យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដូចបុព្វបុរសរបស់យើងខ្ញុំ យើងខ្ញុំបានប្រព្រឹត្តខុស និងប្រព្រឹត្តអំពើអាក្រក់!
យេរេមា 3:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីអាម៉ាស់ធ្វើឲ្យយើងខ្ញុំងើបមុខមិនរួច ការបាក់មុខគ្របសង្កត់លើយើងខ្ញុំ។ តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ បានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ យើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀង របស់ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំឡើយ”»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គួរឲ្យយើងរាល់គ្នាដេក ក្នុងសេចក្ដីខ្មាសរបស់យើង ហើយឲ្យសេចក្ដីអាប់ឱនគ្រប់ដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង និងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរឲ្យយើងរាល់គ្នាដេកចុះ ក្នុងសេចក្ដីខ្មាសរបស់យើង ហើយឲ្យសេចក្ដីអាប់ឱនគ្របដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង នឹងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាផង។ អាល់គីតាប សេចក្ដីអាម៉ាស់ធ្វើឲ្យយើងខ្ញុំងើបមុខមិនរួច ការបាក់មុខគ្របសង្កត់លើយើងខ្ញុំ។ តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ បានប្រព្រឹត្តអំពើបាបទាស់នឹងអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ យើងខ្ញុំពុំបានស្ដាប់បន្ទូល របស់អុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំឡើយ”»។ |
យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដូចបុព្វបុរសរបស់យើងខ្ញុំ យើងខ្ញុំបានប្រព្រឹត្តខុស និងប្រព្រឹត្តអំពើអាក្រក់!
កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ ពុំបានយល់អំពីការអស្ចារ្យរបស់ព្រះអង្គទេ ពួកគេបំភ្លេចកិច្ចការជាច្រើន ដែលព្រះអង្គបានធ្វើចំពោះពួកគេ ដោយព្រះហឫទ័យមេត្តាករុណា ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ នៅក្បែរសមុទ្រកក់។
សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់ នៅជាប់ជាមួយពួកគេរហូតតទៅ!
អ្នកដែលមិនទទួលការអប់រំរមែងធ្លាក់ខ្លួនក្រ ហើយត្រូវគេមើលងាយ រីឯអ្នកដែលសុខចិត្តទទួលការស្ដីប្រដៅ តែងតែមានកិត្តិយស។
ហេតុអ្វីបានជាខ្ញុំមិនស្ដាប់ពាក្យសម្ដីគ្រូ ហើយក៏មិនផ្ទៀងត្រចៀកស្ដាប់អ្នកបង្រៀនខ្ញុំដូច្នេះ!។
អ្នកមិនព្រមចង់ដឹង ចង់ឮ ហើយតាំងពីដើមមក អ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយ យើងស្គាល់អ្នកច្បាស់ណាស់ថា អ្នកជាមនុស្សដែលមិនអាចទុកចិត្តបាន គេហៅអ្នកថាជាមេបះបោរ តាំងពីក្នុងផ្ទៃម្ដាយមក។
រីឯអ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ហើយដុតព្រួញភ្លើង អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល ឆេះយ៉ាងសន្ធោសន្ធៅ ព្រួញភ្លើងដែលអ្នករាល់គ្នាដុត ក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។ យើងដាក់ទោសអ្នករាល់គ្នា ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នា នឹងត្រូវស្លាប់យ៉ាងសែនវេទនា។
យូដាអើយ អ្នកមានព្រះច្រើនដូចចំនួនក្រុង! យេរូសាឡឹមអើយ អ្នកមានអាសនៈសម្រាប់សែនព្រះបាលដ៏គួរឲ្យអាម៉ាស់ ច្រើនដូចចំនួនផ្លូវ!»។
ពួកគេសាបព្រោះស្រូវ លុះដល់ពេលច្រូត គេទទួលបានតែបន្លា គេខំប្រឹងប្រែងធ្វើការ ដោយឥតបានទទួលផលអ្វីឡើយ។ អ្នករាល់គ្នានឹងត្រូវខ្មាស ដោយសារផលនៃចម្រូត ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង!
