Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លោកុ‌ប្បត្តិ 40 - អាល់គីតាប


ណាពី​យូសុះ​កាត់​សប្តិ​ឲ្យ​អ្នក​ទោស​ពីរ​នាក់

1 ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ មាន​មន្ត្រី​ពីរ​នាក់​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ស្តេច​អេស៊ីប ជា​ចៅ‌ហ្វាយ​របស់​ខ្លួន។ ម្នាក់​ជា​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា និង​ម្នាក់​ទៀត​មាន​នា​ទី​ជូន​នំបុ័ង។

2 ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​ខឹង​នឹង​មហា‌តលឹក​ទាំង​ពីរ គឺ​មហា‌តលឹក​ជូន​ស្រា និង​មហា‌តលឹក​ជូន​នំបុ័ង​នោះ ជា​ខ្លាំង។

3 ស្តេច​ក៏​បញ្ជា​ឲ្យ​យក​អ្នក​ទាំង​ពីរ​ទៅ​ឃុំ​ឃាំង នៅ​ក្នុង​ផ្ទះ​របស់​មេ​បញ្ជា​ការ​កង​រក្សា​ស្តេច គឺ​ក្នុង​ពន្ធនាគារ​ដែល​គេ​ឃុំ​ឃាំង​យូសុះ។

4 មេ​បញ្ជា​ការ​ប្រគល់​អ្នក​ទាំង​ពីរ​ឲ្យ​យូសុះ​មើល​ខុស​ត្រូវ។ ក្រោយ​ពី​បាន​ជាប់​ឃុំ​ឃាំង​មួយ​រយៈ​មក

5 មាន​យប់​មួយ អ្នក​ទាំង​ពីរ គឺ​មហា‌តលឹក​ជូន​ស្រា និង​មហា‌តលឹក​ជូន​នំបុ័ង​ដែល​ជាប់​ឃុំ​ឃាំង​នោះ បាន​យល់​សប្តិ​រៀងៗ​ខ្លួន តែ​មាន​អត្ថន័យ​ប្លែកៗ​ពី​គ្នា។

6 ព្រលឹម​ឡើង យូសុះ​បាន​មក​ជួប​អ្នក​ទាំង​ពីរ ឃើញ​គេ​ស្រងូត​ស្រងាត់

7 យូសុះ​ក៏​សួរ​មហា‌តលឹក​ទាំង​ពីរ​របស់​ស្តេច​ហ្វៀរ៉អ៊ូន ដែល​នៅ​ជាប់​ឃុំ​ឃាំង​ជា​មួយ​គាត់ ក្នុង​ពន្ធនាគារ​ថា៖ «ថ្ងៃ​នេះ ហេតុ​ដូច​ម្តេច​បាន​ជា​អស់​លោក​មាន​ទឹក​មុខ​ស្រងូត​ម៉្លេះ?»។

8 គេ​តប​មក​វិញ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​នរណា​អាច​ជួយ​កាត់​សប្តិ​នេះ​បាន​ទេ»។ យូសុះ​និយាយ​ថា៖ «មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ទើប​អាច​កាត់​សប្តិ​បាន! សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​មក»។

9 មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា​ស្តេច បាន​រៀប​រាប់​ប្រាប់​យូសុះ អំពី​សុបិន​របស់​គាត់​ដូច​តទៅ៖ «ខ្ញុំ​យល់​សប្តិ​ឃើញ​ដើម​ទំពំាង​បាយ​ជូរ​មួយ​ដើម នៅ​ពី​មុខ​ខ្ញុំ។

10 ដើម​ទំពំាង​បាយ​ជូរ​នោះ​មាន​មែក​បី មាន​ពន្លក​លេច​ចេញ​មក ផ្កា​វា​ក៏​លាស់​ចេញ​មក​ដែរ ហើយ​មាន​ផ្លែ​ទុំ​ផង។

11 ពេល​នោះ ខ្ញុំ​កាន់​ពែង​របស់​ស្តេច​ហ្វៀរ៉អ៊ូន​នៅ​ដៃ ខ្ញុំ​ក៏​បេះ​ផ្លែ​ទំពំាង​បាយ​ជូរ​មក​ច្របាច់​ដាក់​ក្នុង​ពែង រួច​ជូន​ពែង​នោះ ទៅ​ស្តេច​ហ្វៀរ៉អ៊ូន»។

