ក៏ប្រាប់គេថា ចូរអ្នកទាំងឡាយ នាំគ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ ខ្ញុំនឹងបើកឲ្យ តាមត្រឹមត្រូវ គេក៏ទៅ
១ ធីម៉ូថេ 1:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំអរព្រះគុណដល់ព្រះ ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ គឺជាព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ពីព្រោះទ្រង់បានរាប់ខ្ញុំទុកជាស្មោះត្រង់ ទាំងតាំងខ្ញុំឲ្យមានការងារ ព្រះគម្ពីរខ្មែរសាកល ខ្ញុំសូមអរព្រះគុណដល់ព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើងដែលចម្រើនកម្លាំងដល់ខ្ញុំ ដ្បិតព្រះអង្គបានចាត់ទុកខ្ញុំថាស្មោះត្រង់ ដោយតែងតាំងខ្ញុំមកក្នុងការងារបម្រើនេះ។ Khmer Christian Bible ខ្ញុំសូមអរព្រះគុណព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើង ដែលបានចម្រើនកម្លាំងដល់ខ្ញុំ ដ្បិតព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ហើយបានតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលទ្រង់បានចម្រើនកម្លាំងខ្ញុំ គឺព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង ព្រោះព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ទាំងតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមអរព្រះគុណព្រះគ្រិស្តយេស៊ូជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ ព្រះអង្គបានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត ហើយតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ។ អាល់គីតាប ខ្ញុំសូមអរគុណអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ គាត់បានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ដ ហើយតែងតាំងខ្ញុំឲ្យបម្រើគាត់។ |
ក៏ប្រាប់គេថា ចូរអ្នកទាំងឡាយ នាំគ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ ខ្ញុំនឹងបើកឲ្យ តាមត្រឹមត្រូវ គេក៏ទៅ
ដើម្បីឲ្យមនុស្សទាំងអស់បានគោរពប្រតិបត្តិដល់ព្រះរាជបុត្រា ដូចជាគោរពប្រតិបត្តិដល់ព្រះវរបិតាដែរ អ្នកណាដែលមិនគោរពប្រតិបត្តិដល់ព្រះរាជបុត្រា នោះក៏មិនគោរពប្រតិបត្តិដល់ព្រះវរបិតា ដែលចាត់ឲ្យទ្រង់មកដែរ។
កាលនាងបានទទួលបុណ្យជ្រមុជទឹក ព្រមទាំងពួកគ្រួនាងរួចហើយ នោះក៏អញ្ជើញយើងថា បើអស់លោកយល់ឃើញថា ខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់ពិត នោះសូមលោកអញ្ជើញទៅនៅឯផ្ទះខ្ញុំកុំខាន នាងក៏បង្ខំដល់យើង។
ប៉ុន្តែព្រះអម្ចាស់មានបន្ទូលថា ចូរទៅចុះ ពីព្រោះអ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំ សំរាប់នឹងប្រកាសឈ្មោះខ្ញុំ ដល់ពួកសាសន៍ដទៃ នឹងពួកស្តេច ហើយនឹងពួកកូនចៅសាសន៍អ៊ីស្រាអែលផង
តែសុល គាត់មានកំឡាំងកាន់តែខ្លាំងឡើង ក៏ផ្ទុញផ្ទាល់ដល់ពួកសាសន៍យូដា ដែលនៅក្រុងដាម៉ាសវិញ ដោយសំដែងបញ្ជាក់ពីព្រះអង្គនេះថា ទ្រង់ជាព្រះគ្រីស្ទពិតមែន
ប៉ុន្តែ ដែលខ្ញុំបានជាយ៉ាងណា នោះគឺបានដោយព្រះគុណនៃព្រះទេ ហើយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំ នោះមិនមែនជាអសារឥតការឡើយ ដ្បិតខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់ ប៉ុន្តែ មិនមែនជាខ្ញុំ គឺជាព្រះគុណនៃព្រះ ដែលសណ្ឋិតនៅនឹងខ្ញុំវិញ
ដូច្នេះ តើប៉ុលជាអ្វី ឬអ័ប៉ុឡូសជាអ្វី គឺគ្រាន់តែជាអ្នកបំរើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមដែលព្រះអម្ចាស់បានប្រទានមកគ្រប់គ្នាតែប៉ុណ្ណោះទេតើ
ឯត្រង់ពួកស្រីក្រមុំៗ ខ្ញុំគ្មានទទួលសេចក្ដីបង្គាប់ពីព្រះអម្ចាស់មកទេ តែខ្ញុំសំដែងដោយគំនិតខ្ញុំ ទុកដូចជាបានទទួលសេចក្ដីមេត្តាករុណាមកពីព្រះអម្ចាស់ ឲ្យបានគួរជឿដែរ
ដូច្នេះ ដែលមានការងារនេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ តាមខ្នាតនៃសេចក្ដីមេត្តាករុណា ដែលយើងខ្ញុំទទួលមក
ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ
គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ
ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។
ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ
ខ្ញុំបានត្រឡប់ជាអ្នកបំរើដល់ពួកជំនុំនោះ តាមការកាន់កាប់ត្រួតត្រារបស់ព្រះ ដែលបានប្រគល់មកខ្ញុំសំរាប់អ្នករាល់គ្នា ដើម្បីនឹងបំពេញព្រះបន្ទូល
សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ តាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងព្រះយេស៊ូវគ្រីស្ទដ៏ជាទីសង្ឃឹមនៃយើងរាល់គ្នា
ខ្ញុំផ្ញើមកអ្នកធីម៉ូថេ ជាកូនពិតក្នុងសេចក្ដីជំនឿ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
ខ្ញុំផ្តាំមកអ្នក នៅចំពោះព្រះ ដែលទ្រង់ប្រទានជីវិតដល់គ្រប់ទាំងអស់ ហើយនៅចំពោះព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានធ្វើបន្ទាល់យ៉ាងល្អ នៅមុខលោកប៉ុនទាស-ពីឡាត់ថា
ឯអស់ទាំងសេចក្ដីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន នោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ
ប៉ុន្តែ ព្រះអម្ចាស់ទ្រង់បានគង់ជាមួយនឹងខ្ញុំវិញ ព្រមទាំងចំរើនកំឡាំងផង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយទ្រង់បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ
ខ្ញុំផ្ញើមកអ្នកទីតុស ជាកូនពិតតាមសេចក្ដីជំនឿ ដែលយើងកាន់ជាមួយគ្នា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត មកអំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។
គង់តែខ្ញុំ ឈ្មោះប៉ុល ជាអ្នកមានវ័យចាស់ហើយ ដែលឥឡូវនេះ បានជាប់គុក ដោយព្រោះព្រះយេស៊ូវគ្រីស្ទផង ខ្ញុំសូមទូន្មានដល់អ្នក ដោយសេចក្ដីស្រឡាញ់វិញ