យ៉ូស្វេ 9:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលតបទៅជនជាតិហេវីទាំងនេះថា៖ «អ្នករាល់គ្នាប្រហែលជារស់នៅក្នុងចំណោមពួកយើងទេមើលទៅ! តើឲ្យយើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នាដូចម្ដេចបាន?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ពួកអ៊ីស្រាអែលឆ្លើយតបទៅពួកសាសន៍ហេវីនោះថា៖ «ក្រែងអ្នករាល់គ្នានៅក្នុងស្រុកយើងនេះដែរទេដឹង ដូច្នេះ តើឲ្យយើងអាចតាំងសញ្ញាជាមួយអ្នករាល់គ្នាដូចម្ដេចបាន?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកអ៊ីស្រាអែលឆ្លើយនឹងពួកសាសន៍ហេវីនោះថា ក្រែងអ្នករាល់គ្នានៅក្នុងស្រុកយើងនេះដែរទេដឹង ដូច្នេះ ធ្វើដូចម្តេចឲ្យយើងតាំងសញ្ញានឹងអ្នករាល់គ្នាបាន អាល់គីតាប ជនជាតិអ៊ីស្រអែលតបទៅជនជាតិហេវីទាំងនេះថា៖ «អ្នករាល់គ្នាប្រហែលជារស់នៅក្នុងចំណោមពួកយើងទេមើលទៅ! តើឲ្យយើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ដូចម្តេចបាន?»។ |
ពេលនោះ ស៊ីគែមជាកូនរបស់លោកហាម៉ោរ សាសន៍ហេវី ដែលជាមេកន្ទ្រាញនៅស្រុកនោះ បានឃើញនាង ហើយក៏ចាប់នាងរំលោភ។
ពួកគេនាំគ្នាបន្តដំណើរទៅដល់បន្ទាយក្រុងទីរ៉ុស និងក្រុងនានារបស់ជនជាតិហេវី និងជនជាតិកាណាន រួចតម្រង់ទៅក្រុងបៀរសេបា ដែលនៅប៉ែកខាងត្បូងស្រុកយូដា។
ប្រសិនបើអ្នកស្ដាប់បង្គាប់ទេវតា ហើយប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងសត្រូវរបស់អ្នក ហើយយើងក៏ធ្វើជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នកដែរ។
ដូច្នេះ យើងចុះមក ដើម្បីរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អ ធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
ចូរប្រយ័ត្ន មិនត្រូវចងសម្ពន្ធមិត្តជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ក្នុងចំណោមអ្នក។
ចូរបណ្ដេញប្រជាជនដែលរស់នៅក្នុងស្រុកនោះឲ្យអស់ពីស្រុក ហើយបំផ្លាញរូបព្រះរបស់ពួកគេដែលធ្វើពីថ្ម និងរូបធ្វើពីលង្ហិន ព្រមទាំងកម្ទេចទីសក្ការៈរបស់ពួកគេ នៅតាមទួលខ្ពស់ៗផង។
រីឯក្រុងរបស់ជាតិសាសន៍ទាំងឡាយដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្ដាប់ដៃអ្នក ជាកេរមត៌ក អ្នកមិនត្រូវទុកជីវិតឲ្យនរណាម្នាក់សោះឡើយ
គ្មានក្រុងណាមួយសុំសន្តិភាពពីជនជាតិអ៊ីស្រាអែលទេ លើកលែងតែជនជាតិហេវី ដែលរស់នៅក្រុងគីបៀនប៉ុណ្ណោះ។ រីឯក្រុងដទៃទៀត ជនជាតិអ៊ីស្រាអែលយកបាន ដោយប្រើកម្លាំងអាវុធទាំងអស់។
កាលស្ដេចទាំងប៉ុន្មានដែលនៅត្រើយខាងលិចទន្លេយ័រដាន់ គឺនៅតំបន់ភ្នំ នៅតំបន់វាលទំនាប នៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៅតំបន់ភ្នំលីបង់ គឺស្ដេចរបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជ្រាបពីជោគជ័យរបស់ជនជាតិអ៊ីស្រាអែល
រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំងឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្ដាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ?
ប្រជាជាតិទាំងនោះមានដូចតទៅ: ជនជាតិភីលីស្ទីនទាំងប្រាំនគរ ជនជាតិកាណានទាំងអស់ ជនជាតិស៊ីដូន និងជនជាតិហេវី ដែលរស់នៅតាមតំបន់ភ្នំលីបង់ ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន រហូតដល់ហាម៉ាត់។