ម៉ាថាយ 18:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមនុស្សណាមានចៀម១រយ ហើយមាន១វង្វេងបាត់ តើអ្នករាល់គ្នាគិតដូចម្តេច តើមិនទុកចៀម៩៩នៅលើភ្នំ នឹងទៅរកចៀម១ ដែលវង្វេងបាត់នោះទេឬអី ព្រះគម្ពីរខ្មែរសាកល តើអ្នករាល់គ្នាគិតដូចម្ដេច? ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្នុងចៀមទាំងនោះវង្វេងបាត់ តើគាត់មិនទុកចោលចៀមកៅសិបប្រាំបួននៅតាមភ្នំ ហើយទៅរកចៀមមួយដែលវង្វេងបាត់នោះទេឬ? Khmer Christian Bible តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេច? បើបុរសម្នាក់មានចៀមមួយរយ ហើយចៀមមួយវង្វេងចេញពីហ្វូង តើគាត់មិនទុកចៀមកៅសិបប្រាំបួននៅលើភ្នំ រួចទៅតាមរកចៀមមួយដែលវង្វេងនោះទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «តើអ្នករាល់គ្នាយល់យ៉ាងណា? ប្រសិនបើបុរសម្នាក់មានចៀមមួយរយ ហើយចៀមមួយវងេ្វងបាត់ តើអ្នកនោះមិនទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅរកចៀមមួយដែលវង្វេងបាត់នោះទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «តើអ្នករាល់គ្នាយល់យ៉ាងណា ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់? គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀមដែលបាត់នោះពុំខាន។ អាល់គីតាប «តើអ្នករាល់គ្នាយល់យ៉ាងណា ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់?។ គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀម ដែលបាត់នោះពុំខាន។ |
ទូលបង្គំបានវង្វេងទៅ ដូចជាចៀមបាត់បង់ សូមដេញរកអ្នកបំរើទ្រង់ផង ដ្បិតទូលបង្គំមិនភ្លេចសេចក្ដីបង្គាប់របស់ទ្រង់ឡើយ។
យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់។
រាស្ត្ររបស់អញជាហ្វូងចៀមដែលវង្វេងបាត់ ពួកអ្នកគង្វាលរបស់គេបានបណ្តាលឲ្យគេវង្វេងទៅ ក៏បានបំបែរគេចេញនៅលើភ្នំ គេបានដើរពីភ្នំធំ ចុះទៅដល់ភ្នំតូច ហើយបានភ្លេចក្រោលរបស់គេទៅ
ឯអ្នកគង្វាល គេតែងមើលហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជាមួយនឹងហ្វូងចៀមដែលខ្ចាត់ខ្ចាយជាយ៉ាងណា នោះអញនឹងថែមើលហ្វូងចៀមរបស់អញ ហើយជួយឲ្យវារួចចេញពីគ្រប់កន្លែងដែលវាត្រូវកំចាត់កំចាយនោះ នៅថ្ងៃដែលមេឃមីរស្រទំ ហើយងងឹតយ៉ាងនោះដែរ
អញនឹងស្វែងរកសត្វណាដែលវង្វេងបាត់ ហើយនាំណាដែលត្រូវប្រដេញ ឲ្យមកវិញ សត្វណាដែលបាក់ជើង នោះអញនឹងរុំអបឲ្យ ហើយអញនឹងចំរើនកំឡាំងដល់ណាដែលឈឺ តែសត្វណាដែលធាត់ ហើយមានកំឡាំង នោះអញនឹងបំផ្លាញវាបង់ គឺអញនឹងឃ្វាលវា ដោយសេចក្ដីវិនិច្ឆ័យវិញ។
នោះវារាល់គ្នានឹងមិនបានជារំពាដល់អស់ទាំងសាសន៍តទៅ ហើយសត្វព្រៃនៅផែនដីក៏មិនហែកវាស៊ីដែរ គឺវានឹងនៅដោយសុខសាន្ត ឥតមានអ្នកណាបំភ័យឡើយ
ឯងរាល់គ្នាមិនបានចំរើនកំឡាំង ដល់សត្វណាដែលអន់កំឡាំង ហើយណាដែលឈឺ នោះមិនបានមើលឲ្យជាទេ ណាដែលបាក់ជើង ឯងមិនបានរុំអប ណាដែលត្រូវកំចាត់កំចាយ នោះឯងមិនបាននាំមកវិញ ហើយណាដែលវង្វេងទៅ នោះក៏មិនបានស្វែងរកដែរ គឺឯងរាល់គ្នាបានគ្រប់គ្រងលើវា ដោយកំឡាំង ហើយតឹងរ៉ឹងវិញ
ហ្វូងចៀមរបស់អញបានដើរចុះឡើង នៅលើអស់ទាំងភ្នំធំ នឹងភ្នំតូចទាំងប៉ុន្មានផង អើ ហ្វូងចៀមរបស់អញបានត្រូវកំចាត់កំចាយ នៅពេញពាសលើផែនដី ឥតមានអ្នកណាទៅស៊ើបសួរ ឬស្វែងរកវាសោះ។
តែទ្រង់ឆ្លើយថា បើអ្នកណា ក្នុងពួកអ្នករាល់គ្នា មានចៀមតែ១ ហើយចៀមនោះធ្លាក់ទៅក្នុងរណ្តៅ នៅថ្ងៃឈប់សំរាក នោះតើមិនទៅចាប់ស្រង់វាមកទេឬអី
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើរកឃើញ នោះមានសេចក្ដីអំណរចំពោះចៀមនោះ ជាជាងចៀម៩៩ដែលមិនបានវង្វេងទៅទៀត
ប៉ុន្តែ អ្នករាល់គ្នាគិតដូចម្តេច មានមនុស្សម្នាក់មានកូនប្រុស២ គាត់ទៅប្រាប់កូនច្បងថា កូនអើយ ថ្ងៃនេះ ចូរឯងទៅធ្វើការក្នុងចំការអញទៅ
អ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច តើទ្រង់ជាព្រះវង្សអ្នកណា នោះគេទូលឆ្លើយថា ជាព្រះវង្សហ្លួងដាវីឌ
ខ្ញុំនិយាយនេះ ដូចជានិយាយនឹងមនុស្សមានប្រាជ្ញា ចូរពិចារណាពីសេចក្ដីដែលខ្ញុំថានេះចុះ
ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មកឯអ្នកគង្វាល ជាអ្នកថែទាំព្រលឹងអ្នករាល់គ្នាវិញហើយ។