កូឡុស 3:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់មាតាបិតាក្នុងគ្រប់កិច្ចការទាំងអស់ ធ្វើដូច្នេះ ទើបគាប់ព្រះហឫទ័យព្រះអម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ដ្បិតការធ្វើដូច្នេះជាទីគាប់ព្រះហឫទ័យដល់ព្រះអម្ចាស់។ Khmer Christian Bible ក្មេងរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ឪពុកម្ដាយនៅក្នុងការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយ ក្នុងគ្រប់ការទាំងអស់ ដ្បិតព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យយ៉ាងដូច្នោះឯង អាល់គីតាប កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់ឪពុកម្តាយក្នុងគ្រប់កិច្ចការទាំងអស់ ធ្វើដូច្នេះ ទើបគាប់ចិត្តអ៊ីសាជាអម្ចាស់។ |
ចូរគោរពមាតាបិតារបស់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅលើដីដែលព្រះអម្ចាស់ជាព្រះនៃអ្នក ប្រទានដល់អ្នក។
អ្នកណាប្រទេចផ្ដាសាឪពុកម្ដាយ ជីវិតរបស់អ្នកនោះនឹងរលត់ ដូចចង្កៀងនៅក្នុងទីងងឹត។
អ្នកណាមើលងាយឪពុក ហើយមិនស្ដាប់បង្គាប់ម្ដាយទេ អ្នកនោះនឹងត្រូវក្អែកនៅទឹកជ្រោះចោះភ្នែក ហើយត្រូវត្មាតស៊ីសាច់។
ពួកយើងធ្វើតាមបង្គាប់របស់លោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ជាបុព្វបុរសយើងសព្វគ្រប់ទាំងអស់ ក្នុងមួយជីវិតរបស់ពួកយើង។ ពួកយើងមិនទទួលទានស្រាសោះឡើយ គឺទាំងពួកយើង ទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់ពួកយើង។
ប្រជាជននៅក្រុងយេរូសាឡឹមមាក់ងាយឪពុកម្ដាយ ប្រព្រឹត្តអំពើឃោរឃៅទៅលើជនបរទេស ព្រមទាំងកេងប្រវ័ញ្ចក្មេងកំព្រា និងស្ត្រីមេម៉ាយ។
ក្នុងចំណោមអ្នករាល់គ្នា ម្នាក់ៗត្រូវគោរពមាតាបិតារបស់ខ្លួន ត្រូវគោរពថ្ងៃសប្ប័ទ*របស់យើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
«ធម្មតា កូនតែងតែគោរពឪពុក ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។ ប្រសិនបើយើងជាបិតាមែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាបិតា? ប្រសិនបើយើងជាម្ចាស់មែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាម្ចាស់? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នា ដែលជាបូជាចារ្យវិញ អ្នករាល់គ្នាមាក់ងាយនាមរបស់យើង តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ ព្រះនាមរបស់ព្រះអង្គត្រង់ណា?”។
ហេតុនេះ ក្រុមជំនុំគោរពចុះចូលនឹងព្រះគ្រិស្តយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។
“អ្នកណាប្រមាថមើលងាយមាតាបិតា អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
ចូរគោរពមាតាបិតារបស់អ្នក ដូចព្រះអម្ចាស់ ជាព្រះនៃអ្នក បានបង្គាប់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ និងមានសុភមង្គល នៅលើដីដែលព្រះអម្ចាស់ ជាព្រះនៃអ្នកប្រទានដល់អ្នក។
ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះ ខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូន តាមរយៈលោកអេប៉ាប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាយញ្ញបូជាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ និងយល់ព្រមទទួល។
សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីឲ្យបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។
បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះគ្រប់ចំពូកទាំងអស់។ ត្រូវធ្វើដូច្នេះ មិនគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញ ដូចជាបងប្អូនចង់ផ្គាប់ចិត្តមនុស្សឡើយ គឺត្រូវធ្វើដោយចិត្តស្មោះសរ និងដោយគោរពកោតខ្លាចព្រះអម្ចាស់។
ចូរប្រាប់បងប្អូន ដែលជាខ្ញុំបម្រើ ឲ្យស្ដាប់បង្គាប់ម្ចាស់រៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់ ត្រូវធ្វើឲ្យម្ចាស់ពេញចិត្ត មិនត្រូវជំទាស់នឹងគាត់
សូមព្រះជាម្ចាស់ប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្តអំពើល្អគ្រប់យ៉ាង តាមព្រះហឫទ័យរបស់ព្រះអង្គ។ សូមព្រះអង្គសម្រេចការអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គនៅក្នុងយើងតាមរយៈព្រះយេស៊ូគ្រិស្ត។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!