១ កូរិនថូស 3:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត យើងជាអ្នករួមការងារជាមួយព្រះ។ អ្នករាល់គ្នាជាស្រែរបស់ព្រះ និងជាអគាររបស់ព្រះ។ Khmer Christian Bible ដ្បិតយើងជាអ្នកធ្វើការរួមគ្នា រីឯអ្នករាល់គ្នាជាស្រែរបស់ព្រះជាម្ចាស់ និងជាដំណាក់របស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងជាអ្នករួមការងារជាមួយព្រះ ឯអ្នករាល់គ្នាជាស្រែរបស់ព្រះ ហើយជាអាគារដែលព្រះបានសង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយព្រះជាម្ចាស់ បងប្អូនជាស្រែរបស់ព្រះជាម្ចាស់ ហើយក៏ជាដំណាក់ដែលព្រះអង្គបានសង់ដែរ។ អាល់គីតាប ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយអុលឡោះ បងប្អូនជាស្រែរបស់អុលឡោះ ហើយក៏ជាដំណាក់ដែលទ្រង់បានសង់ដែរ។ |
ដូច្នេះ នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ ឯគួរស្រូវ នោះនឹងទ្រេតចុះឡើង ដូចជាដើមឈើនៅភ្នំល្បាណូន ហើយមនុស្សនឹងចំរើនឡើងនៅក្នុងទីក្រុង ដូចជាស្មៅនៅដីដែរ
មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះក្បែរគ្រប់ទាំងផ្លូវទឹក ហើយលែងគោ នឹងលា ឲ្យដើររកស៊ីតាមចិត្ត។
ដ្បិតដែលដីធ្វើឲ្យចេញពន្លក ហើយសួនច្បារបណ្តាលឲ្យពូជផ្សេងៗ ដែលគេដាំនៅទីនោះ បានដុះឡើងជាយ៉ាងណា នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងធ្វើឲ្យសេចក្ដីសុចរិត នឹងសេចក្ដីសរសើរ បានលេចឡើង នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ។
នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្ដីអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យទ្រង់បានថ្កើងឡើង។
គ្រានោះ ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យឯង ហើយមនុស្សប្រទេសក្រៅនឹងភ្ជួររាស់ ហើយថែរក្សាចំការទំពាំងបាយជូរឲ្យឯង
អញបានផ្សាំឯងទុកជាទំពាំងបាយជូរសំរាំង ជាពូជយ៉ាងល្អបំផុត ចុះធ្វើដូចម្តេចឲ្យឯងបានក្លាយទៅជាខ្នែងរបស់ដើមទំពាំងបាយជូរដទៃ ដល់អញដូច្នេះ
តែទ្រង់មានបន្ទូលតបថា អស់ទាំងដើមណាដែលព្រះវរបិតាខ្ញុំនៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវរំលើងចោល
ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ
ឯពួកសិស្ស គេចេញទៅប្រកាសប្រាប់នៅសព្វគ្រប់អន្លើ ដោយមានព្រះអម្ចាស់ធ្វើការជាមួយ ទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសំគាល់ដែលកើតមកតាមក្រោយផង។ អាម៉ែន។:៚
ព្រះអង្គនោះ ជាថ្មដែលលោករាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ
តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថា ព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា
តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ
ហើយដែលយើងខ្ញុំធ្វើការជាមួយនឹងព្រះ បានជាយើងខ្ញុំទូន្មានអ្នករាល់គ្នាថា កុំឲ្យទទួលព្រះគុណរបស់ព្រះ ដោយបែបឥតប្រយោជន៍ឡើយ
តើវិហារនៃព្រះសំណំអ្វីនឹងរូបព្រះ ដ្បិតអ្នករាល់គ្នាជាវិហារនៃព្រះដ៏មានព្រះជន្មរស់ ដូចជាព្រះទ្រង់មានបន្ទូលថា «អញនឹងនៅក្នុងគេ ហើយនឹងដើរជាមួយផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្រដល់អញ»
ដ្បិតយើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។
ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ ដូចជាបានបង្រៀនដល់អ្នករាល់គ្នាហើយ ព្រមទាំងអរព្រះគុណកាន់តែច្រើនឡើងផង។
ដើម្បីក្រែងខ្ញុំក្រមក នោះឲ្យអ្នកបានដឹងពីរបៀបយ៉ាងណា ដែលគួរប្រព្រឹត្តក្នុងដំណាក់នៃព្រះ គឺក្នុងពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់ ដែលជាសសរ ហើយជាជើងថ្កល់របស់សេចក្ដីពិត
តែព្រះគ្រីស្ទ ទ្រង់ស្មោះត្រង់ ទុកដូចជាព្រះរាជបុត្រា ដែលត្រួតលើដំណាក់ទ្រង់វិញ គឺយើងរាល់គ្នានេះជាដំណាក់នោះ បើយើងកាន់ចិត្តមោះមុត នឹងសេចក្ដីអំនួត ចំពោះសេចក្ដីសង្ឃឹមនេះ យ៉ាងខ្ជាប់ខ្ជួនដរាបដល់ចុងបំផុតមែន។
នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ
ដូច្នេះ យើងរាល់គ្នាត្រូវជួយទំនុកបំរុងដល់មនុស្សយ៉ាងនោះ ដើម្បីឲ្យយើងបានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត។