ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូណាស 4:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​លោក​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មិន​មែន​ជា​សេចក្ដី​នេះ​ឯង​ដែល​ទូលបង្គំ​បាន​ថា ក្នុង​កាល​ដែល​ទូលបង្គំ​នៅ​ឯ​ស្រុក​របស់​ទូលបង្គំ​នៅ​ឡើយ​ទេ​ឬ​អី គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទូលបង្គំ​ខំ​រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ពី​ព្រោះ​ទូលបង្គំ​បាន​ដឹង​ថា ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​ករុណា​គុណ ក៏​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ក៏​តែង‌តែ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​លោក​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មិន​មែន​ការ​នេះ​ទេ​ឬ ដែល​ទូល‌បង្គំ​បាន​និយាយ​កាល​ទូល‌បង្គំ​នៅ​ស្រុក​របស់​ទូល‌បង្គំ​នោះ? គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ខំ​រត់​ទៅ​ក្រុង​តើស៊ីស​វិញ ព្រោះ​ទូល‌បង្គំ​បាន​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ប្រកប​ដោយ​ករុណា ក៏​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ក៏​តែង‌តែ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ឥឡូវ​នេះ ហេតុ‌ការណ៍​កើត​មាន ដូច​ទូលបង្គំ​បាន​សង្ស័យ តាំង​ពី​ទូលបង្គំ​នៅ​ស្រុក​របស់​ទូលបង្គំ​ម៉្លេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​រត់​គេច​ទៅ​ស្រុក​តើស៊ីស ព្រោះ​ទូលបង្គំ​ដឹង​ច្បាស់​ថា ព្រះអង្គ​ជា​ព្រះ​ប្រកប​ទៅ​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ព្រះអង្គ​តែងតែ​អាណិត‌អាសូរ មិន​ឆាប់​ខ្ញាល់ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ហើយ​តែងតែ​ប្រែ​ព្រះ‌ហឫទ័យ មិន​ព្រម​ធ្វើ​ទោស​គេ​ទេ។

សូមមើលជំពូក

អាល់គីតាប

គាត់​ជម្រាបអុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌តាអាឡា​អើយ! ឥឡូវ​នេះ ហេតុ‌ការណ៍​កើត​មាន ដូច​ខ្ញុំ​បាន​សង្ស័យ តាំង​ពី​ខ្ញុំ​នៅ​ស្រុក​របស់​ខ្ញុំ​ម៉្លេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រត់​គេច​ទៅ​ស្រុក​តើស៊ីស ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ទ្រង់​ជា​ម្ចាស់​ប្រកប​ទៅ​ដោយ​ចិត្ត​ប្រណី‌សន្ដោស ទ្រង់​តែងតែ​អាណិត‌អាសូរ មិន​ឆាប់​ខឹង ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា ហើយ​តែងតែ​ប្រែ​ចិត្ត មិន​ព្រម​ធ្វើ​ទោស​គេ​ទេ។

សូមមើលជំពូក



យ៉ូណាស 4:2
24 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ខ្លួន​លោក​ដើរ​ពេញ​១​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូលបង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូលបង្គំ​មិន​វិសេស​ជាង​ពួក​ឰយុកោ​ទូលបង្គំ​ទេ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា ហើយ​នឹង​សេចក្ដីអាណិត‌អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ


ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្តា‌ករុណា នឹង​អាណិត‌អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​សប្បុរស​ដ៏​ធំ​ទូលាយ


ប៉ុន្តែចំណែក​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា បាន​ជា​ទ្រង់​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​មិន​បាន​បំផ្លាញ​គេ​ទេ អើ ទ្រង់​បាន​បង្វែរ​សេចក្ដី​ខ្ញាល់​ទ្រង់​ចេញ​ជា​ញយៗ ឥត​ឲ្យ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ផុល​ឡើង​ទាំង​អស់​ឡើយ


តែ​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​មេត្តា ករុណា នឹង​អាណិត‌អាសូរ ក៏​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​ត្រង់​ជា​បរិបូរ


ដ្បិត​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស ក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ទ្រង់


