យេរេមា 10:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបំបែរព្រះពិរោធរបស់ព្រះអង្គ ទៅលើប្រជាជាតិនានាដែលពុំស្គាល់ព្រះអង្គ ទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើ ព្រះនាមរបស់ព្រះអង្គ! ដ្បិតពួកគេបានលេបបំបាត់ពូជពង្ស របស់លោកយ៉ាកុប ពួកគេបំបាត់ពូជសាសន៍នេះ ព្រមទាំងបំផ្លាញទឹកដីឲ្យទៅជា ទីស្មសានទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ទៅលើសាសន៍ដទៃទាំងប៉ុន្មានដែលមិនស្គាល់ព្រះអង្គ ហើយទៅលើអស់ទាំងគ្រួមនុស្ស ដែលមិនអំពាវនាវដល់ព្រះនាមព្រះអង្គផង ដ្បិតគេបានត្របាក់លេបពួកយ៉ាកុប គេបានត្របាក់លេប ព្រមទាំងរំលីងអស់ ហើយបំផ្លាញទីលំនៅរបស់គេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់ចាក់សេចក្ដីក្រោធរបស់ទ្រង់ ទៅលើសាសន៍ដទៃទាំងប៉ុន្មានដែលមិនស្គាល់ទ្រង់វិញ ហើយទៅលើអស់ទាំងគ្រួមនុស្សដែលមិនអំពាវនាវ ដល់ព្រះនាមទ្រង់ផង ដ្បិតគេបានត្របាក់លេបពួកយ៉ាកុប អើ គេបានត្របាក់លេប ព្រមទាំងរំលីងអស់ទៅផង ហើយបានទាំងបំផ្លាញទីលំនៅរបស់គេដែរ។ អាល់គីតាប សូមបំបែរកំហឹងរបស់ទ្រង់ ទៅលើប្រជាជាតិនានាដែលពុំស្គាល់ទ្រង់ ទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើ នាមរបស់ទ្រង់! ដ្បិតពួកគេបានលេបបំបាត់ពូជពង្ស របស់យ៉ាកកូប ពួកគេបំបាត់ពូជសាសន៍នេះ ព្រមទាំងបំផ្លាញទឹកដីឲ្យទៅជា ទីស្មសានទៀតផង។ |
តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ? អ្នកទាំងនោះចិញ្ចឹមជីវិត ដោយជិះជាន់ប្រជារាស្ត្ររបស់យើង គេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។
ព្រះអង្គពុំបានប្រោសប្រទានដូច្នេះ ចំពោះប្រជាជាតិទាំងឡាយទេ ពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។ ហាលេលូយ៉ា!។
ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។
សូមព្រះអង្គធ្វើទោសពួកគេយ៉ាងធ្ងន់ ហើយសូមធ្វើទារុណកម្មពួកគេ ឥតត្រាប្រណីឡើយ។
ពូជពង្សយ៉ាកុបអើយ អ្នកពុំបានហៅរកយើងទេ អ៊ីស្រាអែលអើយ អ្នកនឿយណាយនឹងបម្រើយើង។
ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះបិតារបស់យើងខ្ញុំ។ យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ ហើយព្រះអង្គដូចជាជាងស្មូន។ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាព្រះហស្ដ របស់ព្រះអង្គ។
ជនជាតិស៊ីរីនឹងវាយពួកគេពីខាងកើត ហើយជនជាតិភីលីស្ទីនពីខាងលិច។ ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រាអែល។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។
ហេតុនេះ អស់អ្នកដែលលេបត្របាក់អ្នក មុខជាត្រូវគេលេបត្របាក់វិញ បច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយ ទាំងអស់គ្នា។ អស់អ្នកដែលកម្ទេចអ្នក នឹងត្រូវគេកម្ទេចវិញ យើងនឹងធ្វើឲ្យពួកដែលប្លន់អ្នក ត្រូវគេប្លន់វិញដែរ។
អ៊ីស្រាអែលប្រៀបបាននឹងចៀមវង្វេង ដែលត្រូវហ្វូងសិង្ហដេញខាំ មុនដំបូង ស្ដេចស្រុកអាស្ស៊ីរីខាំអ៊ីស្រាអែល បន្ទាប់មក នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ហែកស៊ី និងកម្ទេចឆ្អឹងអ៊ីស្រាអែល។
អស់អ្នកដែលជួបពួកគេ នាំគ្នាខាំហែកស៊ីសាច់ ហើយបច្ចាមិត្តរបស់ពួកគេពោលថា: “បើយើងសម្លាប់ពួកគេ យើងគ្មានកំហុសអ្វីទេ ព្រោះពួកគេបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់!”។ ដូនតារបស់ពួកគេបានសង្ឃឹមលើព្រះអម្ចាស់ ដែលជាប្រភពនៃសេចក្ដីសុចរិត។
សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់ សម្រែករបស់វាបានធ្វើឲ្យផែនដីញាប់ញ័រ ពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុក និងអ្វីៗដែលមាននៅក្នុងស្រុក ពួកគេបំផ្លាញក្រុង និងប្រជាជនដែលរស់នៅក្នុងក្រុង»។
ព្រះអង្គបានហៅការព្រឺខ្លាចពីគ្រប់ទីកន្លែង មកគ្របសង្កត់លើខ្ញុំម្ចាស់ ដូចហៅខ្មាំងមកចូលរួមនៅថ្ងៃមានពិធីបុណ្យ។ នៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធ គ្មាននរណាម្នាក់គេចខ្លួនរួចជីវិតឡើយ។ ប្រជាជនដែលខ្ញុំម្ចាស់ចិញ្ចឹមបីបាច់ ត្រូវខ្មាំងសត្រូវប្រហារអស់គ្មានសល់។
យើងនឹងកម្ទេចអស់អ្នកដែលងាកចេញពីយើង ជាព្រះអម្ចាស់ អស់អ្នកដែលមិនស្វែងរកយើង ហើយក៏មិនស្វែងរកយោបល់ពីយើងដែរ»។
ហេតុនេះ ចូរចាំយើងសិន! ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយ យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង ទៅលើពួកគេ ដូចភ្លើងឆាបឆេះ ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ ផែនដីទាំងមូល -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
តែយើងក្រេវក្រោធយ៉ាងខ្លាំង ទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងក្រេវក្រោធនឹងអ៊ីស្រាអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសែនវេទនា»។
ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។
ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយ ដែលមានចារឹកអក្សរថា “សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។
ហេតុនេះ ចូរភ្ញាក់ខ្លួនឡើង កុំប្រព្រឹត្តអំពើបាបសោះឡើយ។ មានអ្នកខ្លះក្នុងចំណោមបងប្អូន មិនស្គាល់ព្រះជាម្ចាស់ទេ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យបងប្អូនខ្មាសខ្លួន។
ព្រះអង្គយាងមកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ*របស់ព្រះយេស៊ូជាអម្ចាស់នៃយើង។
ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារ បន្លឺទៅកាន់ទេវតាទាំងប្រាំពីរថា៖ «ចូរនាំគ្នាទៅ ហើយយកពែងទាំងប្រាំពីរនៃព្រះពិរោធរបស់ព្រះជាម្ចាស់ចាក់លើផែនដីទៅ!»។