រ៉ូម 8:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើយើងសង្ឃឹមលើអ្វីដែលយើងមើលមិនឃើញ នោះយើងទន្ទឹងរង់ចាំដោយការអត់ធ្មត់។ Khmer Christian Bible ប៉ុន្ដែបើយើងសង្ឃឹមលើអ្វីដែលមិនអាចមើលឃើញ នោះយើងមុខជាទន្ទឹងរង់ចាំដោយអំណត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើយើងសង្ឃឹមលើអ្វីដែលមើលមិនឃើញ នោះយើងរង់ចាំដោយអំណត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗ ដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្តព្យាយាម។ អាល់គីតាប ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗ ដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្ដព្យាយាម។ |
ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ។
ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយ ដោយស្ងៀមស្ងាត់ សេចក្ដីសង្គ្រោះរបស់ខ្ញុំក៏មកតែពីទ្រង់ដែរ
នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់
ហ្នឹងហើយ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំបានរង់ចាំទ្រង់ នៅក្នុងផ្លូវនៃសេចក្ដីយុត្តិធម៌របស់ទ្រង់ ព្រលឹងយើងខ្ញុំប្រាថ្នាដល់ព្រះនាមទ្រង់ គឺដល់សេចក្ដីដែលរំឭកពីទ្រង់
តែពូជដែលនៅដីល្អ គឺពួកអ្នកដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្ដីអត់ធន់វិញ។
ចូរអរសប្បាយ ដោយមានសង្ឃឹម ចូរអត់ធន់ក្នុងសេចក្ដីទុក្ខលំបាក ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន
គឺជាជីវិតអស់កល្បជានិច្ច ដល់ពួកអ្នកដែលរកសិរីល្អ កេរ្តិ៍ឈ្មោះ នឹងសេចក្ដីមិនពុករលួយ ដោយគេកាន់ខ្ជាប់ក្នុងការល្អ
មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្ដីប្រោសលោះដល់រូបកាយយើងផង
ដោយបានគ្រប់ទាំងព្រះចេស្តាចំរើនកំឡាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ
ដោយនឹកចាំជាដរាប ពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្ដីជំនឿ នឹងពីការនឿយហត់ ដែលធ្វើដោយសេចក្ដីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើងផង
សូមឲ្យព្រះអម្ចាស់ដំរង់ចិត្តអ្នករាល់គ្នា ទៅក្នុងសេចក្ដីស្រឡាញ់នៃព្រះ នឹងសេចក្ដីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទចុះ។
ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្ដីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្ដីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ
ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្តើយឡើយ គឺឲ្យត្រាប់តាមពួកអ្នក ដែលគ្រងបានសេចក្ដីសន្យាទុកជាមរដក ដោយចិត្តជឿ ហើយអត់ធន់វិញ។
យ៉ូហានខ្ញុំ ដែលជាបងប្អូននៃអ្នករាល់គ្នា ហើយជាអ្នកមានចំណែកក្នុងសេចក្ដីទុក្ខលំបាក នឹងក្នុងនគរ ហើយក្នុងសេចក្ដីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបាននៅឯកោះឈ្មោះប៉ាត់ម៉ុស ដោយព្រោះព្រះបន្ទូល នឹងសេចក្ដីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ
បើអ្នកណាដឹកនាំគេឲ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនឲ្យទៅជាឈ្លើយដែរ បើអ្នកណាកាប់សំឡាប់គេដោយដាវ នោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្ដីអត់ធ្មត់ នឹងសេចក្ដីជំនឿរបស់ពួកបរិសុទ្ធ។
នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តរបស់ព្រះ ហើយមានសេចក្ដីជំនឿដល់ព្រះយេស៊ូវ។