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​វិល​មក​វិញ តើ​ដល់​កាល​ណា​ទៅ សូម​សំរាល​ព្រះ‌ហឫទ័យ ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់​ផង


នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រែ​ព្រះ‌ហឫទ័យ លែង​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​ចេញ​ទៅ។


បើ​សិន​ជា​នគរ​ដែល​អញ​បាន​និយាយ​នោះ នឹង​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន នោះ​អញ​នឹង​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​បាន​គិត​ធ្វើ​ដល់​គេ​ក្នុង​វេលា​នោះ​ឯង


ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​បញ្ចុះ‌បញ្ចូល​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បណ្តោយ​តាម ទ្រង់​មាន​កំឡាំង​ជាង ក៏​បាន​ឈ្នះ​ទូលបង្គំ​ហើយ ឯ​ទូលបង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជានិច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំ


ដូច្នេះ ចូរ​កែ​ផ្លូវ នឹង​កិរិយា​របស់​អ្នក​រាល់​គ្នា​ឥឡូវ ហើយ​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រែ​គំនិត​ចេញ​ពី​សេចក្ដី​អាក្រក់ ដែល​ទ្រង់​បាន​ប្រកាស​ទាស់​នឹង​អ្នក​រាល់​គ្នា​វិញ


បើ​ឯង​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នេះ​ត​ទៅ នោះ​អញ​នឹង​សង់​ឯង​ឡើង​ឥត​រំលំ​ចុះ​ឡើយ ក៏​នឹង​ដាំ​ឯង​រាល់​គ្នា​ឥត​រំលើង​វិញ​ដែរ ដ្បិត​អញ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​បាន​ធ្វើ​ដល់​ឯង​រាល់​គ្នា​ហើយ


ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫទ័យ​ពី​ដំណើរ​នោះ ដោយ​បន្ទូល​ថា ការ​នេះ​មិន​ត្រូវ​ធ្វើ​ឡើយ។


ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫទ័យ​ពី​ដំណើរ​នោះ ដោយ​បន្ទូល​ថា ការ​នេះ​ក៏​មិន​ត្រូវ​ធ្វើ​ដែរ។


ប៉ុន្តែយ៉ូណាស លោក​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេហូវ៉ា គឺ​លោក​ចុះ​ទៅ​ដល់​ក្រុង​យ៉ុបប៉េ​បាន​ប្រទះ​នឹង​នាវា​១ ដែល​រៀប​ចេញ​ទៅ​ឯ​ក្រុង​តើស៊ីស នោះ​លោក​ចេញ​ប្រាក់​ជា​ដំឡៃ​ជិះ រួច​ក៏​ចុះ​នាវា​នោះ ដើម្បី​ទៅ​ឯ​តើស៊ីស​ជា​មួយ​នឹង​គេ ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា។


ព្រះ‌ទ្រង់​ទត​ឃើញ​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​នោះ គឺ​ដែល​គេ​បាន​លាក‌ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ រួច​ព្រះ​ក៏​ប្រែ​គំនិត​ពី​ការ​អាក្រក់ ដែល​ទ្រង់​បាន​គំរាម​ថា នឹង​ធ្វើ​ដល់​គេ ហើយ​ទ្រង់​លែង​ធ្វើ​ទៅ។


ប្រហែល​ជា​ព្រះ ទ្រង់​នឹង​ប្រែ​ព្រះ‌ហឫទ័យ ហើយ​ផ្លាស់​គំនិត ព្រម​លាក‌ចេញ​ពី​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស​ទៅ​ទេ​ដឹង


តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មរដក​ទ្រង់ ទ្រង់​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជានិច្ច​ទេ ពី​ព្រោះ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ


តែ​អ្នក​នោះ​ចង់​សំដែង​ខ្លួន​ជា​អ្នក​សុចរិត ក៏​ទូល​សួរ​ទៀត​ថា តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​សេចក្ដី​មេត្តា‌ករុណា ទ្រង់​មិន​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​បំផ្លាញ​ឯង ឬ​ភ្លេច​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ឯង​ឡើយ។