យ៉ូស្វេ 10:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយ៉ូស្វេប្រាប់គេថា កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ត្រូវឲ្យមានកំឡាំង នឹងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងធ្វើយ៉ាងនេះ ដល់ខ្មាំងសត្រូវទាំងអស់ ដែលឯងត្រូវតតាំងនឹងគេដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេមានប្រសាសន៍ទៅពួកគេថា៖ «មិនត្រូវភ័យខ្លាច ឬស្រយុតចិត្តឡើយ ត្រូវមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ានឹងធ្វើបែបនេះចំពោះខ្មាំងសត្រូវទាំងអស់ ដែលអ្នកត្រូវតតាំងនឹងគេ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង ដ្បិតព្រះអម្ចាស់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នាបែបនេះឯង!»។ អាល់គីតាប យ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង ដ្បិតអុលឡោះតាអាឡានឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នាបែបនេះឯង!»។ |
ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម
ទេ គឺក្នុងសេចក្ដីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង
ទ្រង់បានប្រោសយើងខ្ញុំឲ្យរួចពីសេចក្ដីស្លាប់យ៉ាងសំបើមនោះហើយ ក៏ចេះតែប្រោសឲ្យរួចតទៅ ហើយយើងខ្ញុំសង្ឃឹមថា ទ្រង់នឹងប្រោសឲ្យរួចទៅមុខទៀតដែរ
ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់
គឺពីការល្បងលយ៉ាងធំ ដែលភ្នែកឯងបានឃើញ នឹងទីសំគាល់ ហើយការអស្ចារ្យទាំងប៉ុន្មាន នឹងពីព្រះហស្តដ៏មានព្រះចេស្តា ហើយនឹងព្រះពាហុលើកសំរេច ដែលព្រះយេហូវ៉ាជាព្រះនៃឯងបានប្រើ ដើម្បីនឹងនាំឯងចេញមកនោះ គឺយ៉ាងនោះដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងធ្វើដល់គ្រប់អស់ទាំងសាសន៍ដែលឯងខ្លាចនោះដែរ
ចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ ដ្បិតឯងនឹងនាំឲ្យបណ្តាជននេះបានគ្រងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់ពួកឰយុកោគេ
តើអញមិនបានបង្គាប់ឯងទេឬអី ដូច្នេះចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។
នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់មកក្នុងកណ្តាប់ដៃឯងហើយ នឹងគ្មានអ្នកណាមួយក្នុងពួកគេ អាចឈរនៅមុខឯងបានឡើយ
ដាវីឌក៏ទូលទៀតថា ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ នឹងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្តាប់ដៃសាសន៍ភីលីស្ទីននោះដែរ ខណនោះ សូលមានបន្ទូលថា ដូច្នេះ ចូរទៅចុះ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង