កាឡាទី 2:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដប់បួនឆ្នាំក្រោយមក ខ្ញុំក៏បានឡើងទៅក្រុងយេរូសាឡឹមម្ដងទៀតជាមួយលោកបារណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ។ ព្រះគម្ពីរខ្មែរសាកល លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅយេរូសាឡិមម្ដងទៀតជាមួយបារណាបាស ទាំងយកទីតុសទៅជាមួយដែរ។ Khmer Christian Bible លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិមម្តងទៀត ជាមួយលោកបាណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិមម្តងទៀត ជាមួយលោកបាណាបាស ទាំងយកលោកទីតុសទៅជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកន្លងក្រោយមក១៤ឆ្នាំ នោះខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិមម្តងទៀត ជាមួយនឹងបាណាបាស ក៏យកទីតុសទៅជាមួយដែរ អាល់គីតាប ដប់បួនឆ្នាំក្រោយមក ខ្ញុំក៏បានឡើងទៅក្រុងយេរូសាឡឹមម្ដងទៀត ជាមួយលោកបារណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ។ |
គេបានប្រមូលប្រាក់ ហើយផ្ញើតាមលោកបារណាបាស និងលោកសូលយកទៅជូនពួកព្រឹទ្ធាចារ្យ*។
រីឯលោកបារណាបាស និងលោកសូល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដោយយកលោកយ៉ូហានហៅម៉ាកុសទៅជាមួយផង។
នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំព្រះអម្ចាស់ និងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។
ប៉ុន្តែ សាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងញុះញង់ពួកនាម៉ឺននៅក្រុងនោះ ឲ្យលើកគ្នាទៅបៀតបៀនលោកប៉ូល និងលោកបារណាបាស ព្រមទាំងដេញលោកទាំងពីរចេញពីដែនដីរបស់គេផង។
គេហៅលោកបារណាបាសថា «ព្រះសេយូស» និងហៅលោកប៉ូលថា «ព្រះហ៊ើមេស» ព្រោះលោកជាអ្នកនាំពាក្យ។
យើងខ្ញុំទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើសយកគ្នាយើងខ្លះ ចាត់ឲ្យមកជួបបងប្អូនជាមួយលោកប៉ូល និងលោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង
សូមអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រោសប្រទានឲ្យលោកទីតុសមានចិត្តខ្នះខ្នែងចង់ជួយបងប្អូនដូចយើងដែរ
ចំពោះលោកទីតុស គាត់ជាសហការីរបស់ខ្ញុំ ហើយគាត់ធ្វើការរួមជាមួយខ្ញុំ ដើម្បីបម្រើបងប្អូន។ រីឯបងប្អូនពីរនាក់ទៀតជាតំណាងរបស់ក្រុមជំនុំ និងជាសិរីរុងរឿងរបស់ព្រះគ្រិស្ត។
បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។
បងប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារណាបាសផ្ទាល់ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។
រីឯលោកទីតុសដែលទៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្ដី ក៏គេពុំបានបង្ខំគាត់ឲ្យទទួលពិធីកាត់ស្បែក*ដែរ
កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំនុំ បានទទួលស្គាល់ថា ព្រះជាម្ចាស់ប្រណីសន្ដោស ដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថា យើងរួបរួមគ្នា គឺលោកបារណាបាស និងខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកលោកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។
លោកអើរីស្ដាក ដែលជាប់ឃុំឃាំងជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុសដែលត្រូវជាសាច់ញាតិនឹងលោកបារណាបាស ក៏សូមជម្រាបសួរមកបងប្អូនដែរ (បងប្អូនបានទទួលពាក្យផ្ដាំផ្ញើស្ដីអំពីគាត់ស្រាប់ហើយ ប្រសិនបើគាត់មក សូមបងប្អូនទទួលដោយរាក់ទាក់ផង)។
មកដល់ទីតុសជាកូនដ៏ពិតប្រាកដខាងជំនឿ ដែលយើងមានរួមគ្នា។ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រិស្តយេស៊ូជាព្រះសង្គ្រោះនៃយើង ប្រទានឲ្យអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត។