១ កូរិនថូស 7:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯត្រង់ពួកស្រីក្រមុំៗ ខ្ញុំគ្មានទទួលសេចក្ដីបង្គាប់ពីព្រះអម្ចាស់មកទេ តែខ្ញុំសំដែងដោយគំនិតខ្ញុំ ទុកដូចជាបានទទួលសេចក្ដីមេត្តាករុណាមកពីព្រះអម្ចាស់ ឲ្យបានគួរជឿដែរ ព្រះគម្ពីរខ្មែរសាកល ចំពោះស្ត្រីព្រហ្មចារី ខ្ញុំគ្មានបទបញ្ជាពីព្រះអម្ចាស់ទេ ប៉ុន្តែខ្ញុំសូមផ្ដល់យោបល់មួយ ក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារតែសេចក្ដីមេត្តារបស់ព្រះអម្ចាស់: Khmer Christian Bible រីឯមនុស្សមិនទាន់រៀបការ ខ្ញុំគ្មានសេចក្ដីបង្គាប់មកពីព្រះអម្ចាស់ទេ ប៉ុន្ដែខ្ញុំជូនគំនិតក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារព្រះអម្ចាស់មេត្តា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯស្រ្ដីដែលនៅក្រមុំ ខ្ញុំពុំបានទទួលបង្គាប់ពីព្រះអម្ចាស់ទេ តែខ្ញុំជូនយោបល់ក្នុងនាមជាមនុស្សដែលគួរឲ្យទុកចិត្ត ដោយសារសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីព្រះអម្ចាស់ទេ ក៏ប៉ុន្តែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត ព្រោះព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះរូបខ្ញុំ។ អាល់គីតាប រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីអ៊ីសាជាអម្ចាស់ទេ ក៏ប៉ុន្ដែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរឲ្យទុកចិត្ដ ព្រោះអ៊ីសាជាអម្ចាស់មេត្ដាករុណាចំពោះរូបខ្ញុំ។ |
ប៉ុន្តែ ដែលខ្ញុំបានជាយ៉ាងណា នោះគឺបានដោយព្រះគុណនៃព្រះទេ ហើយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំ នោះមិនមែនជាអសារឥតការឡើយ ដ្បិតខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់ ប៉ុន្តែ មិនមែនជាខ្ញុំ គឺជាព្រះគុណនៃព្រះ ដែលសណ្ឋិតនៅនឹងខ្ញុំវិញ
ឯខាងអ្នកដែលមានប្ដីប្រពន្ធហើយ នោះខ្ញុំនឹងបង្គាប់ដែរ តែមិនគឺខ្ញុំ គឺជាព្រះអម្ចាស់វិញ ទ្រង់បង្គាប់ថា កុំឲ្យប្រពន្ធលែងប្ដីឡើយ
ឯមនុស្សឯទៀត មិនមែនព្រះអម្ចាស់មានបន្ទូលទេ គឺខ្លួនខ្ញុំនិយាយថា បើបងប្អូនណាមានប្រពន្ធដែលមិនជឿ តែព្រមនៅជាមួយនឹងខ្លួន នោះមិនត្រូវលះចោលនាងឡើយ
ប៉ុន្តែ បើអ្នកបានយកប្រពន្ធហើយ នោះមិនមែនហៅថាមានបាបទេ ហើយបើស្ត្រីក្រមុំណាយកប្ដីហើយ នាងនោះក៏មិនមែនហៅថាមានបាបដែរ តែពួកអ្នកយ៉ាងនោះនឹងមានសេចក្ដីទុក្ខព្រួយខាងសាច់ឈាម ណ្ហើយ ខ្ញុំឈប់ស្លេះប៉ុណ្ណេះចុះ ដោយព្រោះអាណិតដល់អ្នករាល់គ្នា។
ស្ត្រីមានប្ដី នឹងស្ត្រីក្រមុំក៏ខុសពីគ្នាយ៉ាងនោះដែរ គឺស្ត្រីដែលគ្មានប្ដី នោះតែងរវល់នឹងការរបស់ព្រះអម្ចាស់ ឲ្យបានបរិសុទ្ធទាំងខ្លួនប្រាណ នឹងព្រលឹងវិញ្ញាណផង តែស្ត្រីណាដែលមានប្ដី នោះតែងរវល់នឹងការនៅលោកីយនេះវិញ ដែលនឹងធ្វើដូចម្តេចឲ្យប្ដីបានពេញចិត្ត
ប៉ុន្តែ តាមគំនិតខ្ញុំយល់ថា បើនាងនោះនៅតែមេម៉ាយតទៅ នោះនាងបានសប្បាយជាង ហើយខ្ញុំស្មានថា ខ្ញុំមានវិញ្ញាណនៃព្រះដែរ។
សេចក្ដីដែលខ្ញុំប្រាប់នេះ មិនមែនប្រាប់តាមព្រះអម្ចាស់ទេ គឺប្រាប់បែបដូចជាល្ងង់ខ្លៅវិញ ដោយស្មានថា ខ្ញុំមានកន្លែងអួតខ្លួនបានខ្លះ
ដ្បិតយើងខ្ញុំមិនមែនដូចជាមនុស្សច្រើនគ្នា ដែលបំប្លែងព្រះបន្ទូលនោះទេ គឺដូចជាអ្នកស្មោះត្រង់ ដែលមកពីព្រះវិញ ហើយយើងនិយាយចំពោះព្រះដោយនូវព្រះគ្រីស្ទ។