ឱព្រះអម្ចាស់អើយ យើងខ្ញុំសូមសារភាពថា យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ហើយដូនតារបស់យើងខ្ញុំក៏បានប្រព្រឹត្ត អំពើទុច្ចរិតដែរ។ យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹង ព្រះហឫទ័យរបស់ព្រះអង្គ។
ឱព្រះអម្ចាស់អើយ យើងខ្ញុំមានកំហុសធ្ងន់ណាស់ សូមអាណិតមេត្តាដល់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ! យើងខ្ញុំបានក្បត់ព្រះអង្គជាច្រើនដង យើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។
អ្នកជួបទុក្ខវេទនាបែបនេះ មកពីអ្នកបោះបង់ ព្រះអម្ចាស់ជាព្រះរបស់អ្នក ក្នុងពេលដែលព្រះអង្គកំពុងដឹកនាំអ្នក។
ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់ និងការមិនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ នៃពិភពទាំងមូល។
ចូរទៅស្រែកប្រកាសប្រាប់ អ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: «យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នក កាលអ្នកទើបនឹងពេញក្រមុំ ហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នក ពេលទើបនឹងរៀបការ គឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថាន ជាកន្លែងដែលគ្មានអ្វីដុះ។
ជនជាតិអ៊ីស្រាអែល ទាំងស្ដេច ទាំងនាម៉ឺន ទាំងបូជាចារ្យ ទាំងព្យាការី នឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់ ក្នុងពេលកំពុងតែលួច។
ហេតុអ្វីបានជាទូលបង្គំចេញពីផ្ទៃម្ដាយ ដើម្បីឃើញតែទុក្ខវេទនា និងការឈឺចាប់ ហើយត្រូវអាម៉ាស់អស់មួយជីវិតដូច្នេះ?
ពេលស្រុកសុខសាន្ត យើងបាននិយាយជាមួយអ្នក តែអ្នកមិនព្រមស្ដាប់ទេ។ អ្នកតែងប្រកាន់ឫកពាដូច្នេះតាំងពីក្មេងមក គឺអ្នកមិនព្រមស្ដាប់យើងឡើយ។
ចូរទទួលស្គាល់កំហុសរបស់ខ្លួន តែប៉ុណ្ណោះបានហើយ គឺនាងបានបះបោរប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់នាង នាងបានរត់ទៅរកព្រះដទៃគ្រប់ទីកន្លែង គឺនៅក្រោមដើមឈើណាដែលមានស្លឹកខៀវខ្ចី ហើយនាងពុំបានស្ដាប់សំឡេងយើងទេ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទូលបង្គំវិលមកវិញ ទាំងនឹកស្ដាយកំហុស។ ពេលដឹងខ្លួនខុសទូលបង្គំក៏គក់ទ្រូង នឹកស្ដាយ ហើយអៀនខ្មាស។ ទូលបង្គំបាក់មុខ ព្រោះតែអំពើដែលទូលបង្គំ ប្រព្រឹត្តកាលនៅពីក្មេង”។
ប្រជាជនរបស់យើងអើយ ចូរស្លៀកបាវ ហើយអង្គុយក្នុងផេះ រួចនាំគ្នាកាន់ទុក្ខ ដូចគេកាន់ទុក្ខ កូនតែមួយគត់ដែលស្លាប់នោះទៅ! ចូរនាំគ្នាយំសោកសង្រេងយ៉ាងខ្លាំងទៅ ដ្បិតមេបំផ្លាញមកវាយប្រហារអ្នករាល់គ្នា ពុំឲ្យដឹងខ្លួនជាមុនឡើយ!
