លោកុប្បត្តិ 1:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែ១ ហើយឲ្យមានទីគោកដុះលេចឡើង នោះក៏មានដូច្នោះ ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលថា៖ “ចូរឲ្យទឹកនៅក្រោមមេឃផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យទីគោកលេចឡើង” នោះក៏កើតមានដូច្នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង» នោះក៏កើតមានដូច្នោះមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឲ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។ អាល់គីតាប អុលឡោះមានបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឲ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។ |
គឺទ្រង់តែ១ដែលជាព្រះឯកអង្គ ទ្រង់បានបង្កើតផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅលើនោះ នឹងផែនដី ហើយសមុទ្រ នឹងរបស់សព្វសារពើដែលនៅស្ថានទាំងនោះផង ទ្រង់ក៏ទប់ទល់ជីវិតនៃរបស់ទាំងនោះ ហើយពួកពលនៅលើមេឃ ក៏ថ្វាយបង្គំដល់ទ្រង់
ទ្រង់ដាក់ឫសដំណាក់ទ្រង់នៅក្នុងទឹក ក៏យកពពកធ្វើជារថរបស់ទ្រង់ ហើយទ្រង់យាងលើស្លាបខ្យល់
សមុទ្រជារបស់ផងទ្រង់ គឺទ្រង់ដែលបានបង្កើតមក ហើយគឺព្រះហស្តទ្រង់ដែលបានសូនធ្វើដីគោក
ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរតាមផ្លូវដដែលវិញទៀត
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើឯងរាល់គ្នាមិនកោតខ្លាចដល់អញទេឬ តើឯងរាល់គ្នាមិនញាប់ញ័រនៅចំពោះអញទេឬអី ដែលអញបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ ដោយបញ្ញត្តដ៏នៅជានិច្ច ដើម្បីមិនឲ្យហូររំលងឡើយ ហើយទោះបើរលកបោកមាត់ច្រាំងគង់តែនឹងឈ្នះមិនបាន ទោះបើឮសន្ធឹកយ៉ាងណា គង់តែនឹងហូររំលងមិនបានដែរ
នោះលោកប្រាប់គេថា ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ដែលទ្រង់បានបង្កើតសមុទ្រ នឹងដីគោកផង
ពីព្រោះគេចង់បំភ្លេចថា ពីចាស់បុរាណមានផ្ទៃមេឃ ក៏មានដីដុះចេញពីទឹក ហើយនៅក្នុងទឹកផង ដោយសារព្រះបន្ទូលនៃព្រះ
ទាំងស្បថនឹងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ជាព្រះដែលបង្កើតមេឃ ដី សមុទ្រ នឹងរបស់ទាំងប៉ុន្មាន ដែលនៅស្ថានទាំងនោះថា គ្មានពេលបង្អង់ទៀតឡើយ