កិច្ចការ 3:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នក ដូច្នេះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត* ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើង ដើរទៅចុះ!»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពេត្រុសនិយាយថា៖ “ប្រាក់ និងមាស ខ្ញុំគ្មានទេ ប៉ុន្តែខ្ញុំនឹងឲ្យអ្នកនូវអ្វីដែលខ្ញុំមាន: ក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទអ្នកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅចុះ!”។ Khmer Christian Bible ពេលនោះលោកពេត្រុសប្រាប់ថា៖ «មាសប្រាក់ ខ្ញុំគ្មានទេ ប៉ុន្ដែអ្វីដែលខ្ញុំមាន ខ្ញុំនឹងឲ្យអ្នក គឺក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកក្រុងណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ថា៖ «ឯប្រាក់ និងមាស ខ្ញុំគ្មានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំសូមជូនដល់អ្នក។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពេត្រុសនិយាយថា ឯប្រាក់ ហើយនឹងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ អាល់គីតាប ប៉ុន្ដែ ពេត្រុសនិយាយទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នកដូច្នេះ ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើង ដើរទៅចុះ!»។ |
នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើនពោលមកខ្ញុំថា “ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! យើងខ្ញុំធ្លាប់ថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអង្គ យើងខ្ញុំធ្លាប់ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយយើងខ្ញុំក៏ធ្លាប់ធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គដែរ”។
ស្ត្រីនេះបានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំទុកជាមុនសម្រាប់យកទៅបញ្ចុះក្នុងផ្នូរ។
អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញអារក្សក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។
លោកពីឡាតឲ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះមានសរសេរថា «យេស៊ូអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។
បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ* និងឫទ្ធានុភាព អភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថាព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារ*សង្កត់សង្កិនឲ្យជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។
នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្តជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាវិញ្ញាណអាក្រក់ថា៖ «ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត* ចូរចេញពីនាងទៅ!»។ វិញ្ញាណអាក្រក់ក៏ចេញពីនាងភ្លាម។
បងប្អូនអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យនេះចុះ! ព្រះជាម្ចាស់បានរ៉ាប់រងទទួលលោកយេស៊ូ ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយព្រះអង្គបានសម្តែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈលោកដូចបងប្អូនជ្រាបស្រាប់ហើយ។
ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រិស្ត*ហើយ»។
ដោយសារយើងខ្ញុំជឿលើព្រះនាមព្រះយេស៊ូ គឺព្រះនាមព្រះអង្គហ្នឹងហើយបានធ្វើឲ្យបុរសដែលបងប្អូនឃើញ និងស្គាល់នេះ មានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើព្រះយេស៊ូ ដូចបងប្អូនឃើញស្រាប់។
លោកចាប់ដៃស្ដាំគាត់ឲ្យក្រោកឈរឡើង។ រំពេចនោះ ជើងរបស់គាត់ និងសន្លាក់ឆ្អឹង ក៏ប្រែជាមាំមួន
សូមអស់លោក និងប្រជារាស្ដ្រអ៊ីស្រាអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់លោកទាំងមានសុខភាពល្អនេះជា ដោយសារព្រះនាមព្រះយេស៊ូគ្រិស្ត* ជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។
លោកទាំងនោះបានបញ្ជាឲ្យគេនាំលោកពេត្រុស និងលោកយ៉ូហានមកឈរនៅមុខអង្គប្រជុំ រួចសួរថា៖ «អ្នកបានធ្វើការនេះសំអាងលើអំណាចអ្វី? ក្នុងនាមនរណា?»។
លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អេណាសអើយ! ព្រះយេស៊ូគ្រិស្ត*ប្រោសអ្នកឲ្យជាហើយ ចូរក្រោកឡើង រៀបចំគ្រែអ្នកទៅ!»។ លោកអេណាសក៏ក្រោកឡើងភ្លាម។
សូម្បីតែនៅពេលនេះក្ដី ក៏យើងនៅតែឃ្លាន នៅតែស្រេក ខ្វះសម្លៀកបំពាក់ មានគេវាយ ហើយរស់នៅអនាថាដដែល។
គេធ្វើឲ្យយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្តជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះ តែយើងមានសព្វគ្រប់ទាំងអស់វិញ។
កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។
ដ្បិតបងប្អូនស្គាល់ព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត*ស្រាប់ហើយ គឺព្រះអង្គមានសម្បត្តិដ៏ច្រើន ព្រះអង្គបានដាក់ខ្លួនមកជាអ្នកក្រ ព្រោះតែបងប្អូន ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។
បងប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលព្រះរាជ្យ*ដែលព្រះអង្គបានសន្យាថាប្រទានឲ្យអស់អ្នកស្រឡាញ់ព្រះអង្គ ទុកជាមត៌ក។
បងប្អូនម្នាក់ៗបានទទួលព្រះអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកព្រះអំណោយទានទាំងនេះទៅបម្រើអ្នកឯទៀតៗ ឲ្យសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកព្រះអំណោយទាន គ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់។