ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 12:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ ដែល​នៅ​ខាង​កើត​បេត‌អែល លោក​បោះ​ជំរំ​នៅ​ចន្លោះ​បេត‌អែល ដែល​នៅ​ខាង​លិច និង​ក្រុង​អៃ ដែល​នៅ​ខាង​កើត។ លោក​បាន​សង់​អាសនៈ​មួយ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ហើយ​គោរព​បម្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​រើចេញ​ពី​ទីនោះ​ទៅ​តំបន់ភ្នំ​នៅ​ខាងកើត​បេត-អែល រួច​ដំឡើង​រោង​របស់គាត់​នៅ​ខាងលិច​បេត-អែល និង​ខាងកើត​អៃ​។ នៅ​ទីនោះ គាត់​សង់​អាសនា​មួយ​ទៀត​ដល់​ព្រះយេហូវ៉ា ហើយ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ចេញ​ពី​ទី​នោះ ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត​បេត-អែល រួច​ក៏​បោះ​ជំរំ​នៅ​ចន្លោះ​បេត-អែល ដែល​នៅ​ខាង​លិច និងក្រុង​អៃយ​ដែល​នៅ​ខាង​កើត។ លោក​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ចេញ​ពី​ទី​នោះ​ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត​បេត-អែល ក៏​ដំឡើង​ត្រសាល​នៅ​ឯ​ណោះ មាន​បេត-អែល​នៅ​ជា​ខាង​លិច នឹង​អៃយ​នៅ​ខាង​កើត ហើយ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ រួច​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក គាត់​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ ដែល​នៅ​ខាង​កើត​បេតអែល គាត់​បោះ​ជំរំ​នៅ​ចន្លោះ​បេតអែល ដែល​នៅ​ខាង​លិច និង​ក្រុង​អៃ ដែល​នៅ​ខាង​កើត។ គាត់​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ហើយ​គោរព​បម្រើ​នាមអុលឡោះ‌តាអាឡា។

សូមមើលជំពូក



លោកុ‌ប្បត្តិ 12:8
33 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាប់រ៉ាម​រើ​ជំរំ​មក​បោះ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ ជិត​ក្រុង​ហេ‌ប្រុន។ នៅ​ទី​នោះ លោក​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់។


លោក​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ដំណាក់ ពី​តំបន់​ណេកិប​រហូត​ទៅ​ដល់​បេត‌អែល ជា​កន្លែង​ដែល​លោក​ធ្លាប់​បោះ​ជំរំ​កាល​ពី​ដំបូង នៅ​ចន្លោះ​បេត‌អែល និង​ក្រុង​អៃ


គឺ​នៅ​កន្លែង​ដែល​លោក​បាន​សង់​អាសនៈ​មួយ​កាល​ពី​មុន។ លោក​ក៏​គោរព​បម្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់​នៅ​ទី​នោះ។


លោក​អប្រាហាំ​បាន​ដាំ​ដើម​អំពិល​មួយ​ដើម​នៅ​បៀរ‌សេបា ហើយ​លោក​គោរព​បម្រើ​ព្រះ​ដ៏​គង់​នៅ​អស់‌កល្ប​ជានិច្ច ដោយ​ហៅ​ព្រះ‌នាម​ព្រះអង្គ​ថា ព្រះ‌អម្ចាស់។


លុះ​មក​ដល់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ប្រាប់ លោក​អប្រាហាំ​សង់​អាសនៈ​មួយ ហើយ​យក​អុស​មក​គរ​ពី​លើ រួច​លោក​ចង​អ៊ីសាក ជា​កូន យក​ទៅ​ដាក់​ពី​លើ​គំនរ​អុស​នៅ​លើ​អាសនៈ​នោះ។


លោក​អ៊ីសាក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​គោរព​បម្រើ​ព្រះអង្គ ដោយ​ហៅ​ព្រះ‌នាម​ព្រះអង្គ​ថា​ព្រះ‌អម្ចាស់។ លោក​បាន​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​អ្នក​បម្រើ​របស់​លោក​ក៏​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​នៅ​ទី​នោះ​ដែរ។


លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា«បេត‌អែល» ។ ប៉ុន្តែ កាល​ពី​ដើម គេ​ហៅ​កន្លែង​នោះ​ថា «លូស»។


លោក​ឡាបាន់​បាន​តាម​លោក​យ៉ាកុប​ទាន់។ លោក​យ៉ាកុប​បោះ​ជំរំ​នៅ​លើ​ភ្នំ រីឯ​លោក​ឡាបាន់​វិញ លោក​ក៏​បោះ​ជំរំ​ជា​មួយ​បងប្អូន​លោក នៅ​លើ​ភ្នំ​កាឡាដ​ដែរ។


លោក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ដែល​លោក​ដាក់​ឈ្មោះ​ថា «ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​អ៊ីស្រា‌អែល» ។


យើង​នឹង​រៀបចំ​ខ្លួន​ឡើង​ទៅ​បេត‌អែល។ នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​បាន​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ នៅ​ថ្ងៃ​ខ្ញុំ​មាន​អាសន្ន ហើយ​ព្រះអង្គ​ក៏​បាន​គង់​ជា​មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ដែរ»។


លោក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ព្រះ​នៃ​បេត‌អែល” ព្រោះ​នៅ​កន្លែង​នោះ​ហើយ​ដែល​ព្រះ‌ជាម្ចាស់​បាន​យាង​មក​ឲ្យ​លោក​ឃើញ នៅ​ពេល​លោក​រត់​គេច​ចេញ​ពី​បង​របស់​លោក។


លោក​សេថ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា អេណុស។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ដោយ​ហៅ​ព្រះអង្គ​ថា «ព្រះ‌អម្ចាស់»។


