ប៉ុន្តែ គេពុំបានទុកឲ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្តតែមួយភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។
កាឡាទី 5:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនបានចាប់ផ្ដើមជឿល្អណាស់ តើនរណារារាំងបងប្អូនមិនឲ្យស្ដាប់បង្គាប់សេចក្ដីពិតដូច្នេះ? ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាបានរត់យ៉ាងល្អ តើនរណាបានរារាំងអ្នករាល់គ្នាមិនឲ្យស្ដាប់បង្គាប់សេចក្ដីពិត? Khmer Christian Bible អ្នករាល់គ្នារត់បានល្អហើយ តើអ្នកណារារាំងអ្នករាល់គ្នាមិនឲ្យស្តាប់បង្គាប់សេចក្ដីពិត? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាបានរត់យ៉ាងល្អ តើអ្នកណារាំងរាអ្នករាល់គ្នាមិនឲ្យស្តាប់បង្គាប់សេចក្ដីពិតដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាបានរត់យ៉ាងល្អហើយ តើអ្នកណាបានឃាត់មិនឲ្យស្តាប់តាមសេចក្ដីពិតវិញ អាល់គីតាប បងប្អូនបានចាប់ផ្ដើមជឿល្អណាស់ តើនរណារារាំងបងប្អូនមិនឲ្យស្ដាប់បង្គាប់សេចក្ដីពិតដូច្នេះ? |
ប៉ុន្តែ គេពុំបានទុកឲ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្តតែមួយភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានពួកបូជាចារ្យ*ដ៏ច្រើនលើសលុបសុខចិត្តប្រតិបត្តិតាមជំនឿដែរ។
ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចព្យាការី*អេសាយបានថ្លែងទុកមកថា: «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដីដែលយើងនិយាយឲ្យស្ដាប់?» ។
ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយ ក្រៅពីការដែលព្រះគ្រិស្តធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសម្ដីក្តី ឬតាមកិច្ចការក្តី ដើម្បីនាំសាសន៍ដទៃឲ្យមកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។
តែព្រះអង្គបានសម្តែងឲ្យយើងស្គាល់នៅពេលនេះតាមរយៈគម្ពីរព្យាការី និងស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យជាតិសាសន៍ទាំងអស់ស្គាល់ ហើយឲ្យគេជឿ និងស្ដាប់តាម។
តែព្រះអង្គព្រះពិរោធ និងដាក់ទោសយ៉ាងធ្ងន់ចំពោះអស់អ្នក ដែលគិតតែឈ្លោះប្រកែក មិនព្រមស្ដាប់តាមសេចក្ដីពិត គឺបែរទៅស្ដាប់តាមសេចក្ដីទុច្ចរិតវិញ។
សូមអរព្រះគុណព្រះជាម្ចាស់! ពីដើមបងប្អូនជាខ្ញុំបម្រើរបស់បាបមែន តែដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ត តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល
បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកដែលរត់ប្រណាំងនៅកីឡាដ្ឋាន គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះ ដែលបានទទួលរង្វាន់។ សូមបងប្អូនរត់តាមរបៀបនោះដែរទៅ ដើម្បីឲ្យបានទទួលរង្វាន់។
និងគំនិតឆ្មើងកន្ទ្រើងទាំងប៉ុន្មាន ដែលរារាំងមិនឲ្យស្គាល់ព្រះជាម្ចាស់។ យើងកៀរប្រមូលចិត្តគំនិតឲ្យមកស្ដាប់បង្គាប់ព្រះគ្រិស្តវិញ។
ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីព្រះជាម្ចាស់បំភ្លឺចិត្តឲ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូននៅទីនោះអំពីដំណឹងល្អ ដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឲ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយ ត្រឡប់ទៅជាអសារឥតការវិញ។
ឱបងប្អូនអ្នកស្រុកកាឡាទីអើយ ម្ដេចក៏ល្ងីល្ងើម៉្លេះ! តើបងប្អូនត្រូវអំពើរបស់នរណា? បងប្អូនបានទទួលសេចក្ដីបរិយាយអំពីព្រះយេស៊ូគ្រិស្ត ដែលត្រូវគេឆ្កាងនោះយ៉ាងច្បាស់លាស់ហើយទេតើ!
ចំពោះខ្ញុំ ព្រះអម្ចាស់ធ្វើឲ្យខ្ញុំទុកចិត្តបងប្អូនថា បងប្អូនមុខជាមិនបែកគំនិតទៅរកអ្វីផ្សេងសោះឡើយ។ រីឯអ្នកដែលធ្វើឲ្យបងប្អូនកើតវឹកវរនោះវិញ ទោះបីនរណាក៏ដោយ គេត្រូវតែទទួលទោស។
ព្រះអង្គយាងមកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ*របស់ព្រះយេស៊ូជាអម្ចាស់នៃយើង។
ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅ ទាំងពុំដឹងថាត្រូវទៅណាផង។
ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឲ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមព្រះអម្ចាស់ដាក់ឲ្យយើងរត់។
បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ព្រះអង្គក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ
បងប្អូនបានជម្រះព្រលឹងឲ្យបរិសុទ្ធ*ដោយស្ដាប់តាមសេចក្ដីពិត ដើម្បីឲ្យបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តទៅ។