យ៉ូប 38:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាដែលយើងបង្កបង្កើតផែនដី នោះតើអ្នកនៅឯណា? ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ ចូរថ្លែងមកចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើឯងនៅឯណាក្នុងកាលដែលយើង ចាប់ផ្ដើមបង្កបង្កើតផែនដី? ចូរប្រាប់យើងមក បើឯងដឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង ចូរប្រាប់មក បើឯងមានយោបល់ អាល់គីតាប នៅគ្រាដែលយើងបង្កបង្កើតផែនដី នោះតើអ្នកនៅឯណា? ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ ចូរថ្លែងមកចុះ។ |
នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះជាម្ចាស់បានបង្កើតមក។ ពេលព្រះជាអម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី
តើនរណាប្រគល់អំណាចឲ្យព្រះអង្គ គ្រប់គ្រងផែនដី? តើនរណាប្រគល់ពិភពលោកទាំងមូល មកឲ្យព្រះអង្គកាន់កាប់?
ព្រះអង្គបានបង្កើតផែនដី តាំងពីយូរលង់ណាស់មកហើយ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដ របស់ព្រះអង្គដែរ។
ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ រីឯព្រះអង្គវិញ ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ ដូចសម្លៀកបំពាក់ ព្រះអង្គនឹងផ្លាស់វាដូចផ្លាស់សម្លៀកបំពាក់ ហើយវានឹងបាត់សូន្យទៅ។
ព្រះអម្ចាស់បានបង្កើតផែនដី ដោយសារព្រះប្រាជ្ញាញាណ ហើយព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយសារព្រះតម្រិះរបស់ព្រះអង្គ។
តើមាននរណាបានឡើងទៅស្ថានបរមសុខ រួចចុះមកវិញ? តើមាននរណាក្ដាប់ខ្យល់ក្នុងបាតដៃរបស់ខ្លួន? តើមាននរណាខ្ចប់ទឹកដាក់ក្នុងអាវរបស់ខ្លួន? តើមាននរណាបានកម្រិតព្រំផែនដី? អ្នកនោះឈ្មោះអ្វី? កូនរបស់គាត់ឈ្មោះអ្វី? បើអ្នកដឹង សូមប្រាប់ខ្ញុំផង!
ព្រះអម្ចាស់បានបង្កើតខ្ញុំតាំងពីដើមដំបូងបង្អស់ គឺមុនអ្វីៗដែលព្រះអង្គបង្កើតមកទៅទៀត។
តើព្រះអង្គសុំនរណាឲ្យធ្វើជាទីប្រឹក្សា ដើម្បីថ្វាយយោបល់ព្រះអង្គ? តើនរណាបង្រៀនព្រះអង្គអំពីមាគ៌ាដ៏សុចរិត? តើនរណាបង្រៀនព្រះអង្គឲ្យស្គាល់ប្រាជ្ញា ហើយណែនាំព្រះអង្គឲ្យស្គាល់មាគ៌ា នៃបញ្ញាឈ្លាសវៃ?
រីឯព្រះអម្ចាស់វិញ ព្រះអង្គបានសូនផែនដី ដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានបង្កើតពិភពលោក ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយព្រះតម្រិះរបស់ព្រះអង្គ។
មើល៍! ព្រះដែលបានសូនភ្នំ និងបង្កើតខ្យល់ ព្រះដែលបង្ហាញឲ្យមនុស្សស្គាល់ ព្រះហឫទ័យរបស់ព្រះអង្គ ព្រះដែលធ្វើឲ្យពន្លឺថ្ងៃរះប្រែជាងងឹត ព្រះដែលយាងនៅតាមទីខ្ពស់ៗនៃផែនដី ព្រះអង្គមាននាមថាព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។
ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្កើតផែនដី តាំងពីដើមដំបូងមកម៉្លេះ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ ព្រះអង្គដែរ។
គ្រានេះជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើងតាមរយៈព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឲ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ។
ព្រះអង្គលើកមនុស្សកម្សត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជសម្បត្តិដ៏រុងរឿង ដ្បិតព្រះអម្ចាស់បានតែងតាំងគ្រឹះនៃផែនដី ហើយព្រះអង្គដាក់ពិភពលោក នៅលើគ្រឹះនេះ។