លោក​ណូអេ​បាន​សង់​អាសនៈ*​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​បាន​យក​សត្វ​ខ្លះ​ពី​ក្នុង​ចំណោម​សត្វ​បរិសុទ្ធ​គ្រប់​ប្រភេទ និង​ពី​ក្នុង​ចំណោម​សត្វ​ស្លាប​បរិសុទ្ធ​គ្រប់​ប្រភេទ មក​ដុត​ទាំង​មូល​ថ្វាយ​ជា​យញ្ញ‌បូជា​នៅ​លើ​អាសនៈ។


កូន​ចៅ​បេន‌យ៉ាមីន​តាំង​ទី​លំ‌នៅ​នៅ​កេបា មីគ‌ម៉ាស់ អៃ បេត‌អែល និង​ស្រុក​ភូមិ​ជុំ‌វិញ


ពេល​នោះ ខ្ញុំ​បាន​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា៖ ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​សង្គ្រោះ​ជីវិត​ទូលបង្គំ​ផង!


ពេល​នោះ លោក​ម៉ូសេ​សង់​អាសនៈ​មួយ រួច​ដាក់​ឈ្មោះ​ថា «ព្រះ‌អម្ចាស់​ជា​ទង់​ជ័យ​របស់​ខ្ញុំ»។


កង‌ទ័ព​របស់​ខ្មាំង​បាន​ចូល​ទៅ​ដល់​ក្រុង​អៃយ៉ាត ពួក​គេ​ឆ្លង​កាត់​ក្រុង​មីក‌រ៉ូន ហើយ​ទុក​របស់​របរ​នៅ​ក្រុង​មីគ‌ម៉ាស។


ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ។ នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម អ្នក​ខ្លះ​នឹង​គេច​ផុត​ពី​មហន្ត‌រាយ ដូច​ព្រះ‌អម្ចាស់​បាន​សន្យា​ទុក។ អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ត្រាស់​ហៅ នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រួច​ជីវិត​ទាំង​នោះ។


ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ” »។


សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​កូរិនថូស។ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​ដ៏វិសុទ្ធ* ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​បាន​វិសុទ្ធ ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ រួម​ជា​មួយ​បងប្អូន​ទាំង​អស់​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​ព្រះ‌អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​របស់​បងប្អូន​ទាំង​នោះ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។


ដោយ‌សារ​ជំនឿ លោក​បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ គឺ​លោក​បាន​បោះ​ជំរំ​នៅ​ជា​មួយ​លោក​អ៊ីសាក និង​លោក​យ៉ាកុប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​លោក តាម​ព្រះ‌បន្ទូល​សន្យា​ដដែល។


បេត-‌អារ៉ា‌បា សេម៉ា‌រ៉ែម បេត‌អែល


កាល​ពួក​គេ​មក​ដល់​ក្បែរ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​ដ៏​ធំ​ស្កឹម‌ស្កៃ នៅ​មាត់​ទន្លេ​យ័រដាន់។


លោក​យ៉ូស្វេ​បាន​ចាត់​អ្នក​ខ្លះ​ពី​ក្រុង​យេរីខូ​ឲ្យ​ទៅ​ក្រុង​អៃ ដែល​នៅ​ជិត​បេត‌អាវេន នៅ​ខាង​កើត​បេត‌អែល ទាំង​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ឡើង​ទៅ​ស៊ើប‌ការណ៍​នៅ​ស្រុក​នោះ»។ ពួក​គេ​ក៏​ឡើង​ទៅ​ស៊ើប‌ការណ៍​នៅ​ក្រុង​អៃ។


លោក​យ៉ូស្វេ​យក​ទ័ព​ប្រមាណ​ប្រាំ​ពាន់​នាក់​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។


នៅ​ក្នុង​ក្រុង​អៃ និង​ក្រុង​បេត‌អែល គ្មាន​សេស‌សល់​ទាហាន​ណា​ម្នាក់​ទេ គឺ​ពួក​គេ​បាន​ចេញ​ទៅ​ដេញ​តាម​ទ័ព​អ៊ីស្រា‌អែល ដោយ​ទុក​ទីក្រុង​ចោល ឥត​មាន​នរណា​ការពារ។


លោក​យ៉ូស្វេ​នាំ​កង‌ទ័ព​ទាំង​មូល​ឆ្ពោះ​ទៅ​ក្រុង​អៃ​ជា​ប្រញាប់។ លោក​ជ្រើស​រើស​ពល​ទាហាន​ដ៏​អង់‌អាច​បី​ម៉ឺន​នាក់ ហើយ​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ទាំង​យប់។


លោក​យ៉ូស្វេ​សង់​អាសនៈ​ថ្វាយ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​លើ​ភ្នំ​អេបាល


លោក​យ៉ូស្វេ​ចាត់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង​អៃ គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។ យប់​នោះ លោក​យ៉ូស្វេ​សម្រាន្ដ​ជា​មួយ​ប្រជា‌ជន។


លោក​គេឌាន​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​នោះ ហើយ​ដាក់​ឈ្មោះ​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត»។ អាសនៈ​នេះ​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ នា​ភូមិ​អូប្រា ជា​ភូមិ​របស់​អំបូរ​អបៀ‌ស៊ើរ។


លោក​បាន​ផ្ញើ​ជំនូន​ទាំង​នោះ​ទៅ​ជូន​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៅ​បេត‌អែល ព្រឹទ្ធា‌ចារ្យ​នៅ​រ៉ា‌ម៉ូត ក្នុង​តំបន់​ណេកិប ព្រឹទ្ធា‌ចារ្យ​នៅ​យ៉ា‌ទៀរ