លោកុប្បត្តិ 17:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ័ប្រាហាំក៏ក្រាបផ្កាប់មុខ នឹកអស់សំណើចក្នុងចិត្តថា តើនឹងមានកូនកើតដល់មនុស្សអាយុ១០០ឆ្នាំបានដែរឬ ហើយសារ៉ាដែលអាយុ៩០ឆ្នាំទៅហើយ តើនឹងបង្កើតកូនបានឬទេ ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំក៏ក្រាបមុខដល់ដីទាំងសើច។ គាត់និយាយក្នុងចិត្តថា៖ “តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំឬ? រីឯសារ៉ាវិញ ជាស្ត្រីមានអាយុកៅសិបឆ្នាំហើយ តើអាចបង្កើតកូនបានឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកអ័ប្រាហាំក៏ក្រាបឱនមុខដល់ដី ទាំងអស់សំណើច ហើយនឹកក្នុងចិត្តថា «តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំបានឬ? តើសារ៉ាដែលមានអាយុកៅសិបឆ្នាំទៅហើយ អាចបង្កើតកូនបានឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំក្រាបចុះ ឱនមុខដល់ដី លោកអស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះអាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសម្រាលកូនបានឬ?»។ អាល់គីតាប អ៊ីព្រហ៊ីមក្រាបចុះ អោនមុខដល់ដី គាត់អស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះ អាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសំរាលកូនបានឬ?»។ |
រីឯអ័ប្រាហាំ នឹងសារ៉ា គាត់ជាមនុស្សចាស់មានអាយុច្រើនណាស់ សារ៉ាអស់មានរដូវកាលតាមទំលាប់ស្ត្រីទៀតហើយ
នាងនឹកអស់សំណើចក្នុងខ្លួនថា អញចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានដំរេកទៀតដែរឬអី ណាមួយលោកម្ចាស់ប្ដីអញក៏ចាស់ណាស់ដែរ
សារ៉ានិយាយថា ព្រះទ្រង់បានធ្វើឲ្យអញសើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយនឹងអញដែរ
នាងពោលទៀតថា តើអ្នកណានឹងហ៊ានប្រាប់អ័ប្រាហាំថា សារ៉ានឹងបំបៅកូន ប៉ុន្តែ អញបានបង្កើតកូនឲ្យគាត់ក្នុងកាលដែលគាត់ចាស់ហើយវិញ។
ដាវីឌទ្រង់ងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរ នៅកណ្តាលមេឃ នឹងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម នោះដាវីឌ នឹងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ
នោះយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ
ឯរស្មីដែលភ្លឺនៅព័ទ្ធជុំវិញនោះ ក៏មានភាពដូចជាឥន្ទធនូដែលនៅលើពពក ក្នុងថ្ងៃដែលមានភ្លៀង នេះជាគំរូពីភាពនៃសិរីល្អរបស់ព្រះយេហូវ៉ា កាលខ្ញុំបានឃើញហើយ នោះខ្ញុំក្រាបមុខចុះដល់ដី ហើយខ្ញុំឮព្រះសូរសៀងមានបន្ទូលមក។
ដូច្នេះ លោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរនៅ កាលលោកមកដល់ហើយ នោះខ្ញុំភ័យញ័រ ក៏ទំលាក់ខ្លួនផ្កាប់មុខចុះ តែលោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ចូរយល់ចុះ ដ្បិតការជាក់ស្តែងនេះសំរាប់គ្រាខាងចុងបំផុត
ក៏មានភ្លើងចេញពីចំពោះព្រះយេហូវ៉ា មកបញ្ឆេះដង្វាយដុត នឹងខ្លាញ់នៅលើអាសនា កាលបណ្តាជនឃើញដូច្នោះ នោះគេស្រែកឡើងដោយអំណរ រួចក្រាបផ្កាប់មុខចុះ។
នោះម៉ូសេ នឹងអើរ៉ុន លោកទំលាក់ខ្លួនចុះផ្កាប់មុខនៅចំពោះមុខពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា
នោះអ្នកទាំង២ក៏ទំលាក់ខ្លួនចុះក្រាបផ្កាប់មុខទូលថា ឱព្រះអង្គដ៏ជាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្សអើយ បើមនុស្សតែម្នាក់ធ្វើបាប នោះតើទ្រង់នឹងក្រោធចំពោះពួកជំនុំទាំងអស់គ្នាឬអី
ចូរឲ្យឯងថយចេញពីពួកជំនុំនេះទៅ ដើម្បីឲ្យអញបានបំផ្លាញគេចេញជា១រំពេច តែអ្នកទាំង២ក៏ទំលាក់ខ្លួនចុះក្រាបផ្កាប់មុខ
ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ
សាការីសួរទេវតាថា តើខ្ញុំនឹងដឹងសេចក្ដីនោះបាន ដោយសារអ្វី ដ្បិតខ្ញុំសោតក៏ចាស់ហើយ ប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ
លោកអ័ប្រាហាំ ជាឰយុកោអ្នករាល់គ្នា លោកបានត្រេកអរដោយឃើញគ្រាខ្ញុំ លោកក៏បានឃើញមែន ហើយមានសេចក្ដីរីករាយ
រួចអញក៏ក្រាបចុះនៅចំពោះព្រះយេហូវ៉ា អស់៤០ថ្ងៃ៤០យប់ ដូចជាន់មុន ឥតមានបរិភោគ ឬផឹកទឹកសោះឡើយ ដោយព្រោះអស់ទាំងអំពើបាបដែលឯងរាល់គ្នាបានធ្វើ ដោយប្រព្រឹត្តសេចក្ដីដែលអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ាជាការដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង
យ៉ាងនោះ អញបានក្រាបចុះ នៅចំពោះព្រះយេហូវ៉ាអស់៤០ថ្ងៃ៤០យប់ នោះដោយព្រោះព្រះយេហូវ៉ាបានមានបន្ទូលថា ទ្រង់នឹងបំផ្លាញឯងរាល់គ្នា
អ្នកនោះឆ្លើយតបថា ទេ អញបានមកធ្វើជាកំពូលលើពួកពលផងព្រះយេហូវ៉ាវិញ នោះយ៉ូស្វេក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខនឹងដី ថ្វាយបង្គំ សួរថា តើព្រះអម្ចាស់នៃទូលបង្គំ ចង់មានបន្ទូលដល់ទូលបង្គំ ជាបាវបំរើទ្រង់ ថាដូចម្តេច
ឯយ៉ូស្វេលោកហែកសំលៀកបំពាក់ ហើយទំលាក់ខ្លួនក្រាបផ្កាប់មុខនឹងដីនៅចំពោះហឹបនៃព្រះយេហូវ៉ា ទាល់តែល្ងាច ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង គេក៏ដាក់ធូលីដីនៅលើក្បាលរៀងខ្លួនដែរ
នោះពួកចាស់ទុំទាំង២៤នាក់ ដែលអង្គុយនៅលើបល្ល័ង្ករបស់ខ្លួន នៅចំពោះព្រះ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំដល់ទ្រង់
លុះបានយកក្រាំងទៅហើយ នោះតួមានជីវិតទាំង៤ នឹងពួកចាស់ទុំ២៤នាក់ ក៏ទំលាក់ខ្លួនក្រាបចុះនៅមុខកូនចៀម ទាំងកាន់ស៊ុង នឹងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូប នោះជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ
គឺកាលអណ្តាតភ្លើងបានឆេះពីលើអាសនាឡើង នោះទេវតានៃព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្តាតភ្លើង ដែលឆេះលើអាសនានោះទៅ ឯម៉ាណូអា នឹងប្រពន្ធក៏មើល រួចទំលាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីទាំង២នាក់។