ពួកចៅហ្វាយ 13:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺក្នុងពេលអណ្ដាតភ្លើងឆេះពីអាសនៈឡើងទៅលើមេឃ ទេវតារបស់ព្រះអម្ចាស់ក៏ឡើងទៅជាមួយអណ្ដាតភ្លើងនោះដែរ។ ឃើញដូច្នេះ លោកម៉ាណូអា និងភរិយាក៏ក្រាបចុះឱនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអណ្ដាតភ្លើងបានឆេះពីអាសនាឡើងទៅលើមេឃ នោះទេវតារបស់ព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្ដាតភ្លើង ដែលឆេះនៅលើអាសនានោះទៅ។ ឯម៉ាណូអា និងប្រពន្ធដែលកំពុងតាមមើលនោះ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺកាលអណ្តាតភ្លើងបានឆេះពីលើអាសនាឡើង នោះទេវតានៃព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្តាតភ្លើង ដែលឆេះលើអាសនានោះទៅ ឯម៉ាណូអា នឹងប្រពន្ធក៏មើល រួចទំលាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីទាំង២នាក់។ អាល់គីតាប គឺក្នុងពេលអណ្តាតភ្លើងឆេះពីអាសនៈឡើងទៅលើមេឃ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ក៏ឡើងទៅជាមួយអណ្តាតភ្លើងនោះដែរ។ ឃើញដូច្នេះ លោកម៉ាណូអា និងភរិយាក៏ក្រាបចុះអោនមុខដល់ដី។ |
ក្នុងពេលលោកទាំងពីរដើរបណ្ដើរនិយាយបណ្ដើរ ស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកលោកទាំងពីរឲ្យឃ្លាតចេញពីគ្នា។ ពេលនោះ ខ្យល់ក៏កួចលោកអេលីយ៉ាឡើងទៅស្ថានបរមសុខ។
ព្រះបាទដាវីឌងើបព្រះភ័ក្ត្រឡើង ទតឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅចន្លោះមេឃ និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌ និងអស់លោកព្រឹទ្ធាចារ្យ ដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះឱនមុខដល់ដី។
កាលព្រះបាទដាវីឌយាងទៅជិតលោកអរ៉ៅណា គាត់ក្រឡេកឃើញព្រះរាជា គាត់ក៏ចេញពីលានបោកស្រូវមកទទួល ក្រាបថ្វាយបង្គំ ឱនមុខដល់ដី។
ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ ហើយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ស្ដេចអង្វររកព្រះអម្ចាស់ព្រះអង្គតបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះតង្វាយដុតនៅលើអាសនៈនោះ។
ព្រះជាម្ចាស់ទ្រង់យាងឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។
នៅលើលំហអាកាសដែលស្ថិតនៅលើក្បាលសត្វទាំងនោះ មានដូចជាត្បូងកណ្ដៀងមួយ ដែលមានរាងជាបល្ល័ង្ក។ នៅលើត្បូងដែលមានរាងជាបល្ល័ង្កនោះ គឺនៅខាងលើបំផុត មានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។
ពន្លឺដ៏ត្រចះត្រចង់ព័ទ្ធជុំវិញនោះ ដូចឥន្ទធនូ នៅថ្ងៃមានភ្លៀង គឺដូចជារស្មីនៃសិរីរុងរឿងរបស់ព្រះអម្ចាស់។ ពេលឃើញភ្លាម ខ្ញុំក្រាបថ្វាយបង្គំឱនមុខដល់ដី ហើយខ្ញុំឮសំឡេងមួយពោលមកកាន់ខ្ញុំ។
ខ្ញុំបានឮលោកនិយាយ ហើយសំឡេងរបស់លោកធ្វើឲ្យខ្ញុំលង់ស្មារតី ខ្ញុំក្រាបចុះ ឱនមុខដល់ដី។
គឺមានភ្លើងចេញពីព្រះអម្ចាស់ឆេះតង្វាយដុតទាំងមូល និងដុំខ្លាញ់ នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញដូច្នេះ ពួកគេបន្លឺសំឡេងអបអរសាទរ រួចក្រាបចុះឱនមុខដល់ដី។
ព្រះបុត្រានេះជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឲ្យបរិសុទ្ធ*ផុតពីបាប*រួចហើយ ព្រះអង្គក៏គង់នៅខាងស្ដាំព្រះដ៏ឧត្តុង្គឧត្ដមនាស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
លោកគេឌានចូលទៅយកកូនពពែមួយមករៀបចំធ្វើម្ហូប និងយកម្សៅមួយថាំងមកធ្វើនំប៉័ងឥតមេ។ លោកស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនទេវតារបស់ព្រះអម្ចាស់ នៅក្រោមដើមជ្រៃ។
ទេវតារបស់ព្រះអម្ចាស់យកចុងដំបងដែលលោកកាន់ទៅពាល់សាច់ និងនំប៉័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំប៉័ងអស់ទៅ។ បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់ក៏កំបាំងបាត់ទៅ។