យេរេមា 24:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរខ្ញុំថា យេរេមាអើយ ឯងឃើញអ្វីនុ៎ះ ខ្ញុំក៏ទូលឆ្លើយថា ឃើញផ្លែល្វា ឯផ្លែល្អ នោះល្អណាស់ ហើយផ្លែអាក្រក់ ក៏អាក្រក់ណាស់ដែរ នឹងបរិភោគមិនបាន ពីព្រោះអាក្រក់ក្រៃពេក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរខ្ញុំថា៖ «យេរេមាអើយ អ្នកឃើញអ្វីនុ៎ះ»។ ខ្ញុំក៏ទូលឆ្លើយថា៖ «ឃើញផ្លែល្វា ឯផ្លែល្អ នោះល្អណាស់ ហើយផ្លែអាក្រក់ ក៏អាក្រក់ណាស់ដែរ បរិភោគមិនបាន ពីព្រោះអាក្រក់ពេក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វីខ្លះ?»។ ខ្ញុំទូលព្រះអង្គវិញថា៖ «ទូលបង្គំឃើញផ្លែឧទុម្ពរ។ មួយចំនួនជាផ្លែដ៏ល្អៗ មួយចំនួនទៀតជាផ្លែអាក្រក់ ដែលពុំអាចបរិភោគបាន»។ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វីខ្លះ?»។ ខ្ញុំជម្រាបទ្រង់វិញថា៖ «ខ្ញុំឃើញផ្លែឧទុម្ពរ។ មួយចំនួនជាផ្លែដ៏ល្អៗ មួយចំនួនទៀតជាផ្លែអាក្រក់ ដែលពុំអាចបរិភោគបាន»។ |
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា មើល អញនឹងចាត់ដាវ សេចក្ដីអំណត់អត់ នឹងអាសន្នរោគមកលើគេ ហើយនឹងធ្វើឲ្យគេត្រឡប់ទៅដូចជាផ្លែល្វាអាក្រក់ ដែលបរិភោគមិនបាន
ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរខ្ញុំថា អេម៉ុសអើយ តើឯងឃើញអ្វី ខ្ញុំទូលតបថា ឃើញខ្សែកូនតឹង រួចព្រះអម្ចាស់មានបន្ទូលថា មើល អញនឹងឲ្យមានខ្សែកូនតឹងនៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញ នោះអញនឹងមិនដើរបង្ហួសពីគេទៀតឡើយ
ហើយទ្រង់មានបន្ទូលសួរខ្ញុំថា អេម៉ុសអើយ ឯងឃើញអ្វី នោះខ្ញុំទូលឆ្លើយថា ឃើញកំប្រោងពេញដោយផ្លែរដូវក្តៅ រួចព្រះយេហូវ៉ាទ្រង់ប្រាប់ខ្ញុំថា ចុងបំផុតបានមកដល់អ៊ីស្រាអែល ជារាស្ត្រអញហើយ អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ
រួចទេវតាសួរខ្ញុំថា ឯងឃើញអ្វីនោះ ខ្ញុំឆ្លើយថា ឃើញជើងចង្កៀងធ្វើពីមាសទាំងអស់ មានទាំងចានប្រេងនៅលើកំពូល នឹងចង្កៀង៧ ហើយបំពង់៧ សំរាប់បង្ហូរប្រេងដល់ចង្កៀងនិមួយៗ ដែលនៅលើជើងចង្កៀងនោះផង
ទេវតាក៏សួរមកខ្ញុំថា ឯងឃើញអ្វីនោះ ខ្ញុំតបថា ឃើញក្រាំង១កំពុងហោះ មានបណ្តោយ២០ហត្ថ ហើយទទឹង១០ហត្ថ
(កាលពីដើម នៅស្រុកអ៊ីស្រាអែល កាលណាមនុស្សម្នាក់ទៅសួរដល់ព្រះ នោះគេតែងនិយាយថា ចូរយើងទៅឯអ្នកមើលឆុត ដ្បិតអ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ)