យ៉ាកុប 2:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនាងរ៉ាហាប ជាស្រីសំផឹង ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារការនាងប្រព្រឹត្តទេឬអី គឺក្នុងកាលដែលនាងទទួលពួកអ្នក ដែលគេចាត់មកនោះ ហើយនាងបានឲ្យគេចេញទៅវិញតាមផ្លូវ១ទៀត ព្រះគម្ពីរខ្មែរសាកល ដូចគ្នាដែរ រ៉ាហាបស្ត្រីពេស្យាក៏ត្រូវបានរាប់ជាសុចរិតនៅពេលទទួលពួកអ្នកនាំសារឲ្យស្នាក់នៅ ហើយឲ្យគេចេញទៅតាមផ្លូវផ្សេងទៀត តើមិនមែនដោយសារតែការប្រព្រឹត្តទេឬ? Khmer Christian Bible រីឯនាងរ៉ាហាប ជាស្ដ្រីពេស្យា ក៏ដូច្នោះដែរ តើនាងមិនត្រូវបានរាប់ជាសុចរិត ដោយសារការដែលនាងបានប្រព្រឹត្តទេឬ គឺក្នុងកាលដែលនាងបានទទួលពួកអ្នកនាំសារ ហើយបានឲ្យពួកគេចេញតាមផ្លូវមួយទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងរ៉ាហាប ជាស្ត្រីពេស្យា ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តទេឬ? គឺនៅពេលដែលនាងទទួលពួកអ្នកនាំសារ ហើយឲ្យគេចេញទៅវិញតាមផ្លូវមួយផ្សេងទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងរ៉ាហាបជាស្ត្រីពេស្យាក៏បានសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តដែរ ព្រោះនាងបានទទួលពួកអ្នកនាំសារ ឲ្យស្នាក់នៅ ហើយឲ្យគេចាកចេញទៅវិញ តាមផ្លូវមួយផ្សេងទៀត។ អាល់គីតាប នាងរ៉ាហាប់ជាស្ដ្រីពេស្យាក៏បានសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្ដដែរ ព្រោះនាងបានទទួលពួកអ្នកនាំសារឲ្យស្នាក់នៅ ហើយឲ្យគេចាកចេញទៅវិញ តាមផ្លូវមួយផ្សេងទៀត។ |
ដូច្នេះ បណ្តាកូនទាំង២នោះ តើកូនណាបានធ្វើតាមចិត្តរបស់ឪពុក គេឆ្លើយថា កូនច្បង ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកយកពន្ធ នឹងពួកស្រីសំផឹង គេចូលទៅក្នុងនគរព្រះមុនអ្នករាល់គ្នា
ឯយ៉ាសុននេះ ជាអ្នកបានទទួលគេ ពួកនោះប្រព្រឹត្តសុទ្ធតែខុសនឹងបញ្ញត្តរបស់សេសារ ដោយនិយាយថា មានស្តេច១ទៀត ឈ្មោះយេស៊ូវ
ដោយសារសេចក្ដីជំនឿ នោះនាងរ៉ាហាប ជាស្រីសំផឹង មិនបានវិនាសទៅ ជាមួយនឹងពួកអ្នករឹងចចេសឡើយ ពីព្រោះនាងបានទទួលពួកឈ្លបលប ដោយមេត្រីចិត្ត។
តែអ្នកខ្លះនឹងនិយាយថា អ្នកមានសេចក្ដីជំនឿ ហើយខ្ញុំមានការប្រព្រឹត្ត ដូច្នេះ ចូរអ្នកបង្ហាញសេចក្ដីជំនឿរបស់អ្នក ក្រៅពីការដែលអ្នកប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញសេចក្ដីជំនឿខ្ញុំ ដោយសារការដែលខ្ញុំប្រព្រឹត្តដែរ
ដូច្នេះ អ្នកឃើញថា សេចក្ដីជំនឿបានរួមជាមួយនឹងការដែលលោកប្រព្រឹត្ត ហើយសេចក្ដីជំនឿបានគ្រប់លក្ខណ៍ ដោយសារការនោះឯង
ដូច្នេះ អ្នករាល់គ្នាឃើញថា មនុស្សបានរាប់ជាសុចរិត មិនមែនដោយសារតែសេចក្ដីជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្តដែរ
យ៉ូស្វេ ជាកូននុន លោកចាត់អ្នកស៊ើបការសំងាត់២នាក់ ឲ្យចេញពីស៊ីទីមទៅ ដោយប្រាប់ថា ចូរទៅសង្កេតមើលស្រុកនោះ នឹងក្រុងយេរីខូរផង គេក៏ចេញទៅ ហើយចូលទៅស្នាក់នៅក្នុងផ្ទះរបស់ស្រីសំផឹងម្នាក់ ឈ្មោះរ៉ាហាប
នាងក៏សំរូតគេដោយខ្សែចុះតាមបង្អួចទៅ ដ្បិតផ្ទះនាងជាប់នឹងកំផែងទីក្រុង ហើយនាងនៅចំពីលើកំផែងនោះ
ដោយប្រាប់ថា ចូរអ្នកកាត់ដំរង់ទៅឯភ្នំសិនទៅ ក្រែងពួកអ្នកដែលដេញតាម គេជួបប្រទះនឹងអ្នក ត្រូវឲ្យពួននៅទីនោះគ្រប់៣ថ្ងៃ ដរាបដល់គេត្រឡប់មកវិញ រួចសឹមទៅតាមផ្លូវរបស់អ្នកចុះ
តែនាងបាននាំយកមនុស្ស២នាក់នោះទៅលាក់ទុក រួចប្រាប់ថា មានមនុស្សមកឯខ្ញុំមែន តែខ្ញុំឥតបានដឹងជាមកពីណាទេ
តែនាងបាននាំយកអ្នកទាំង២នោះឡើងទៅឯលើដំបូលផ្ទះវិញ ហើយលាក់ទុកនៅក្នុងគំនរដើមខ្លូតទេស ដែលនាងបានបញ្ឈរនៅលើដំបូលនោះ
ឯទីក្រុងនេះ ជាទីក្រុងសំរាប់តែបំផ្លាញអស់រលីងថ្វាយព្រះយេហូវ៉ា ហើយនឹងគ្រប់ទាំងអស់ ដែលនៅក្នុងក្រុងនេះផង រស់នៅបានតែនាងរ៉ាហាបជាស្រីសំផឹង១ នឹងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនឹងនាងប៉ុណ្ណោះ ពីព្រោះនាងបាននាំអ្នក២នាក់ ដែលយើងបានចាត់មក ទៅលាក់បំពួនទុក