កិច្ចការ 12:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហេរ៉ូដមានទំនាស់ជាមួយអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្តគំនិតគ្នាចូលទៅគាល់ស្ដេច។ គេបានបញ្ចុះបញ្ចូលលោកប្លាសតុស ជាមហាតលិកឲ្យមកខាងគេ ហើយទូលសូមសន្តិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរព្រះបាទហេរ៉ូដ។ ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ ហេរ៉ូឌខ្ញាល់នឹងប្រជាជនទីរ៉ុស និងស៊ីដូនយ៉ាងក្រៃលែង។ ដូច្នេះ ពួកគេក៏ព្រមព្រៀងគ្នាមកគាល់ហេរ៉ូឌ ហើយសុំសន្តិភាព ដោយបញ្ចុះបញ្ចូលប្លាសតុសមន្ត្រីរក្សាដំណាក់ស្ដេច ពីព្រោះតំបន់របស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្ដេច។ Khmer Christian Bible នៅគ្រានោះ ស្ដេចហេរ៉ូឌខឹងនឹងប្រជាជនក្រុងទីរ៉ុស និងប្រជាជនក្រុងស៊ីដូនយ៉ាងខ្លាំង ដូច្នេះ អ្នកទាំងនោះបានព្រមព្រៀងគ្នាមកជួបស្ដេច ក្រោយពីបានបញ្ចុះបញ្ចូលលោកប្លាសតុសជាមន្ដ្រីរក្សាដំណាក់ស្ដេចរួចមក។ ពួកគេបានសុំឲ្យមានសន្ដិភាព ពីព្រោះស្រុករបស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្ដេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទហេរ៉ូឌខឹងនឹងប្រជាជនក្រុងទីរ៉ុស និងក្រុងស៊ីដូនជាខ្លាំង។ ដូច្នេះ អ្នកទាំងនោះរួមចិត្តគ្នាមកគាល់ស្តេច ហើយក្រោយពីបានបញ្ចុះបញ្ចូលលោកប្លាសតុស ជាមហាតលិករបស់ស្តេចរួចហើយ គេក៏ទូលសូមឲ្យមានសន្ដិភាព ព្រោះស្រុករបស់គេទទួលស្បៀងអាហារពីស្តេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯស្តេចហេរ៉ូឌ ទ្រង់មានព្រះទ័យចងគំនុំនឹងពួកអ្នកនៅស្រុកទីរ៉ុស នឹងស៊ីដូនជាខ្លាំង តែគេស្រុះចិត្តគ្នានឹងមកគាល់ស្តេច លុះបានបញ្ចុះបញ្ចូលប្លាសតុស ជាមន្ត្រីសេវកាមាត្យរបស់ស្តេចហើយ នោះក៏សូមចងជាស្ពានមេត្រីវិញ ពីព្រោះគេតែងតែបានស្បៀងអាហារ ពីស្រុកស្តេចមក អាល់គីតាប ស្តេចហេរ៉ូដមានទំនាស់ជាមួយអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្ដគំនិតគ្នាចូលទៅជួបស្ដេច។ គេបានបញ្ចុះបញ្ចូលលោកបា្លសតុស ជាមហាតលិកឲ្យមកខាងគេ ហើយសូមសន្ដិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរស្តេចហេរ៉ូដ។ |
ទឹកដីរបស់ជនជាតិកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ដែលនៅជិតក្រុងកេរ៉ា រហូតដល់ក្រុងកាសា និងរហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម ហើយរហូតទៅដល់ក្រុងឡាសា។
ទូលបង្គំនឹងផ្ដល់ស្បៀងជាស្រូវប្រាំមួយពាន់តោន ពោតប្រាំមួយពាន់តោន ស្រាទំពាំងបាយជូរប្រាំបីពាន់លីត្រ និងប្រេងឆាប្រាំបីពាន់លីត្រ សម្រាប់ផ្គត់ផ្គង់អ្នកបម្រើរបស់ព្រះករុណាដែលកាប់ឈើនេះ»។
ឥឡូវនេះ សូមព្រះករុណាផ្ដល់ស្រូវ ពោត ប្រេងឆា និងស្រាទំពាំងបាយជូរ ដូចព្រះករុណាមានរាជឱង្ការចុះ!
ពួកគេជួលជាងដាប់ថ្ម និងជាងឈើ ព្រមទាំងផ្ដល់ស្បៀងអាហារ ភេសជ្ជៈ និងប្រេងអូលីវ ដល់អ្នកក្រុងស៊ីដូន និងក្រុងទីរ៉ុស ដើម្បីឲ្យពួកនោះនាំឈើតាត្រៅតាមសមុទ្រ ពីស្រុកលីបង់ រហូតមកដល់កំពង់ផែយ៉ុបប៉េ យោងតាមការអនុញ្ញាតរបស់ព្រះបាទស៊ីរូស ជាស្ដេចស្រុកពែរ្ស។
យោបល់ល្អរមែងធ្វើឲ្យគម្រោងការបានសម្រេច មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ជាមុន។
កុំប្រញាប់យករឿងរ៉ាវអ្វីដែលអ្នកបានឃើញ ទៅប្ដឹងចៅក្រមឡើយ ដ្បិតប្រសិនបើចុងចោទទម្លាក់កំហុសមកលើអ្នកវិញ តើអ្នកដោះសាខ្លួនដូចម្ដេចបាន!
ប្រសិនបើចៅហ្វាយនាយរបស់អ្នកខឹងនឹងអ្នក កុំបោះបង់ចោលមុខងាររបស់អ្នកឡើយ ដ្បិតការចេះទប់ចិត្តអាចចៀសវាងកំហុសដ៏ធ្ងន់។
ស្រុកយូដា និងស្រុកអ៊ីស្រាអែល រកស៊ីជាមួយអ្នក ពួកគេយកស្រូវពីស្រុកមីនីត ម្សៅធ្វើនំ ទឹកឃ្មុំ ប្រេង និងជ័រ មកលក់ឲ្យអ្នក។
ម្ចាស់ក៏សរសើរអ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះតែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត»។
លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូដទ្រង់គ្រឿងគង់លើបល្ល័ង្ក ហើយមានរាជឱង្ការឲ្យប្រជាជនស្ដាប់។
ពេលមកជិតដល់កោះគីប្រុស យើងវាងតាមខាងត្បូង បន្តដំណើរឆ្ពោះទៅស្រុកស៊ីរី។ យើងបានចូលចតកំពង់ផែក្រុងទីរ៉ុស ដើម្បីយកទំនិញចេញពីសំពៅ។
យើងបានបន្តដំណើរពីក្រុងទីរ៉ុសទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅជម្រាបសួរពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និងស្នាក់នៅជាមួយពួកគេមួយថ្ងៃ។
បន្ទាប់មក ព្រំប្រទល់នេះបត់ឆ្ពោះទៅរ៉ាម៉ា រហូតដល់បន្ទាយទីរ៉ុស និងហូសា រួចទៅដល់សមុទ្រមេឌីទែរ៉ាណេ ដោយកាត់តាមភូមិភាគអាកស៊ីប។