ហេព្រើរ 11:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្ដីជំនឿ ឥតទទួលសេចក្ដីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនេះសុទ្ធតែស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗដែលត្រូវបានសន្យានោះទេ ប៉ុន្តែពួកគេបានឃើញ ហើយបានអបអរទទួលការទាំងនោះពីចម្ងាយ ព្រមទាំងសារភាពថា ខ្លួនឯងជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ននៅលើផែនដីនេះ។ Khmer Christian Bible អ្នកទាំងអស់នោះបានស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗតាមសេចក្ដីសន្យាផង ប៉ុន្ដែពួកគេបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងប្រកាសថាខ្លួនជាជនបរទេស ហើយជាអ្នកស្នាក់នៅបណ្ដោះអាសន្នលើផែនដីនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងអស់នេះបានស្លាប់ទៅ ទាំងមានជំនឿ ឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែអ្នកទាំងនោះបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងបានទទួលស្គាល់ថា ខ្លួនគេជាអ្នកដទៃ និងជាអ្នកស្នាក់នៅ លើផែនដីនេះប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកលោកឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថាពួកលោកគ្រាន់តែជាជនបរទេស ដែលធ្វើដំណើរលើផែនដីនេះប៉ុណ្ណោះ។ អាល់គីតាប បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកគាត់ឥតបានទទួលអ្វីៗតាមបន្ទូលសន្យានៃអុលឡោះទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថាពួកគាត់គ្រាន់តែជាជនបរទេស ដែលធ្វើដំណើរលើផែនដីនេះប៉ុណ្ណោះ។ |
ខ្ញុំជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ សូមឲ្យខ្ញុំមានកន្លែងកប់ខ្មោចនៅជាមួយនឹងអ្នករាល់គ្នាផង ដើម្បីឲ្យខ្ញុំបានយកសពនេះពីមុខខ្ញុំចេញទៅកប់
កាលគាត់បានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ នោះផុតដង្ហើមស្លាប់ទៅ បានប្រមូលទៅមូលនឹងញាតិគាត់វិញ
យ៉ាកុបទូលឆ្លើយថា ចំនួនឆ្នាំដែលទូលបង្គំសំចតនៅនោះបានតែ១៣០ឆ្នាំទេ អស់ទាំងឆ្នាំអាយុនៃទូលបង្គំបានតិចណាស់ ហើយអាក្រក់ផង មិនដល់នឹងចំនួនឆ្នាំអាយុ ដែលពួកឰយុកោរបស់ទូលបង្គំបានសំចតនៅនោះទេ
នោះអ៊ីស្រាអែលក៏និយាយទៅយ៉ូសែបថា មើល អញនឹងត្រូវស្លាប់ តែព្រះទ្រង់នឹងគង់នៅជាមួយនឹងឯងរាល់គ្នា ហើយនឹងនាំឯងរាល់គ្នាត្រឡប់ទៅឯស្រុករបស់ពួកឰយុកោឯងវិញ
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់
នោះជាពូជអំបូរអ៊ីស្រាអែលទាំង១២ គឺសេចក្ដីនេះហើយដែលឪពុកគេបានពោលទុក ក្នុងកាលដែលឲ្យពរដល់គេ គាត់ឲ្យពរដល់គ្រប់គ្នា តាមពរដែលគួរឲ្យដល់គេរៀងខ្លួន។
កាលយ៉ាកុបបានផ្តាំដល់ពួកកូនរួចស្រេចហើយ នោះគាត់លើកជើងដាក់លើគ្រែវិញ ហើយក៏ផុតដង្ហើមទៅ បានប្រមូលទៅមូលនឹងញាតិរបស់គាត់។
រួចគាត់និយាយទៅបងប្អូនថា ខ្ញុំហៀបនឹងស្លាប់ហើយ តែព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប
ប៉ុន្តែឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី
ទូលបង្គំជាមនុស្សគ្រាន់តែស្នាក់នៅផែនដីប៉ុណ្ណោះ សូមកុំលាក់សេចក្ដីបង្គាប់របស់ទ្រង់នឹងទូលបង្គំឡើយ
៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ ដែលទូលបង្គំអធិស្ឋាន សូមផ្ទៀងព្រះកាណ៌ស្តាប់សំរែកទូលបង្គំផង សូមទ្រង់កុំនៅធ្មឹងនឹងទឹកភ្នែកនៃទូលបង្គំឡើយ ដ្បិតទូលបង្គំជាអ្នកដទៃនៅចំពោះទ្រង់ ជាអ្នកស្នាក់នៅដូចជាពួកឰយុកោ ទូលបង្គំទាំងអស់គ្នាដែរ
