និក្ខមនំ 19:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវឲ្យពួកគេត្រៀមខ្លួនជាស្រេច នៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃ ឲ្យប្រជាជនទាំងអស់ឃើញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយរៀបចំខ្លួនជាស្រេចសម្រាប់ថ្ងៃទីបី ដ្បិតនៅថ្ងៃទីបីនោះ ព្រះយេហូវ៉ានឹងយាងចុះមកលើភ្នំស៊ីណាយ ឲ្យប្រជាជនទាំងអស់ឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយរៀបខ្លួនជាស្រេចឲ្យទាន់ថ្ងៃទី៣ ដ្បិតនៅថ្ងៃទី៣នោះ ព្រះយេហូវ៉ាទ្រង់នឹងយាងចុះមកលើភ្នំស៊ីណាយ ឲ្យគេឃើញ អាល់គីតាប ត្រូវឲ្យពួកគេត្រៀមខ្លួនជាស្រេច នៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃឲ្យប្រជាជនទាំងអស់ឃើញ។ |
ព្រះអង្គយាងចុះមកលើភ្នំស៊ីណៃ ព្រះអង្គមានព្រះបន្ទូលពីលើមេឃ មកពួកគេ ហើយប្រទានវិន័យដ៏ត្រឹមត្រូវ ក្រឹត្យវិន័យ*ដ៏ពិត ព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងៗ មកឲ្យពួកគេ។
ឱព្រះអម្ចាស់អើយ សូមផ្អៀងផ្ទៃមេឃរបស់ព្រះអង្គ ហើយយាងចុះមក! សូមពាល់ភ្នំ ដើម្បីឲ្យមានផ្សែងហុយឡើង។
ព្រះអង្គបានផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមក ដោយមានពពកយ៉ាងក្រាស់ នៅពីក្រោមព្រះបាទាផង។
នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗ មានផ្គរលាន់ ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។
មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតព្រះអម្ចាស់ចុះមកលើភ្នំ ព្រះអង្គគង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើងដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។
ព្រះអម្ចាស់យាងចុះមកលើភ្នំស៊ីណៃ គឺនៅលើកំពូលភ្នំ។ ព្រះអង្គត្រាស់ហៅលោកម៉ូសេពីលើកំពូលភ្នំ ហើយលោកម៉ូសេក៏ឡើងទៅ។
សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅលើភ្នំស៊ីណៃ ហើយពពកគ្របបាំងលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេពីក្នុងពពក។
ជនជាតិអ៊ីស្រាអែលឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ។
ដូច្នេះ យើងចុះមក ដើម្បីរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អ ធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
ចូរត្រៀមខ្លួនតាំងពីព្រលឹម ហើយឡើងទៅលើភ្នំស៊ីណៃ រួចរង់ចាំយើងនៅលើកំពូលភ្នំ។
ព្រះអម្ចាស់បានចុះមកក្នុងពពក* ហើយគង់នៅទីនោះ ក្បែរលោកម៉ូសេ ទាំងប្រកាសព្រះនាមព្រះអម្ចាស់។
យើងនឹងចុះមកនិយាយជាមួយអ្នក យើងនឹងយកវិញ្ញាណដែលស្ថិតនៅក្នុងអ្នក ទៅដាក់ក្នុងពួកគេទាំងអស់គ្នា ដើម្បីឲ្យពួកគេរំលែកបន្ទុក ក្នុងការមើលខុសត្រូវលើប្រជាជនជាមួយអ្នកដែរ កុំឲ្យអ្នកទទួលបន្ទុកនេះតែម្នាក់ឯង។
ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្ស* ប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។
ដ្បិតខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។
«ព្រះអម្ចាស់យាងមកពីភ្នំស៊ីណៃ ព្រះអង្គក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ព្រះអង្គបំភ្លឺប្រជារាស្ត្ររបស់ព្រះអង្គពីភ្នំប៉ារ៉ាន ព្រះអង្គយាងមកជាមួយទេវតា* យ៉ាងច្រើនអនេកអនន្ត ព្រះអង្គកាន់ក្រឹត្យវិន័យដែលមានពន្លឺដូចភ្លើង មកប្រគល់ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ។
ចូរនឹកចាំពីថ្ងៃដែលអ្នកមកគាល់ព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅលើភ្នំហោរែប គឺនៅថ្ងៃព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “ចូរប្រមូលប្រជាជនឲ្យមកជួបនឹងយើង ដ្បិតយើងចង់ឲ្យពួកគេឮព្រះបន្ទូលរបស់យើង ដើម្បីឲ្យពួកគេគោរពកោតខ្លាចយើងអស់មួយជីវិត ដែលពួកគេរស់នៅលើផែនដី ព្រមទាំងឲ្យពួកគេបង្រៀនព្រះបន្ទូលនេះដល់កូនចៅរបស់ខ្លួន”។
បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរញែកខ្លួនឲ្យវិសុទ្ធ ដ្បិតថ្ងៃស្អែក ព្រះអម្ចាស់នឹងសម្តែងការអស្ចារ្យនៅកណ្ដាលចំណោមអ្នករាល់គ្នា»។