កុំសងសឹកឲ្យសោះ ហើយក៏មិនត្រូវចងគំនុំនឹងជនរួមឈាមរបស់អ្នកដែរ។ ចូរស្រឡាញ់អ្នកដទៃឲ្យបានដូចស្រឡាញ់ខ្លួនឯង។ យើងជាព្រះអម្ចាស់។
មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍អ្នកឡើយ គឺត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនអ្នកវិញ យើងនេះជាព្រះយេហូវ៉ា។
មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍ឯងឡើយ គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ អញនេះជាព្រះយេហូវ៉ា។
កុំសងសឹកឲ្យសោះ ហើយក៏មិនត្រូវចងគំនុំនឹងជនរួមឈាមរបស់អ្នកដែរ។ ចូរស្រឡាញ់អ្នកដទៃឲ្យបានដូចស្រឡាញ់ខ្លួនឯង។ យើងជាអុលឡោះតាអាឡា។
លោកឡាម៉េកនិយាយទៅកាន់ភរិយាទាំងពីរថា៖ «អដា និងស៊ីឡាអើយ ចូរស្ដាប់សម្ដីខ្ញុំ! ភរិយារបស់ឡាម៉េកអើយ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំនិយាយ! ខ្ញុំបានសម្លាប់មនុស្សម្នាក់ ព្រោះតែគេធ្វើឲ្យខ្ញុំមានមុខរបួសមួយ ហើយខ្ញុំបានសម្លាប់ក្មេងម្នាក់ ព្រោះតែស្នាមជាំមួយ។
សម្ដេចអាប់សាឡុមមិននិយាយរកសម្ដេចអាំណូន សូម្បីមួយម៉ាត់សោះឡើយ ព្រោះទ្រង់ស្អប់សម្ដេចអាំណូន ដែលបានចាប់រំលោភព្រះនាងតាម៉ារជាប្អូនស្រី។
សម្ដេចអាប់សាឡុមបានបញ្ជាទៅពួកអ្នកបម្រើថា៖ «ចូរឃ្លាំមើលសម្ដេចអាំណូនឲ្យជាប់ ពេលណាសម្ដេចអាំណូនសោយស្រាស្រវឹង ហើយពេលណាយើងបង្គាប់ថា “ចូរប្រហារអាំណូន!” នោះចូរសម្លាប់គេចោលទៅ! កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងជាអ្នកទទួលខុសត្រូវ។ ចូរតាំងចិត្តអង់អាចក្លាហានឡើង!»។
ព្រះអង្គមិនបន្ទោសជានិច្ចជាកាលទេ ហើយព្រះអង្គក៏មិនព្រះពិរោធរហូតដែរ។
កុំធ្វើសាក្សីក្លែងក្លាយ ដែលនាំឲ្យអ្នកដទៃមានទោស។
កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ តែត្រូវផ្ញើជីវិតលើព្រះអម្ចាស់ នោះព្រះអង្គនឹងសង្គ្រោះអ្នក។
ចូរប្រព្រឹត្តចំពោះជនបរទេសដែលស្នាក់នៅជាមួយអ្នករាល់គ្នា ដូចប្រព្រឹត្តចំពោះអ្នកដែលជាម្ចាស់ស្រុកដែរ។ ត្រូវស្រឡាញ់ជនបរទេសនោះឲ្យបានដូចស្រឡាញ់ខ្លួនអ្នក ដ្បិតអ្នករាល់គ្នាក៏ធ្លាប់រស់ជាជនបរទេស នៅស្រុកអេស៊ីបដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច?»។
ចូរគោរពមាតាបិតា ចូរស្រឡាញ់បងប្អូនឯទៀតៗឲ្យដូចស្រឡាញ់ខ្លួនឯងដែរ»។
ខ្ញុំឲ្យបទបញ្ជាថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
ប៉ុន្តែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី យើងទាំងអស់គ្នានៅឯនេះទេ!»។
កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ ត្រូវគិតតែពីប្រព្រឹត្តអំពើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។
បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកឲ្យព្រះជាម្ចាស់សម្តែងព្រះពិរោធចំពោះគេវិញ ដ្បិតមានចែងទុកមកថា: «ព្រះអម្ចាស់មានព្រះបន្ទូលថា “ការសងសឹកស្រេចតែលើយើង គឺយើងទេតើដែលនឹងតបទៅគេ”។
ដ្បិតលោកទាំងនោះជាអ្នកបម្រើព្រះជាម្ចាស់ ដើម្បីជំរុញអ្នកឲ្យប្រព្រឹត្តល្អ។ ផ្ទុយទៅវិញ បើអ្នកប្រព្រឹត្តអំពើអាក្រក់ ចូរខ្លាចទៅ ដ្បិតអាជ្ញាធរមិនមែនកាន់អំណាច ជាអសាឥតការទេ គឺគេជាអ្នកបម្រើព្រះជាម្ចាស់ ដើម្បីធ្វើទណ្ឌកម្ម ដាក់ទោស អ្នកដែលប្រព្រឹត្តអំពើអាក្រក់។
ព្រោះមានសេចក្ដីចែងទុកមកថា «កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំមានចិត្តលោភលន់» ព្រមទាំងមានបទបញ្ជាឯទៀតដែលសរុបមកក្នុងពាក្យតែមួយនេះថា: «ចូរស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» ។
ដ្បិតក្រឹត្យវិន័យទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» ។
ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នា ច្រណែនគ្នា កំហឹងឃោរឃៅ ប្រកួតប្រជែងគ្នា ប្រឆាំងគ្នា ប្រកាន់បក្សពួក
សូមបងប្អូនកម្ចាត់ចិត្តជូរចត់ ចិត្តក្ដៅក្រហាយ កំហឹង សម្រែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។
នៅខាងក្រៅផ្ទះ ពួកគេស្លាប់ដោយមុខដាវ ខាងក្នុង ពួកគេស្លាប់ដោយភ័យញាប់ញ័រ។ សេចក្ដីស្លាប់កើតមានដល់ពួកគេគ្រប់គ្នា ទាំងកំលោះ ទាំងក្រមុំ ទាំងទារកនៅបៅ ទាំងចាស់សក់ស្កូវ។
ការសងសឹកស្រេចតែលើយើង យើងនឹងតបទៅពួកគេវិញ នៅពេលពួកគេជំពប់ដួល! ដ្បិតថ្ងៃវេទនាជិតមកដល់ហើយ ថ្ងៃអន្សារបស់ពួកគេនៅជិតបង្កើយ។
តែឥឡូវនេះ សូមបងប្អូនបោះបង់កំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ ពាក្យទ្រគោះបោះបោកដែលចេញពីមាត់របស់បងប្អូនចោលទៅ។
ដ្បិតយើងស្គាល់ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា«ការសងសឹកស្រេចតែនៅលើយើង គឺយើងទេតើដែលនឹងតបស្នងដល់គេ» ហើយ «ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គ» ។
ប្រសិនបើបងប្អូនប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះរាជ្យ ស្របតាមគម្ពីរ ពោលគឺ«ត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» នោះបងប្អូនពិតជាបានសម្រេចកិច្ចការមួយដ៏ល្អប្រសើរហើយ។
ហេតុនេះ ចូរបងប្អូនលះបង់ការអាក្រក់គ្រប់យ៉ាង លះបង់ល្បិចកិច្ចកលទាំងប៉ុន្មាន ការលាក់ពុត ចិត្តច្រណែនឈ្នានីស និងការនិយាយដើមគេគ្រប់យ៉ាងនោះចោលទៅ!
យើងបានទទួលបទបញ្ជានេះពីព្រះអង្គថា «អ្នកណាស្រឡាញ់ព្រះជាម្ចាស់ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនដែរ»។