លោកុប្បត្តិ 40:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏សួរមហាតលិកទាំងពីររបស់ស្ដេចផារ៉ោន ដែលនៅជាប់ឃុំឃាំងជាមួយលោក ក្នុងពន្ធនាគារម្ចាស់របស់លោកថា៖ «ថ្ងៃនេះ ហេតុដូចម្ដេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។ ព្រះគម្ពីរខ្មែរសាកល គាត់ក៏សួរពួកមន្ត្រីរបស់ផារ៉ោនដែលនៅជាមួយគាត់ក្នុងទីឃុំឃាំង គឺនៅក្នុងផ្ទះរបស់ម្ចាស់គាត់ថា៖ “ថ្ងៃនេះ ហេតុអ្វីបានជាទឹកមុខពួកលោកស្រងូតស្រងាត់ដូច្នេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏សួរមហាតលិកទាំងពីររបស់ផារ៉ោន ដែលជាប់ឃុំឃាំងជាមួយគ្នានៅក្នុងគុកចៅហ្វាយរបស់លោកថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏សួរដល់មេរបស់ផារ៉ោនទាំង២នោះ ដែលជាប់ឃុំជាមួយគ្នានៅក្នុងគុករបស់ចៅហ្វាយគាត់ថា ថ្ងៃនេះ ហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ អាល់គីតាប យូសុះក៏សួរមហាតលឹកទាំងពីររបស់ស្តេចហ្វៀរ៉អ៊ូន ដែលនៅជាប់ឃុំឃាំងជាមួយគាត់ ក្នុងពន្ធនាគារថា៖ «ថ្ងៃនេះ ហេតុដូចម្តេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។ |
លោកយ៉ូណាដាប់សួរសម្ដេចអាំណូនថា៖ «ព្រះអង្គម្ចាស់ ហេតុអ្វីក៏មានទឹកមុខស្រងូតជារៀងរាល់ព្រឹកដូច្នេះ? សូមប្រាប់ឲ្យខ្ញុំដឹងផងបានឬទេ?»។ សម្ដេចអាំណូនឆ្លើយថា៖ «ខ្ញុំមានចិត្តប្រតិព័ទ្ធលើរូបព្រះនាងតាម៉ារ ជាប្អូនរបស់សម្ដេចអាប់សាឡុម ប្អូនរបស់ខ្ញុំ»។
ព្រះចៅអធិរាជសួរខ្ញុំថា៖ «លោកគ្មានជំងឺទាល់តែសោះ ហេតុអ្វីបានជាលោកមានទឹកមុខក្រៀមក្រំបែបនេះ តើលោកពិបាកចិត្តរឿងអ្វី?»។ ពេលនោះ ខ្ញុំភ័យខ្លាចជាខ្លាំង។
ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។
លោកមីកាឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាលួចយកព្រះទាំងឡាយដែលខ្ញុំបានធ្វើ ថែមទាំងនាំបូជាចារ្យរបស់ខ្ញុំមកផង គឺគ្មានទុកអ្វីឲ្យនៅសល់សោះ ហើយអ្នករាល់គ្នាហ៊ានសួរខ្ញុំថាមានការអ្វីទៀតឬ?»។
ពេលនោះ លោកអែលកាណាជាប្ដី សួរទៅនាងថា៖ «ហាណាអើយ ហេតុអ្វីបានជានាងយំ? ហេតុអ្វីបានជានាងមិនបរិភោគដូច្នេះ? ហេតុអ្វីបានជានាងព្រួយចិត្ត? ឬមួយខ្ញុំគ្មានតម្លៃស្មើនឹងកូនដប់នាក់ទេឬ?»។