កាឡាទី 5:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងវិញ ដោយយើងមានជំនឿ ព្រះវិញ្ញាណជួយយើងឲ្យទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ស្របតាមសេចក្ដីសង្ឃឹមរបស់យើងជាមិនខាន។ ព្រះគម្ពីរខ្មែរសាកល ជាការពិត យើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិត តាមរយៈព្រះវិញ្ញាណ និងដោយជំនឿ។ Khmer Christian Bible ដ្បិតយើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិតតាមរយៈព្រះវិញ្ញាណ និងដោយសារជំនឿ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតដោយសារជំនឿ យើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិត តាមរយៈព្រះវិញ្ញាណ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងរាល់គ្នាអាងសេចក្ដីជំនឿ ដើម្បីនឹងរង់ចាំដោយនូវព្រះវិញ្ញាណ ឲ្យបានសេចក្ដីសុចរិតដែលយើងសង្ឃឹមចង់បាននោះ អាល់គីតាប រីឯយើងវិញ ដោយយើងមានជំនឿ រសអុលឡោះជួយយើងឲ្យទន្ទឹងរង់ចាំអុលឡោះប្រោសយើងឲ្យបានសុចរិត ស្របតាមសេចក្ដីសង្ឃឹមរបស់យើងជាមិនខាន។ |
ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ផ្ញើជីវិតលើព្រះអង្គទាំងស្រុង ហើយខ្ញុំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
អស់អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងមិនត្រូវខកចិត្តទេ គឺមានតែពួកអ្នកឆាប់ក្បត់ព្រះអង្គប៉ុណ្ណោះ ដែលត្រូវខកចិត្ត។
សូមអប់រំទូលបង្គំឲ្យរស់នៅ ស្របតាមសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមលើព្រះអង្គជារៀងរាល់ថ្ងៃ។
ពិតមែនហើយ មានតែនៅក្បែរព្រះជាម្ចាស់ទេ ដែលចិត្តខ្ញុំបានស្ងប់ ដ្បិតព្រះអង្គជាទីសង្ឃឹមរបស់ខ្ញុំ។
បាបសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់យ៉ាងណា ព្រះគុណក៏នឹងសោយរាជ្យដោយសារសេចក្ដីសុចរិតយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង។
ហេតុនេះ នៅពេលដែលបងប្អូនកំពុងរង់ចាំព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើងយាងមកយ៉ាងរុងរឿងនោះ បងប្អូនមិនខ្វះព្រះអំណោយទានអ្វីឡើយ។
ដោយសារព្រះគ្រិស្តនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។
និងឲ្យតែខ្ញុំបានរួមជាមួយព្រះអង្គ។ ខ្ញុំមិនមែនសុចរិតដោយកាន់តាមក្រឹត្យវិន័យនោះឡើយ គឺសុចរិតដោយជឿលើព្រះគ្រិស្ត ហើយសេចក្ដីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ
បងប្អូនក៏ទន្ទឹងរង់ចាំព្រះបុត្រារបស់ព្រះអង្គយាងពីស្ថានបរមសុខ*មក គឺព្រះយេស៊ូ ដែលព្រះអង្គបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូនេះប្រោសយើងឲ្យរួចផុតពីព្រះពិរោធដែលកំពុងតែមក។
សូមព្រះអម្ចាស់ដឹកនាំចិត្តគំនិតបងប្អូន ឲ្យស្រឡាញ់ព្រះជាម្ចាស់ និងមានចិត្តស៊ូទ្រាំដែលព្រះគ្រិស្តប្រទានឲ្យ។
ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតបានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលព្រះអង្គយាងមក ព្រះអង្គមិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្តស្រឡាញ់ ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងឱឡារិកនោះដែរ។
ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រិស្ត ជាព្រះជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះសង្គ្រោះនៃយើង យាងមកប្រកបដោយសិរីរុងរឿង។