មីកា 4:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកដែលខ្វិន នោះនឹងបានតាំងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយឲ្យបានជានគរ១ខ្លាំងពូកែ នោះព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកខ្វិន នឹងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយ ឲ្យបានជានគរមួយខ្លាំងពូកែ នោះព្រះយេហូវ៉ានឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យើងនឹងឲ្យអ្នករបួសដើរពុំរួច ក្លាយទៅជាប្រជាជនដែលនៅសេសសល់ ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់ ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។ យើងជាព្រះអម្ចាស់ នឹងគ្រងរាជ្យលើពួកគេ នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។ អាល់គីតាប «យើងនឹងឲ្យអ្នករបួសដើរពុំរួច ក្លាយទៅជាប្រជាជនដែលនៅសេសសល់ ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់ ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។ យើងជាអុលឡោះតាអាឡា នឹងគ្រងរាជ្យលើពួកគេ នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។ |
នោះនឹងមានបល្ល័ង្ក១ តាំងឡើងដោយសេចក្ដីសប្បុរស ហើយស្តេច១អង្គក្នុងពូជពង្សរបស់ដាវីឌនឹងគង់លើបល្ល័ង្កនោះ ដោយសេចក្ដីពិត ទាំងជំនុំជំរះ ហើយរកសំរេចសេចក្ដីយុត្តិធម៌ ជាអ្នកដែលរហ័សនឹងធ្វើតាមសេចក្ដីសុចរិត។
គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់សោយរាជ្យនៅលើភ្នំស៊ីយ៉ូននាក្រុងយេរូសាឡិម នោះនឹងមានសិរីល្អនៅចំពោះមុខពួកចាស់ទុំរបស់ទ្រង់។
នោះ ទោះបើមាន១ភាគក្នុង១០សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល ហើយនឹងដើមម៉ៃសាក់ដែលសល់នៅ តែគល់ក្រោយដែលគេកាប់រំលំហើយ គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។
អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់។
តើមានអ្នកណាដែលឮនិយាយពីការយ៉ាងនោះ តើអ្នកណាដែលបានឃើញឬ តើនឹងឲ្យស្រុក១កើតឡើងក្នុងថ្ងៃតែ១បានឬ តើនគរ១នឹងលេចចេញមកភ្លាម១រំពេចឬអី ដ្បិតវេលាដែលក្រុងស៊ីយ៉ូនបានឈឺចាប់ នោះក៏បានសំរាលកូនទាំងប៉ុន្មានមកភ្លាម
នោះទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កអញ ហើយជាទីសំរាប់បាតជើងអញ គឺជាកន្លែងដែលអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែលជាដរាបតទៅ ហើយពួកវង្សអ៊ីស្រាអែល នឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ទោះទាំងខ្លួនគេ នឹងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានដំកល់ទុក
រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច
លុះដល់ផុតពេលកំណត់ហើយ នោះនេប៊ូក្នេសា យើងបានងើបភ្នែកឡើងទៅលើមេឃ ហើយសតិស្មារតីក៏ត្រឡប់មកឯយើងវិញ រួចយើងបានក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរ ហើយលើកដំកើងព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចផង ដោយព្រោះអំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យទ្រង់ក៏នៅអស់ទាំងដំណមនុស្សតរៀងទៅ
នោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្តាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង។
នោះរាជ្យ នឹងអំណាចគ្រប់គ្រង ព្រមទាំងភាពរុងរឿងឧត្តមនៃអស់ទាំងនគរ នៅក្រោមមេឃទាំងមូល នឹងបានប្រគល់ ដល់បណ្តាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងត្រូវគោរពដល់ទ្រង់ ហើយស្តាប់បង្គាប់ផង
ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចជាខ្សាច់នៅសមុទ្រ ដែលនឹងវាល់ ឬរាប់មិនបានឡើយ រួចក្រោយមក នឹងកើតមានដូច្នេះ គឺពាក្យដែលបានពោលទុកថា ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ នោះនឹងផ្លាស់ទៅជាថា ឯងរាល់គ្នាជាកូននៃព្រះដ៏មានព្រះជន្មរស់នៅវិញ
នោះអស់អ្នកដែលអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ានឹងបានប្រោសឲ្យរួច ដ្បិតនៅភ្នំស៊ីយ៉ូន ហើយនៅក្រុងយេរូសាឡិម នោះនឹងមានសេចក្ដីសង្គ្រោះ ដូចជាព្រះយេហូវ៉ាទ្រង់បានមានបន្ទូលទុក ហើយក្នុងពួកមនុស្សដែលសល់នៅ នឹងមានអ្នកខ្លះដែលព្រះយេហូវ៉ាទ្រង់នឹងហៅផង។
យ៉ាងនោះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯងរាល់គ្នា ដែលគង់នៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ គ្រានោះ ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ ឥតមានអ្នកដទៃណាដើរកាត់ទៀតឡើយ។
ឱយ៉ាកុបអើយ អញនឹងកៀរប្រមូលឯងទាំងអស់គ្នាមកជាពិត អញនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា អញនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមពីស្រុកបុសរ៉ា គឺដូចជាសត្វ១ហ្វូងនៅកណ្តាលវាលស្មៅ គេនឹងបព្ចោញសូរអ៊ូអរជាខ្លាំង ដោយមានគ្នាច្រើន
ពួកអ្នកដែលសំរាប់បុកទំលាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។
អ្នកនោះនឹងឈរឡើងឃ្វាលហ្វូងចៀមរបស់ខ្លួន ដោយសារឥទ្ធិឫទ្ធិនៃព្រះយេហូវ៉ា នឹងឫទ្ធានុភាពរបស់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃខ្លួន នោះគេនឹងស្ថិតស្ថេរនៅ ដ្បិតអ្នកនោះនឹងបានជាធំ រហូតដល់ចុងផែនដីបំផុត
តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់ ទ្រង់មិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ
ពួកសំណល់នៃអ៊ីស្រាអែល នឹងមិនប្រព្រឹត្តអំពើទុច្ចរិត ឬពោលកុហកទៀតឡើយ ក៏នឹងឥតឃើញមានអណ្តាតឆបោកនៅក្នុងមាត់គេដែរ ដ្បិតគេនឹងរកស៊ី ហើយដេកចុះ ឥតមានអ្នកណាបំភ័យគេឡើយ។
នៅគ្រានោះ អញនឹងនាំឯងរាល់គ្នាចូលមក ហើយនៅគ្រានោះ អញនឹងប្រមូលឯងឲ្យមូលគ្នា ដ្បិតអញនឹងលើកឯងរាល់គ្នាឲ្យមានឈ្មោះ ហើយឲ្យជាទីសរសើរ នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី គឺក្នុងកាលដែលអញនាំពួកឯងដែលជាប់ជាឈ្លើយមកវិញ នៅចំពោះភ្នែកឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។:៚
ទ្រង់នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ
ទេវតាទី៧ក៏ផ្លុំឡើង នោះមានឮសំឡេងជាច្រើនបន្លឺឡើង នៅលើមេឃថា នគរទាំងប៉ុន្មាននៅលោកីយ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា នឹងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