និក្ខមនំ 4:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជននាំគ្នាជឿ ហើយយល់ថា ព្រះអម្ចាស់បានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រាអែល ហើយព្រះអង្គមកសង្គ្រោះពួកគេ។ ពួកគេក៏ឱនកាយ ក្រាបថ្វាយបង្គំព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បណ្ដាជនក៏ជឿ ហើយកាលណាគេឮថា ព្រះយេហូវ៉ាបានយាងមកប្រោសកូនចៅអ៊ីស្រាអែល ហើយថា ព្រះអង្គបានទតឃើញទុក្ខវេទនារបស់គេ គេក៏នាំគ្នាឱនក្បាល ថ្វាយបង្គំព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បណ្តាជនទាំងឡាយក៏ជឿ ហើយកាលណាគេឃើញថា ព្រះយេហូវ៉ាទ្រង់បានប្រោសដល់ពួកកូនចៅអ៊ីស្រាអែល ហើយថា ទ្រង់បានទតឃើញសេចក្ដីទុក្ខលំបាករបស់គេ នោះក៏នាំគ្នាឱនក្បាលថ្វាយបង្គំទ្រង់។ អាល់គីតាប ប្រជាជននាំគ្នាជឿ ហើយយល់ថា អុលឡោះតាអាឡាបានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រអែល ហើយទ្រង់មកសង្គ្រោះពួកគេ។ ពួកគេក៏អោនកាយ ក្រាបថ្វាយបង្គំទ្រង់។ |
លោកស្រីលេអាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «ព្រះអម្ចាស់បានទតឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។
លោកយ៉ូសែបមានប្រសាសន៍ទៅបងៗរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងយាងមកជួយអ្នករាល់គ្នាពុំខាន ហើយព្រះអង្គនឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលព្រះអង្គសន្យាថានឹងប្រទានឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។
បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។ អង្គប្រជុំទាំងមូលក៏នាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ ពួកគេក្រាបចុះ ថ្វាយបង្គំព្រះអម្ចាស់ និងគោរពស្ដេច។
ព្រះបាទយ៉ូសាផាតក្រាបចុះ ឱនមុខដល់ដី ហើយអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម ក៏នាំគ្នាឱនកាយ ក្រាបថ្វាយបង្គំព្រះអម្ចាស់ដែរ។
ខាងស្ដេចស្រុកអាស្ស៊ីរីមានតែកម្លាំងមនុស្សលោកប៉ុណ្ណោះ រីឯខាងយើងវិញ យើងមានព្រះអម្ចាស់ជាព្រះនៃយើង ព្រះអង្គនឹងជួយគាំទ្រយើងនៅពេលប្រយុទ្ធ»។ ប្រជាជនក៏នាំគ្នាទុកចិត្តលើរាជឱង្ការរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។
ជនជាតិអ៊ីស្រាអែលទាំងអស់ឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅលើព្រះដំណាក់ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដីនៅលើកម្រាលឥដ្ឋ ហើយថ្វាយបង្គំព្រះអម្ចាស់ និងសរសើរតម្កើងព្រះអង្គថា «ព្រះអង្គជាព្រះដ៏សប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!»។
លោកអែសរ៉ាលើកតម្កើងព្រះអម្ចាស់ ជាព្រះដ៏ឧត្តុង្គឧត្ដម ហើយប្រជាជនទាំងមូលឆ្លើយតបវិញ ទាំងលើកដៃឡើងលើថា «អាម៉ែន! អាម៉ែន!» រួចក្រាបថ្វាយបង្គំព្រះអម្ចាស់ ឱនមុខដល់ដី។
ពេលនោះ លោកយ៉ូបក្រោកឡើង ហែកអាវធំរបស់លោក ហើយកោរសក់។ បន្ទាប់មក លោកផ្ដួលខ្លួនដល់ដី ក្រាបថ្វាយបង្គំ
ចូរប្រាប់ពួកគេថា: នេះជាយញ្ញបូជានៃពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់។ កាលពួកយើងនៅស្រុកអេស៊ីប ព្រះអង្គប្រហារជនជាតិអេស៊ីប តែព្រះអង្គបានរំលងផ្ទះរបស់ពួកយើង ហើយទុកជីវិតឲ្យពួកយើង»។ ប្រជាជនក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់។
ជនជាតិអ៊ីស្រាអែលឃើញឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជាជនកោតខ្លាចព្រះអម្ចាស់។ ពួកគេជឿលើព្រះអម្ចាស់ និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
ប្រជាជនទាំងមូលក៏ឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេនាំយកចម្លើយរបស់ពួកគេ ទៅទូលថ្វាយព្រះអម្ចាស់វិញ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពក*យ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ លោកម៉ូសេក៏រៀបរាប់ចម្លើយរបស់ប្រជាជន ទូលថ្វាយព្រះអម្ចាស់។
ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រាអែល ប្រាប់ថា “ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប បានបង្ហាញឲ្យខ្ញុំឃើញព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា: យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។
ពួកគេនឹងស្ដាប់ពាក្យរបស់អ្នក រួចអ្នកនឹងចូលទៅជួបស្ដេចស្រុកអេស៊ីបជាមួយចាស់ទុំជនជាតិអ៊ីស្រាអែល ហើយទូលថា “ព្រះអម្ចាស់ជាព្រះនៃជនជាតិហេប្រឺ បានយាងមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ”។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
ប្រជាជនទាំងអស់ឃើញដុំពពកស្ថិតនៅត្រង់មាត់ទ្វារពន្លា នោះពួកគេនាំគ្នាក្រាបថ្វាយបង្គំពីមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រាអែលនឹងជឿថា ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប បានបង្ហាញព្រះអង្គឲ្យអ្នកឃើញមែន»។
កូនចៅយូដាដែលនៅសេសសល់នឹង ប្រើទឹកដីនេះសម្រាប់ឃ្វាលហ្វូងសត្វរបស់ខ្លួន។ ពួកគេនឹងយកផ្ទះនានានៅក្នុងក្រុងអាស្កាឡូន ធ្វើជាជម្រកស្នាក់អាស្រ័យនៅពេលយប់។ ព្រះអម្ចាស់ជាព្រះរបស់ពួកគេធ្វើដូច្នេះ ដើម្បីជាប្រយោជន៍ដល់ពួកគេ នៅពេល ព្រះអង្គស្ដារស្រុករបស់ពួកគេឡើងវិញ។
«សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដ្បិតព្រះអង្គសព្វព្រះហឫទ័យយាងមក រំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្ម កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្តែ គេជឿតែមួយភ្លែត ពុំទុកឲ្យព្រះបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿនៅពេលណាមានការល្បួង។
នៅស្រុកម៉ូអាប់ នាងណាអូមីបានឮគេនិយាយថា ព្រះអម្ចាស់ប្រោសប្រណីដល់ប្រជាជនព្រះអង្គ ដោយប្រទានឲ្យពួកគេមានអាហារបរិភោគគ្រប់គ្រាន់។ នាងក៏រៀបចំខ្លួនចាកចេញពីស្រុកម៉ូអាប់ជាមួយកូនប្រសាស្រីទាំងពីរនាក់។