អេសេគាល 32:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញនឹងទុកឯងចោលនៅលើដីគោក អញនឹងបោះឯងចោលទៅនៅទីវាលទទេ ហើយនឹងឲ្យសត្វហើរលើអាកាសទាំងប៉ុន្មាន មកទំលើឯង ក៏នឹងចំអែតសត្វនៅដីទាំងមូលដោយសារឯងដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងទុកអ្នកចោលនៅលើដីគោក យើងនឹងបោះអ្នកចោលទៅនៅទីវាល ហើយឲ្យសត្វហើរលើអាកាសទាំងប៉ុន្មានមកទំលើអ្នក ក៏ចម្អែតសត្វនៅដីទាំងមូលដោយសារអ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងបោះអ្នកទៅលើដី ឲ្យនៅកណ្ដាលវាល យើងនឹងឲ្យត្មាតមកចោមរោមអ្នក ហើយឲ្យសត្វសាហាវទាំងអស់នៅលើផែនដីស៊ីអ្នក។ អាល់គីតាប យើងនឹងបោះអ្នកទៅលើដី ឲ្យនៅកណ្ដាលវាល យើងនឹងឲ្យត្មាតមកចោមរោមអ្នក ហើយឲ្យសត្វសាហាវទាំងអស់នៅលើផែនដីស៊ីអ្នក។ |
ទ្រង់បានកិនកំទេចក្បាលរបស់ក្រពើ ព្រមទាំងប្រទានសាច់វាទុកជាអាហារ ដល់ពួកមនុស្សដែលនៅទីរហោស្ថាន
តែឯងបានត្រូវបោះចោលចេញឆ្ងាយពីម៉ុងឯងទៅ ដូចជាមែកដែលគួរខ្ពើមវិញ គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសំឡាប់ ជាអ្នកដែលត្រូវគេចាក់ទំលុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង
ក៏នឹងត្រូវបោះបង់ចោលជាមួយគ្នា ដល់សត្វហើរមកពីភ្នំ ដែលស៊ីគំរង់ ហើយដល់សត្វព្រៃនៅផែនដីដែរ ឯសត្វហើរទាំងនោះ នឹងអាស្រ័យ ដោយសារខ្មោចគេអស់១រដូវក្តៅ ហើយសត្វព្រៃនឹងអាស្រ័យ ដោយសារគេអស់១រដូវរងា
គេនឹងចេញទៅមើលសាកខ្មោចរបស់មនុស្សទាំងប៉ុន្មាន ដែលបានបះបោរនឹងអញ ដ្បិតដង្កូវនៃខ្មោចទាំងនោះនឹងមិនស្លាប់ឡើយ ហើយភ្លើងក៏មិនចេះរលត់ដែរ សាកខ្មោចទាំងនោះនឹងបានជាទីខ្ពើមឆ្អើម ដល់អស់ទាំងមនុស្ស។:៚
នៅថ្ងៃនោះ សាកសពនៃមនុស្ស ដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញ ពីចុងផែនដីម្ខាង ទៅដល់ចុងផែនដីម្ខាង ឥតមានអ្នកណាសោកស្តាយគេ ឬប្រមូលខ្មោចគេទៅកប់ឡើយ គឺគេនឹងទៅជាជីនៅលើដី
គេនឹងរាយឆ្អឹងទាំងនោះ នៅចំពោះព្រះអាទិត្យ ព្រះចន្ទ នឹងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង នឹងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសំរាប់ជាជីនៅដីវិញ
អញនឹងបោះឯងចោលក្នុងទីរហោស្ថាន គឺទាំងខ្លួនឯង នឹងត្រីទាំងអស់នៅទន្លេឯងផង ឯងនឹងធ្លាក់ទៅនៅទីវាលទទេ ឥតដែលបានប្រមូលផ្តុំគ្នាទៀតឡើយ អញបានឲ្យឯងទៅជាអាហារដល់អស់ទាំងសត្វនៅដី នឹងសត្វហើរលើអាកាស
អញនឹងបំពេញអស់ទាំងភ្នំដោយសាកសពនៃមនុស្សដែលត្រូវសំឡាប់ ពួកអ្នកដែលត្រូវស្លាប់ដោយដាវ គេនឹងដួលនៅលើភ្នំតូច នៅច្រកភ្នំហើយនៅក្នុងផ្លូវទឹកទាំងប៉ុន្មានរបស់ឯង
ស្រុកអេស៊ីព្ទនឹងត្រូវស្ងាត់ច្រៀប ហើយស្រុកអេដំមនឹងទៅជាទីរហោស្ថាន ដោយព្រោះការច្រឡោតដែលបានធ្វើដល់ពួកកូនចៅយូដា ដ្បិតគេបានកំចាយឈាមឥតទោសនៅក្នុងស្រុកគេ