹម គឺនៅខាងកើតទីក្រុង។ ភ្នំដើមអូលីវនឹងត្រូវប្រេះជាពីរ ចំពាក់កណ្ដាល ពីទិសខាងកើតទៅទិសខាងលិច ហើយក្លាយទៅជាជ្រលងភ្នំមួយយ៉ាងធំ។ ចំហៀងភ្នំម្ខាងកម្រើកទៅខាងជើង ម្ខាងទៀតទៅទិសខាងត្បូង។
អ្នករាល់គ្នាត្រូវប្រកាសក្នុងព្រះនាមព្រះអង្គ ឲ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្តគំនិត ដើម្បីឲ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូសាឡឹមតទៅ។
ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្តិច” នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងឲ្យទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត» ។
រីឯអ្នកដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។
ដ្បិតយូរៗម្ដង មានទេវតា*មួយរូបចុះមកធ្វើឲ្យទឹកស្រះកម្រើក អ្នកណាចុះទៅក្នុងទឹកកម្រើកបានមុនគេ អ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។
អ្នកណាជឿលើខ្ញុំ នឹងមានទន្លេបង្ហូរទឹកផ្ដល់ជីវិតចេញពីអ្នកនោះមក ដូចមានចែងទុកក្នុងគម្ពីរមកស្រាប់»។
ព្រះវិញ្ញាណ និងភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមព្រះអង្គយាងមក!»។ សូមឲ្យអស់អ្នកដែលបានឮពោលឡើងដែរថា៖ «សូមព្រះអង្គយាងមក!»។ អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមកទទួលទឹកដែលផ្ដល់ជីវិត ដោយមិនបាច់បង់ថ្លៃ!។