នាងបង្កើតបានកូនប្រុស១ ដែលម៉ូសេឲ្យឈ្មោះថា គើសំម ដោយគិតថា អញជាអ្នកស្នាក់នៅស្រុកដទៃ។
មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់ផងអញ ឯងរាល់គ្នាជាអ្នកប្រទេសក្រៅ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអញប៉ុណ្ណោះទេ
តែលោកឆ្លើយថា អញមិនទៅទេ អញនឹងត្រឡប់ទៅឯស្រុកអញវិញ ដើម្បីនៅជាមួយនឹងញាតិសន្តានរបស់អញ
ខ្ញុំឃើញទ្រង់ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំរំពឹងមើលទ្រង់ តែមិនមែននៅជិតទេ នឹងមានផ្កាយ១ចេញពីពួកយ៉ាកុបមក ហើយនឹងមានដំបង១កើតពីសាសន៍អ៊ីស្រាអែលដែរ ដំបងនោះនឹងវាយអស់ទាំងទីកៀននៃសាសន៍ម៉ូអាប់ ហើយបំបែកបំបាក់អស់ទាំងពួកអ្នក ដែលបង្កើតសេចក្ដីវឹកវរ
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពីដើមមានហោរា នឹងមនុស្សសុចរិតជាច្រើន គេចង់ឃើញការដែលអ្នករាល់គ្នាឃើញ តែមិនមានឃើញសោះ ក៏ចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮដែរ តែមិនមានឮឡើយ។
លោកអេសាយមានប្រសាសន៍សេចក្ដីទាំងនេះ ពីព្រោះលោកបានឃើញសិរីល្អទ្រង់ ហើយក៏ទាយពីទ្រង់
លោកអ័ប្រាហាំ ជាឰយុកោអ្នករាល់គ្នា លោកបានត្រេកអរដោយឃើញគ្រាខ្ញុំ លោកក៏បានឃើញមែន ហើយមានសេចក្ដីរីករាយ
ហើយក៏ជឿជាក់អស់ពីចិត្តថា សេចក្ដីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសំរេចបាន
ដ្បិតយើងបានសង្គ្រោះរួច ដោយសេចក្ដីសង្ឃឹម តែសេចក្ដីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្ដីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត
ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ។
ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ជាដរាប ហើយដឹងថា ដែលយើងខ្ញុំនៅក្នុងរូបកាយនេះ នោះយើងខ្ញុំនៅឃ្លាតពីព្រះអម្ចាស់
ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ
ដោយសារសេចក្ដីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាក ក្នុងកាលដែលទ្រង់ល្បងលលោក គឺអ្នកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មាន លោកបានថ្វាយកូនលោកតែមួយ
ដោយសារសេចក្ដីជំនឿ នោះលោកក៏ចេញពីស្រុកអេស៊ីព្ទទៅ ឥតកោតខ្លាចដល់សេចក្ដីកំហឹងនៃស្តេចឡើយ ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ
ពួកអ្នកទាំងនោះ ទោះបើមានសេចក្ដីបន្ទាល់ពីគេថា គេមានសេចក្ដីជំនឿក៏ដោយ គង់តែគេមិនបានទទួលសេចក្ដី ដែលបានសន្យានោះទេ
សំបុត្រពេត្រុស ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកពួកអ្នកខ្ចាត់ខ្ចាយ ដែលសំណាក់នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី នឹងស្រុកប៊ីធូនា
ហើយបើសិនជាអ្នករាល់គ្នាអំពាវនាវដល់ទ្រង់ ទុកដូចជាព្រះវរបិតាដែលទ្រង់ជំនុំជំរះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវតែប្រព្រឹត្តដោយកោតខ្លាច ក្នុងកាលដែលនៅសំណាក់ក្នុងជីវិតនេះនៅឡើយចុះ
ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នក ដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ
គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយយើងនឹងបានកំឡាចិត្ត នៅចំពោះទ្រង់ផង