12 យូសុះ​និយាយ​ទៅ​គាត់​ថា៖ «សុបិន​របស់​អ្នក​មាន​ន័យ​ដូច​តទៅ​នេះ: មែក​ទាំង​បី គឺ​បី​ថ្ងៃ។

13 បី​ថ្ងៃ​ទៀត ស្តេច​ហ្វៀរ៉អ៊ូន​នឹង​លើក​កិត្តិយស​អ្នក​ឡើង ហើយ​តែង​តាំង​អ្នក ឲ្យ​បំពេញ​មុខ​ងារ​របស់​អ្នក​ឡើង​វិញ គឺ​អ្នក​នឹង​ជូន​ពែង​ស្រា​ទៅ​ស្តេច ដូច​អ្នក​ធ្លាប់​ធ្វើ​កាល​ពី​មុន។

14 ក៏​ប៉ុន្តែ ពេល​អ្នក​បាន​សុខ​ស្រួល​វិញ ហើយ​សូម​មេត្តា​កុំ​ភ្លេច​ខ្ញុំ ដែល​ធ្លាប់​នៅ​ជា​មួយ​អ្នក សូម​មេត្តា​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ឲ្យ​បាន​ជ្រាប​ពី​រឿង​ខ្ញុំ ហើយ​យក​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​នេះ​ផង

15 ដ្បិត​គេ​បាន​ចាប់​ខ្ញុំ​ពី​ស្រុក​ហេប្រឺ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស គួរ​ឲ្យ​គេ​យក​មក​ឃុំ​ឃាំង​ដូច្នេះ​ឡើយ»។

16 មហា‌តលឹក​ដែល​មាន​នាទី​ជូន​នំបុ័ង ឃើញ​យូសុះ​កាត់​សប្តិ​ឲ្យ​មហា‌តលឹក​ម្នាក់​ទៀត​ល្អ គួរ​ឲ្យ​ពេញ​ចិត្ត គាត់​ក៏​ពោល​ទៅ​កាន់​យូសុះ​ថា៖ «រីឯ​ខ្ញុំ​វិញ ក្នុង​សប្តិ​នោះ ខ្ញុំ​ឃើញ​នំ​បី​កញ្ច្រែង​នៅ​លើ​ក្បាល​របស់​ខ្ញុំ។

17 នៅ​ក្នុង​កញ្ច្រែង​ខាង​លើ​បង្អស់ មាន​នំ​គ្រប់​មុខ​ដែល​ស្តេច​ហ្វៀរ៉អ៊ូន​ធ្លាប់​បរិភោគ។ ក៏​ប៉ុន្តែ មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង​លើ​ក្បាល​ខ្ញុំ​នោះ​អស់​ទៅ»។

18 យូសុះ​តប​វិញ​ថា៖ «សុបិន​របស់​អ្នក​មាន​ន័យ​ដូច​តទៅ កញ្ច្រែង​ទាំង​បី គឺ​បី​ថ្ងៃ។

19 នៅ​បី​ថ្ងៃ​ទៀត​ស្តេច​ហ្វៀរ៉អ៊ូន​នឹង​យក​ក្បាល​អ្នក​ចេញ​ពី​ខ្លួន គេ​យក​អ្នក​ទៅ​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​សាច់​របស់​អ្នក»។

20 បី​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​បុណ្យ​ចំរើន​អាយុ​ស្តេច​ហ្វៀរ៉អ៊ូន ស្តេច​បាន​ជប់​លៀង​ក្រុម​មន្ត្រី​របស់​ស្តេច។ ពេល​នោះ ស្តេច​បាន​ឲ្យ​គេ​ដោះ​លែង​មហា‌តលឹក​ទាំង​ពីរ​នៅ​មុខ​មន្ត្រី​ទាំង​អស់។

21 ស្តេច​បាន​តែង​តាំង​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា ឲ្យ​បំពេញ​មុខ​ងារ​របស់​ខ្លួន​ឡើង​វិញ។

22 ប៉ុន្តែ ស្តេច​បញ្ជា​ឲ្យ​គេ​យក​មហា‌តលឹក​ជូន​នំបុ័ង​ទៅ​ព្យួរ ក ស្រប​តាម​ពាក្យ​ដែល​យូសុះ​បក​ស្រាយ​ប្រាប់។

23 រីឯ​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា មិន​បាន​នឹក​នា​ដល់​យូសុះ​ទេ គាត់​ភ្លេច​សូន្យ​ឈឹង។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម