យ៉ូអែល 3:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯងរាល់គ្នា ដែលគង់នៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ គ្រានោះ ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ ឥតមានអ្នកដទៃណាដើរកាត់ទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះ អ្នករាល់គ្នានឹងដឹងថា យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា យើងគង់នៅភ្នំស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់យើង ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ ហើយគ្មានអ្នកដទៃណាដើរកាត់ទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងស្ថិតនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន ក្រុងនេះទៀត។ អាល់គីតាប «ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងស្ថិតនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន ក្រុងនេះទៀត។ |
ចូរច្រៀងទំនុកសរសើរដល់ព្រះយេហូវ៉ា ដែលទ្រង់គង់នៅក្រុងស៊ីយ៉ូនចុះ ចូរថ្លែងប្រាប់ពីការនៃទ្រង់ នៅក្នុងចំណោមបណ្តាជនផង
អញបានឮសេចក្ដីត្អូញត្អែរ របស់ពួកកូនចៅអ៊ីស្រាអែលហើយ ដូច្នេះចូរប្រាប់គេថា នៅល្ងាចនេះ ឯងរាល់គ្នានឹងបានបរិភោគសាច់ លុះដល់ព្រឹកឡើង នោះនឹងចំអែតដោយនំបុ័ង ដើម្បីឲ្យឯងរាល់គ្នាបានដឹងថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាពិត។
វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ធំប្រសើរនៅកណ្តាលឯងរាល់គ្នា។
ហើយនៅទីនោះនឹងមានថ្នល់១ ជាផ្លូវដែលគេនឹងហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ នឹងទុកសំរាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯមនុស្សដែលដើរដំណើរ ទោះបើជាមនុស្សល្ងីល្ងើក៏ដោយ គង់តែមិនវង្វេងដែរ
សម័យនោះ អ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះនឹងបានហៅជាអ្នកបរិសុទ្ធ គឺគ្រប់ទាំងមនុស្សក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកក្នុងពួកមនុស្សរស់
អញនាំសេចក្ដីសុចរិតរបស់អញមកជិត សេចក្ដីនោះនឹងមិននៅឆ្ងាយឡើយ ឯសេចក្ដីសង្គ្រោះរបស់អញក៏មិនបង្អង់ដែរ អញនឹងតាំងសេចក្ដីសង្គ្រោះរបស់អញនៅក្រុងស៊ីយ៉ូន សំរាប់ពួកអ៊ីស្រាអែល ដែលជាសិរីល្អរបស់អញ។
ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ឱក្រុងស៊ីយ៉ូនអើយ ចូរពាក់កំឡាំងរបស់ឯង ឱយេរូសាឡិមជាទីក្រុងបរិសុទ្ធអើយ ចូរប្រដាប់ដោយសំលៀកបំពាក់ដ៏រុងរឿងរបស់ឯងចុះ ដ្បិតពីនេះទៅមុខនឹងគ្មានពួកមិនកាត់ស្បែក ឬពួកស្មោកគ្រោកចូលមកក្នុងឯងទៀតឡើយ
នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់អញ ដែលសំរាប់ជាទីអធិស្ឋាន អញនឹងទទួលអស់ទាំងដង្វាយដុត នឹងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់អញនឹងបានហៅជាទីអធិស្ឋានសំរាប់គ្រប់ទាំងសាសន៍
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា កាលណាអញនាំពួកគេដែលជាឈ្លើយមកវិញ នោះនៅក្នុងស្រុកយូដា ហើយអស់ទាំងទីក្រុងនៅស្រុកនោះ គេនឹងនិយាយពាក្យនេះឡើងជាថ្មីទៀត គឺថា ឱទីលំនៅនៃសេចក្ដីសុចរិត ហើយភ្នំនៃសេចក្ដីបរិសុទ្ធអើយ សូមព្រះយេហូវ៉ាប្រទានពរដល់ឯង
ឯច្រកភ្នំទាំងមូលនៃសាកសព ហើយនឹងផែះ ព្រមទាំងចំការទាំងប៉ុន្មានរហូតដល់ជ្រោះកេដ្រុន នឹងដល់ជ្រុងកំផែងទ្វារសេះ ដែលបើកទៅទិសខាងកើត នោះនឹងបានជាទីបរិសុទ្ធដល់ព្រះយេហូវ៉ាទាំងអស់ នឹងមិនត្រូវដករំលើង ឬរំលំបំផ្លាញទៀតឡើយ នៅជាដរាបតទៅ។
ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា នៅលើភ្នំបរិសុទ្ធរបស់អញ គឺជាភ្នំយ៉ាងខ្ពស់របស់ស្រុកអ៊ីស្រាអែល នោះពួកវង្សអ៊ីស្រាអែលទាំងមូលនឹងគោរពដល់អញគ្រប់គ្នានៅក្នុងស្រុករបស់ខ្លួន នៅទីនោះអញនឹងទទួលគេ ហើយនៅទីនោះ អញនឹងសុខចិត្តទទួលដង្វាយរបស់ឯងរាល់គ្នា នឹងផលដំបូងពីដង្វាយឯង ព្រមទាំងគ្រឿងបរិសុទ្ធរបស់ឯងរាល់គ្នាទាំងអស់ដែរ
អញនឹងដាក់ឲ្យមានសរសៃ ហើយធ្វើឲ្យមានសាច់ដុះលើឯងរាល់គ្នា រួចនឹងគ្របរុំដោយស្បែក ព្រមទាំងបញ្ចូលខ្យល់ដង្ហើមទៅក្នុងឯងរាល់គ្នាផង នោះឯងរាល់គ្នានឹងមានជីវិតឡើង ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
នេះហើយជាច្បាប់នៃព្រះវិហារនៅលើកំពូលភ្នំនោះ ហើយតាមព្រំនៅជុំវិញទាំងអស់ នោះត្រូវជាទីបរិសុទ្ធបំផុត មើល នេះឯងជាច្បាប់នៃព្រះវិហារ។
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មិនត្រូវឲ្យមានសាសន៍ដទៃណាមួយ ក្នុងពួកសាសន៍ដទៃដែលនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ជាអ្នកដែលមិនទទួលកាត់ស្បែកខាងចិត្ត នឹងខាងរូបសាច់ផង បានចូលទៅក្នុងទីបរិសុទ្ធរបស់អញឡើយ។
ឯព័ទ្ធជុំវិញទីក្រុងនោះ ត្រូវជា១ម៉ឺន៨ពាន់ខ្នាត ហើយតាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ»។:៚
វានឹងដំឡើងអស់ទាំងពន្លានៃព្រះរាជស្ថាន នៅជាកណ្តាលសមុទ្រ ហើយនឹងភ្នំបរិសុទ្ធដ៏ឧត្តម ប៉ុន្តែវានឹងមកដល់ចុងបំផុតរបស់វា ឥតមានអ្នកណាជួយឡើយ។
ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ទ្រង់ នោះសូមឲ្យសេចក្ដីខ្ញាល់ នឹងសេចក្ដីក្រោធរបស់ទ្រង់ បានបែរចេញពីក្រុងយេរូសាឡិម គឺជាភ្នំបរិសុទ្ធរបស់ទ្រង់ទៅ ដ្បិតក្រុងយេរូសាឡិម នឹងពួករាស្ត្ររបស់ទ្រង់បានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅព័ទ្ធជុំវិញយើងខ្ញុំ គឺដោយព្រោះតែអំពើបាបរបស់យើងខ្ញុំ ហើយនឹងអំពើទុច្ចរិតរបស់ពួកឰយុកោយើងខ្ញុំទេ
នោះឯងរាល់គ្នានឹងដឹងថា អញស្ថិតនៅកណ្តាលសាសន៍អ៊ីស្រាអែល ហើយថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ឥតមានព្រះណាដទៃទៀត យ៉ាងនោះ រាស្ត្រអញនឹងមិនត្រូវមានសេចក្ដីខ្មាសទៀតឡើយ។
អញនឹងលុបទោសគេចេញ គឺទោសដែលមិនទាន់បានលុបចេញនៅឡើយពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅក្រុងស៊ីយ៉ូន។:៚
ឯពួកដែលខ្វិន នោះនឹងបានតាំងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយឲ្យបានជានគរ១ខ្លាំងពូកែ នោះព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ
មើលន៏ នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែលដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីងហើយ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញបានវិលមកឯក្រុងស៊ីយ៉ូន ហើយក៏នឹងអាស្រ័យនៅកណ្តាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ
ក៏គ្មានអ្វីស្មោកគ្រោក ឬអ្នកណាដែលប្រព្រឹត្តបែបគួរខ្ពើម ឬសេចក្ដីកំភូតណាចូលទៅក្នុងទីក្រុងនោះបានឡើយ ចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុក ក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។