តាមពិត មិនមែនយើងទេដែលឈឺចិត្ត គឺពួកគេវិញឯណោះដែលឈឺចិត្ត ព្រោះត្រូវអាម៉ាស់មុខ!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
«ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះ ចូរប្រមែប្រមូលគ្នាមក ពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំ ហើយសម្ងំចាំស្លាប់នៅទីនោះ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើង ធ្វើឲ្យយើងវិនាស ព្រះអង្គឲ្យយើងផឹកទឹកដែលមានពិសពុល ព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹង ព្រះហឫទ័យរបស់ព្រះអង្គ។
ស្រីទាំងនោះត្រូវប្រញាប់យំរៀបរាប់ ស្រណោះយើងទាំងអស់គ្នា សូមឲ្យទឹកភ្នែករបស់យើងទាំងអស់គ្នា ហូរដូចទឹកទន្លេ។
យើងខ្ញុំបាត់បង់កិត្តិយស យើងខ្ញុំត្រូវវេទនា ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប!
ដូនតារបស់យើងខ្ញុំបានប្រព្រឹត្តអំពើបាបមែន តែពួកគេស្លាប់អស់ហើយ គឺយើងខ្ញុំទេដែលរងទុក្ខទោស ព្រោះតែកំហុសដែលដូនតាបានប្រព្រឹត្ត។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! យើងចាត់អ្នកឲ្យទៅរកជនជាតិអ៊ីស្រាអែល គឺទៅរកប្រជាជាតិដែលបះបោរប្រឆាំងនឹងយើង។ ពួកគេបះបោរប្រឆាំងនឹងយើងរហូតដល់សព្វថ្ងៃ ដូចដូនតារបស់ពួកគេដែរ។
តោងដឹងថា យើងធ្វើដូច្នេះមិនមែនមកពីយល់ដល់អ្នករាល់គ្នាទេ! ពូជពង្សអ៊ីស្រាអែលអើយ ចូរនឹកខ្មាស និងអៀនខ្លួនចំពោះកិរិយាមារយាទរបស់ខ្លួនទៅ!” - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។
ពួកគេពុំអាចចូលមកជិតយើង ដើម្បីបំពេញមុខងារជាបូជាចារ្យបានទេ ពួកគេក៏មិនអាចចូលមកក្នុងទីសក្ការៈ ឬទីសក្ការៈបំផុតរបស់យើងបានដែរ។ ពួកគេត្រូវទទួលផលវិបាក ព្រោះតែអំពើដ៏អាម៉ាស់ និងអំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត។
ពួកគេស្លៀកបាវកាន់ទុក្ខ ទាំងភ័យញ័ររន្ធត់ ពួកគេបាក់មុខ ហើយកោរសក់ទាំងអស់គ្នា។
មានមនុស្សជាច្រើនដែលស្ថិតនៅក្នុងផ្នូរនឹងរស់ឡើងវិញ អ្នកខ្លះនឹងទទួលជីវិតអស់កល្បជានិច្ច អ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខ ព្រមទាំងរងទុក្ខទោសអស់កល្បជានិច្ចផង។
«ពីដើម យើងឃើញអ៊ីស្រាអែល ដូចជាផ្លែទំពាំងបាយជូរនៅវាលរហោស្ថាន យើងបានឃើញដូនតារបស់អ្នករាល់គ្នា ដូចជាផ្លែដំបូងរបស់ដើមឧទុម្ពរ។ ពួកគេទៅដល់បាល-ពេអ៊រ ហើយនាំគ្នាគោរពបម្រើព្រះដ៏គម្រក់ ពួកគេក្លាយទៅជាជនគួរស្អប់ខ្ពើម ដូចព្រះក្លែងក្លាយជាទីស្រឡាញ់របស់ខ្លួន។
ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកវេទនា ពួកគេនឹងដើរដូចមនុស្សខ្វាក់ ដ្បិតពួកគេប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ ឈាមរបស់ពួកគេនឹងខ្ចាយ ទៅគ្រប់ទីកន្លែងដូចធូលីដី សាកសពរបស់ពួកគេប្រៀបបាននឹងសំរាម។
កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់!
រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំងឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្ដាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ?