យ៉ូហាន 18:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក គេបណ្ដើរព្រះយេស៊ូចេញពីដំណាក់លោកកៃផា ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះ ភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លង*មិនបាន ។ ព្រះគម្ពីរខ្មែរសាកល ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។ Khmer Christian Bible បន្ទាប់មក នៅព្រលឹមស្រាងៗ ពួកគេក៏នាំព្រះយេស៊ូចេញពីផ្ទះលោកកៃផាទៅបន្ទាយទ័ព ប៉ុន្ដែពួកគេមិនបានចូលទៅក្នុងបន្ទាយទ័ពទេ ក្រែងលោធ្វើឲ្យពួកគេមិនបរិសុទ្ធ ហើយមិនអាចបរិភោគនៅថ្ងៃបុណ្យរំលងបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេនាំព្រះយេស៊ូវពីដំណាក់លោកកៃផា ទៅឯបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងបន្ទាយនោះទេ ក្រែងគេត្រូវសៅហ្មង ហើយមិនអាចបរិភោគបុណ្យរំលងបាន ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនាំព្រះយេស៊ូវ ពីលោកកៃផា ទៅក្នុងសាលាជំនុំ ពេលនោះព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងសាលាទេ ក្រែងគេត្រូវសៅហ្មង នឹងបរិភោគបុណ្យរំលងមិនបាន អាល់គីតាប បន្ទាប់មក គេបណ្ដើរអ៊ីសាចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យរំលងមិនបាន។ |
អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ
នៅថ្ងៃទីដប់បួននៃខែទីមួយ អ្នករាល់គ្នាត្រូវប្រារព្ធធ្វើពិធីបុណ្យចម្លង*។ បុណ្យនេះមានរយៈពេលប្រាំពីរថ្ងៃ ហើយក្នុងអំឡុងពេលនោះ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ។
អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិត ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល លុះព្រឹកឡើងប្រើអំណាចរបស់ខ្លួន សម្រេចតាមគម្រោងការនេះ មុខជាត្រូវវេទនាពុំខាន!
ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នាក្នុងកងនោះមកចោមរោមព្រះអង្គ។
លុះព្រឹកឡើង ពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន ពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ជួបជុំគ្នា បង្គាប់ឲ្យគេនាំព្រះយេស៊ូចូលមកឈរនៅខាងមុខក្រុមប្រឹក្សាជាន់ខ្ពស់*របស់គេ។
ពេលនោះ ជិតដល់ថ្ងៃបុណ្យចម្លង*របស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើននាំគ្នាឡើងទៅក្រុងយេរូសាឡឹម មុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ*។
គេនាំព្រះអង្គទៅជួបលោកអាណមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផា ដែលកាន់តំណែងជាមហាបូជាចារ្យនៅឆ្នាំនោះ
លោកស៊ីម៉ូនពេត្រុសដើរតាមព្រះយេស៊ូជាមួយសិស្ស*ម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សិស្សម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូ ទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ*។
លោកពីឡាតចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូមកសួរថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាមែនឬ?»។
តាមទំនៀមទម្លាប់របស់អ្នករាល់គ្នា ខ្ញុំត្រូវដោះលែងអ្នកទោសម្នាក់ក្នុងឱកាសបុណ្យចម្លង*។ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចយូដាឬទេ?»។
ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោក មានបាប*ធ្ងន់ជាងលោកទៅទៀត»។
ពេលនោះជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។
លោកចូលទៅក្នុងបន្ទាយវិញ សួរព្រះយេស៊ូថា៖ «អ្នកមកពីណា?»។ ព្រះយេស៊ូពុំបានឆ្លើយតបទៅលោកវិញសោះ។
លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេ វិន័យ*របស់សាសនាយូដាហាមមិនឲ្យសាសន៍យូដាទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់បានបង្ហាញខ្ញុំឲ្យដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថាជាមនុស្សដែលវិន័យហាមឃាត់មិនឲ្យទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។
ឥឡូវនេះ ចូរចាត់គេឲ្យទៅហៅបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុស នៅក្រុងយ៉ុបប៉េមក។ គាត់ស្នាក់នៅផ្ទះរបស់លោកស៊ីម៉ូនជាអ្នកសម្លាប់ស្បែក ផ្ទះនោះស្ថិតនៅមាត់សមុទ្រ”។
ព្រះរបស់លោកអប្រាហាំ របស់លោកអ៊ីសាក និងរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ព្រះអង្គបានប្រទានសិរីរុងរឿងមកព្រះយេស៊ូ ជាអ្នកបម្រើព្រះអង្គ។ បងប្អូនបានចាប់បញ្ជូនព្រះយេស៊ូទៅឲ្យគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់ព្រះអង្គ នៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងព្រះអង្គទៀតផង។
ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត បានរួមគ្នាប្រឆាំងនឹងព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក ទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ត្រអ៊ីស្រាអែលសមគំនិតផង។
ចូរយកចៀម និងគោ ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក ក្នុងឱកាសបុណ្យចម្លង នៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ។