ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រក។
និក្ខមនំ 14:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាច្រានផាត់សមុទ្រចេញ ដោយកម្លាំងខ្យល់ពីទិសខាងកើត ដែលបក់យ៉ាងខ្លាំងពេញមួយយប់ ធ្វើឲ្យសមុទ្រទៅជាដីគោក ហើយទឹកក៏ញែកចេញពីគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាទ្រង់ច្រានផាត់សមុទ្រចេញ ដោយកំឡាំងខ្យល់ពីខាងកើត ដែលបក់យ៉ាងខ្លាំងពេញ១យប់នោះ ទ្រង់ធ្វើឲ្យទឹកបានញែកចេញពីគ្នា ឲ្យសមុទ្រទៅជាគោកវិញ អាល់គីតាប ម៉ូសាលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ អុលឡោះតាអាឡាធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា |
ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រក។
ពេលនោះ លោកអេលីយ៉ាយកអាវធំរបស់លោកមកមូរ ហើយវាយទឹកទន្លេ ទឹកក៏ញែកចេញពីគ្នា។ លោកទាំងពីរដើរកាត់បាតទន្លេ។
ព្រះអង្គបានញែកទឹកសមុទ្រចេញពីគ្នា នៅចំពោះមុខបុព្វបុរសរបស់យើង ពួកគេដើរកាត់បាតសមុទ្រ ប៉ុន្តែ ព្រះអង្គបានទម្លាក់អស់អ្នកដែល ដេញតាមពីក្រោយពួកគេ ទៅក្នុងទីជម្រៅ ដូចដុំថ្មដែលគេបោះទៅក្នុងមហាសាគរ។
ព្រះអង្គបង្ក្រាបសមុទ្រ ដោយសារព្រះចេស្ដារបស់ព្រះអង្គ។ ព្រះអង្គកម្ទេចសត្វដ៏សម្បើមនៅក្នុងសមុទ្រ ដោយសារព្រះតម្រិះរបស់ព្រះអង្គ។
ពន្លឺចាំងចែងមកតាមផ្លូវណា ហើយខ្យល់ដែលបក់ពីទិសខាងជើង មកលើផែនដីតាមផ្លូវណា តើអ្នកដឹងឬទេ?
ព្រះអង្គបានញែកសមុទ្រកក់ចេញជាពីរ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
ភ្លើង ព្រឹល ទឹកកក និងអ័ព្ទ ព្រមទាំងខ្យល់ព្យុះ ដែលតែងតែធ្វើតាមបញ្ជារបស់ព្រះអង្គ
ព្រះអង្គបានធ្វើឲ្យទឹកសមុទ្ររីង ទៅជាដីគោក ដើម្បីឲ្យប្រជាជនដើរឆ្លង។ ដោយព្រះអង្គធ្វើការដ៏អស្ចារ្យនោះ យើងមានអំណរសប្បាយយ៉ាងខ្លាំង។
ព្រះអង្គបានបង្ក្រាបសមុទ្រ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានវាយកម្ទេចក្បាលនាគនៅក្នុងសមុទ្រ
គឺព្រះអង្គបានញែកទឹកសមុទ្រ ឲ្យពួកគេដើរឆ្លង ព្រះអង្គធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់ មួយកន្លែងដូចកំពែង។
ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃតម្រង់ទៅសមុទ្រ រួចវាយទឹកសមុទ្រឲ្យញែកចេញពីគ្នា ដើម្បីឲ្យកូនចៅអ៊ីស្រាអែលដើរតាមបាតសមុទ្រ។
ដុំពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីប និងកងទ័ពអ៊ីស្រាអែល។ ដុំពពកនោះធ្វើឲ្យងងឹតម្ខាង និងធ្វើឲ្យម្ខាងទៀតភ្លឺនៅពេលយប់។ ហេតុនេះហើយបានជាពេញមួយយប់ កងទ័ពទាំងពីរមិនបានចូលទៅជិតគ្នាឡើយ។
ពេលខ្យល់របស់ព្រះអង្គបក់បោកមក ផ្ទៃទឹកក៏មកមូលផ្ដុំគ្នា រលកសមុទ្រងើបឡើង ដូចទំនប់ទឹកដែលនៅទីជម្រៅ ក៏មកកកកុញនៅបាតសមុទ្រដែរ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅនេះ៖ «ចូរប្រាប់អើរ៉ុនថា: សូមបងយកដំបងរបស់បង ហើយលើកដៃវាយទឹករបស់ស្រុកអេស៊ីប គឺទន្លេ ព្រែក បឹង ត្រពាំង ដើម្បីឲ្យទឹកទាំងនោះក្លាយទៅជាឈាម។ ឈាមនឹងមានពាសពេញក្នុងស្រុកអេស៊ីប សូម្បីតែនៅក្នុងធុង និងក្នុងពាងក៏មានឈាមដែរ»។
ព្រះអម្ចាស់បានលាតព្រះហស្ដទៅលើសមុទ្រ ព្រះអង្គបានធ្វើឲ្យនគរទាំងឡាយញាប់ញ័រ ព្រះអង្គបានបញ្ជាឲ្យជនជាតិកាណាន កម្ទេចក្រុងដែលមានកំពែងរឹងមាំរបស់ខ្លួន។
ពេលយើងមក ហេតុអ្វីបានជាមិនឃើញ មាននរណាម្នាក់ដូច្នេះ? យើងបានស្រែកហៅ ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ? តើដៃរបស់យើងខ្លីពេក រំដោះអ្នករាល់គ្នាពុំកើតឬ? តើយើងគ្មានកម្លាំងល្មមនឹងដោះលែង អ្នករាល់គ្នាឬ? ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោស្ថាន ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។
ព្រះអង្គបានធ្វើឲ្យសមុទ្ររីងស្ងួត ព្រះអង្គបានធ្វើឲ្យមហាសាគរដ៏ជ្រៅ ប្រែទៅជាផ្លូវ សម្រាប់អស់អ្នកដែល ព្រះអង្គបានលោះ ដើរឆ្លងកាត់។
យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងធ្វើឲ្យសមុទ្រកក្រើក ព្រមទាំងធ្វើឲ្យទឹករលកបក់បោក យើងមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
ព្រះអង្គគង់នៅខាងស្ដាំលោកម៉ូសេ ហើយសម្តែងព្រះបារមីដ៏ថ្កុំថ្កើងរុងរឿង ញែកទឹកសមុទ្រនៅមុខប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញ រហូតតរៀងទៅ។
ព្រះអង្គនាំពួកគេដើរកាត់បាតសមុទ្រ ដូចសេះបោលនៅវាលរហោស្ថាន គេមិនជំពប់ដួលឡើយ។
តើព្រះអម្ចាស់ខ្ញាល់នឹងទន្លេទាំងឡាយឬ? តើព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំងក្លា ទាស់នឹងទន្លេ ព្រមទាំងសមុទ្រឬ? ព្រះអង្គយាងនៅលើពពក ដូចគេជិះសេះ និងរទេះចម្បាំង ទៅវាយយកជ័យជម្នះ។
គឺលោកម៉ូសេនេះហើយដែលបានដឹកនាំជនជាតិអ៊ីស្រាអែលចេញមក ទាំងសម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យ នៅស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំផង។
ដ្បិតយើងបានឮគេនិយាយថា ព្រះអម្ចាស់ធ្វើឲ្យសមុទ្រកក់រីងស្ងួតនៅចំពោះមុខពួកលោក នៅគ្រាដែលពួកលោកចាកចេញពីស្រុកអេស៊ីប។ យើងក៏ដឹងដែរថា ពួកលោកបានប្រព្រឹត្តបែបណាចំពោះព្រះបាទស៊ីហុន និងព្រះបាទអុក ជាស្ដេចរបស់ជនជាតិអាម៉ូរី នៅខាងកើតទន្លេយ័រដាន់ គឺពួកលោកបានបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។
នៅពេលដែលប្រជាជនអ៊ីស្រាអែលទាំងមូលដើរកាត់បាតទន្លេយ័រដាន់ ក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ នាំគ្នាឈរលើដីស្ងួត នៅកណ្ដាលទន្លេ រហូតដល់ប្រជាជាតិទាំងមូលឆ្លងផុតទន្លេយ័រដាន់។
ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាឆ្លងផុត ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យសមុទ្រកក់ រីងស្ងួតនៅចំពោះមុខយើង រហូតទាល់តែយើងឆ្លងផុតដែរ។