នៅគ្រានោះឯងនឹងនិយាយថា ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទោះបើទ្រង់បានខ្ញាល់នឹងទូលបង្គំក៏ដោយ តែឥឡូវនេះ សេចក្ដីខ្ញាល់នោះបានបែរចេញទៅហើយ ទ្រង់បានកំសាន្តចិត្តទូលបង្គំវិញ
ម៉ាថាយ 5:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីកំសាន្តចិត្ត ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលកាន់ទុក្ខ ដ្បិតពួកគេនឹងទទួលការសម្រាលទុក្ខ។ Khmer Christian Bible មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងទទួលការកម្សាន្ដចិត្ដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានកម្សាន្តចិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាសោកសៅ អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ! អាល់គីតាប អ្នកណាសោកសៅ អ្នកនោះមានសុភមង្គលហើយ ដ្បិតអុលឡោះនឹងសំរាលទុក្ខពួកគេ! |
នៅគ្រានោះឯងនឹងនិយាយថា ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទោះបើទ្រង់បានខ្ញាល់នឹងទូលបង្គំក៏ដោយ តែឥឡូវនេះ សេចក្ដីខ្ញាល់នោះបានបែរចេញទៅហើយ ទ្រង់បានកំសាន្តចិត្តទូលបង្គំវិញ
ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ។
អើ ឱជនជាតិនៅក្រុងស៊ីយ៉ូន ជាពួកអ្នកដែលអាស្រ័យនៅក្រុងយេរូសាឡិមអើយ ឯងនឹងមិនត្រូវយំទៀតឡើយ ទ្រង់នឹងមានព្រះគុណចំពោះឯង ដោយឮសំឡេងឯងស្រែក កាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកឯង
ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ នឹងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ នឹងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
អញបានឃើញអស់ទាំងផ្លូវរបស់គេ ហើយអញនឹងប្រោសឲ្យជា អញនឹងនាំមុខគេដែរ ព្រមទាំងកំសាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងផង
ឱពួកអ្នកដែលស្រឡាញ់ក្រុងយេរូសាឡិមអើយ ចូររីករាយឡើងជាមួយនឹងវា ហើយមានសេចក្ដីអំណរដោយព្រោះវាចុះ អស់អ្នកដែលយំទួញនឹងទីក្រុងអើយ ចូររីករាយឡើងដោយសេចក្ដីអំណរចំពោះវាវិញ
ដ្បិតឯរបស់ទាំងនេះ គឺដៃអញដែលបានបង្កើតមក ហើយគឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ប៉ុន្តែអញនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក ហើយមានចិត្តខ្ទេចខ្ទាំ ជាអ្នកដែលញ័រញាក់ ដោយឮពាក្យរបស់អញ
តែពួកណាដែលរត់រួចបាន នោះនឹងរួចជីវិត ហើយនឹងនៅលើភ្នំដូចជាព្រាបនៃច្រកភ្នំ គ្រប់គ្នាកំពុងតែយំថ្ងូរ ដោយព្រោះអំពើទុច្ចរិតរបស់រៀងខ្លួន
ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅអ្នកនោះថា ចូរដើរបង្ហូតទីក្រុង គឺបង្ហូតកណ្តាលក្រុងយេរូសាឡិមទៅ ហើយធ្វើទីសំគាល់នៅថ្ងាសរបស់ពួកមនុស្ស ដែលដកដង្ហើមធំ ហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង
អញនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ នឹងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ នឹងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះដូចជាយំនឹងកូនច្បងរបស់ខ្លួន
តែលោកអ័ប្រាហាំឆ្លើយថា កូនអើយ ចូរនឹកចាំថា កាលឯងនៅរស់នៅឡើយ ឯងបានទទួលសុទ្ធតែសេចក្ដីល្អ ឯឡាសារគាត់បានតែសេចក្ដីអាក្រក់ទេ ឥឡូវនេះ គាត់បានសេចក្ដីកំសាន្តចិត្តវិញ ហើយឯងត្រូវវេទនា
មានពរហើយ អ្នករាល់គ្នាដែលឃ្លានឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត មានពរហើយ អ្នករាល់គ្នាដែលយំឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានសើចវិញ
វេទនាដល់អ្នករាល់គ្នាដែលឆ្អែត ដ្បិតនឹងត្រូវឃ្លានវិញ វេទនាដល់អ្នករាល់គ្នា ដែលសើចក្នុងជាន់ឥឡូវនេះ ដ្បិតនឹងកើតទុក្ខព្រួយ ហើយយំសោកវិញ
នាងឈរពីខាងក្រោយទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែកទទឹកព្រះបាទទ្រង់ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទ ដោយស្រឡាញ់ ហើយយកប្រេងក្រអូបលាបផង
តែទ្រង់មានបន្ទូលទៅស្ត្រីនោះថា សេចក្ដីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្ដីសុខចុះ។
មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់។
ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។