គេក៏លះចោលអស់ទាំងរូបព្រះគេនៅទីនោះ ហើយដាវីឌនឹងពួកទ័ពទ្រង់នាំយកទាំងអស់ទៅ។
២ របាក្សត្រ 25:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអ័ម៉ាស៊ីយ៉ា កាលទ្រង់ត្រឡប់មក ពីការប្រហារសំឡាប់ពួកអេដំមវិញ នោះទ្រង់នាំយកអស់ទាំងព្រះរបស់ពួកកូនចៅសៀរមក តាំងឡើងជាព្រះរបស់ទ្រង់ ក៏ក្រាបថ្វាយបង្គំ ហើយដុតកំញានថ្វាយដល់ព្រះទាំងអស់នោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់ពីព្រះបាទអ័ម៉ាស៊ីយ៉ាត្រឡប់មកពីការប្រហារសម្លាប់ពួកអេដុមវិញ ទ្រង់នាំយកអស់ទាំងព្រះរបស់ពួកកូនចៅសៀរមកតាំងឡើងជាព្រះរបស់ទ្រង់ ក៏ក្រាបថ្វាយបង្គំ ហើយដុតកំញានថ្វាយដល់ព្រះទាំងអស់នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលវាយឈ្នះជនជាតិអេដុមហើយ ព្រះបាទអម៉ាស៊ីយ៉ាវិលត្រឡប់មកវិញ ទាំងនាំយកព្រះរបស់ជនជាតិអេដុមមកជាមួយ។ ស្ដេចយកព្រះទាំងនោះធ្វើជាព្រះរបស់ខ្លួន ដោយក្រាបថ្វាយបង្គំ និងដុតគ្រឿងក្រអូបថ្វាយព្រះទាំងនោះទៀតផង។ អាល់គីតាប ក្រោយពេលវាយឈ្នះជនជាតិអេដុមហើយ ស្តេចអម៉ាស៊ីយ៉ាវិលត្រឡប់មកវិញ ទាំងនាំយកព្រះរបស់ជនជាតិអេដុមមកជាមួយ។ ស្តេចយកព្រះទាំងនោះធ្វើជាព្រះរបស់ខ្លួនដោយក្រាបថ្វាយបង្គំ និងដុតគ្រឿងក្រអូបជូនព្រះទាំងនោះទៀតផង។ |
គេក៏លះចោលអស់ទាំងរូបព្រះគេនៅទីនោះ ហើយដាវីឌនឹងពួកទ័ពទ្រង់នាំយកទាំងអស់ទៅ។
ក្រោយនោះមក អ័ម៉ាស៊ីយ៉ាទ្រង់ចាត់សារទៅឯយ៉ូអាស ជាបុត្រយ៉ូអាហាស ដែលជាបុត្រយេហ៊ូវ ស្តេចអ៊ីស្រាអែលទូលថា ចូរចេញមក យើងល្បងលគ្នាមើល
តែឯពួកទ័ពដែលអ័ម៉ាស៊ីយ៉ាបានឲ្យទៅវិញ មិនឲ្យទៅច្បាំងជាមួយនោះ គេក៏ចូលទៅវាយទីក្រុងស្រុកយូដាទាំងប៉ុន្មាន ចាប់តាំងពីស្រុកសាម៉ារីរហូតដល់ក្រុងបេត-ហូរ៉ុន ប្រហារសំឡាប់មនុស្សអស់៣ពាន់នាក់ ហើយចាប់យករបឹបបានជាច្រើនដែរ។
ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនមែនដោយព្រះទ័យស្មោះចំពោះទេ
គឺទ្រង់បានថ្វាយយញ្ញបូជា ដល់អស់ទាំងព្រះនៃពួកក្រុងដាម៉ាស ដែលគេបានវាយទ្រង់ ដោយនឹកថា ដោយព្រោះព្រះនៃពួកស្តេចស៊ីរីបានជួយគេ នោះយើងនឹងថ្វាយយញ្ញបូជាដល់ព្រះទាំងនោះដែរ ដើម្បីឲ្យបានជួយខាងយើង ប៉ុន្តែព្រះទាំងនោះជាហេតុនាំឲ្យទ្រង់ នឹងពួកអ៊ីស្រាអែលទាំងអស់រួញថយវិញ
កុំឲ្យក្រាបថ្វាយបង្គំឬគោរពប្រតិបត្តិដល់ព្រះរបស់គេឲ្យសោះ ក៏កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ គឺត្រូវឲ្យបំផ្លាញគេអស់រលីងវិញ ព្រមទាំងបំបាក់បំបែករូបព្រះគេឲ្យខ្ទេចខ្ទីផង
ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសំរាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង អើ ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង អើ ក៏ធ្វើព្រះ១ឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ
គ្មានអ្នកណាមួយនឹកឃើញ គេឥតមានដំរិះ ឬយោបល់នឹងនឹកថា ខ្លះបានយកទៅដុតហើយ ខ្លះប្រើយករងើកដុតធ្វើនំបុ័ង អើ អញបានអាំងសាច់ស៊ីផង ដូច្នេះ ឈើដែលសល់នៅ តើនឹងយកទៅធ្វើជារបស់គួរស្អប់ខ្ពើមឬ តើគួរឲ្យអញក្រាបចុះចំពោះដុំឈើឬអី
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកយូដា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តច្បាប់របស់ទ្រង់សោះ ឯរបស់កំភូតដែលពួកឰយុកោគេបានគោរពតាម នោះបានធ្វើឲ្យគេវង្វេងចេញ
ត្រូវឲ្យឯងដុតអស់ទាំងរូបព្រះឆ្លាក់របស់គេចេញ មិនត្រូវឲ្យស្តាយប្រាក់ឬមាស ដែលជាប់នៅនឹងរូបនោះឡើយ ក៏មិនត្រូវយកមកសំរាប់ខ្លួនដែរ ក្រែងលោឯងជាប់អន្ទាក់យ៉ាងនោះ ដ្បិតរបស់ទាំងនោះជាទីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង
ត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តនឹងគេយ៉ាងនេះវិញ គឺត្រូវរំលំអាសនារបស់គេ បំបាក់បំបែកបង្គោលដែលសំរាប់គោរព ហើយបំផ្លាញអ្នកតា ព្រមទាំងដុតរូបឆ្លាក់របស់គេនៅក្នុងភ្លើងទៅ