ដ្បិតកាលណាសាឡូម៉ូនទ្រង់ចាស់ហើយ នោះភរិយាទ្រង់បានបង្វែរព្រះទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ ហើយព្រះទ័យទ្រង់មិនបានស្មោះត្រង់ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាព្រះទ័យរបស់ដាវីឌ ជាបិតាទ្រង់ទេ
និក្ខមនំ 20:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវមានព្រះណាផ្សេងនៅចំពោះ យើងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។ អាល់គីតាប មិនត្រូវគោរពអ្វីផ្សេងក្រៅពីយើងឡើយ។ |
ដ្បិតកាលណាសាឡូម៉ូនទ្រង់ចាស់ហើយ នោះភរិយាទ្រង់បានបង្វែរព្រះទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ ហើយព្រះទ័យទ្រង់មិនបានស្មោះត្រង់ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាព្រះទ័យរបស់ដាវីឌ ជាបិតាទ្រង់ទេ
ចូរសរសើរពីសិរីល្អនៃព្រះយេហូវ៉ាឲ្យសមនឹងព្រះនាមទ្រង់ ចូរពាក់គ្រឿងលំអបរិសុទ្ធ នាំគ្នាថ្វាយបង្គំដល់ ព្រះយេហូវ៉ាចុះ។
ឯនៅស្ថានសួគ៌ តើទូលបង្គំមានអ្នកឯណាក្រៅពីទ្រង់ ហើយនៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ
អញនេះ គឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ចូរឯងហាមាត់ឲ្យធំចុះ នោះអញនឹងបំពេញឲ្យ
មិនត្រូវឲ្យមានព្រះដទៃណានៅក្នុងពួកឯងឡើយ ក៏មិនត្រូវឲ្យឯងថ្វាយបង្គំ ដល់ព្រះនៃសាសន៍ដទៃណាមួយដែរ
ឱព្រះយេហូវ៉ាអើយ តើមានព្រះឯណាឲ្យដូចទ្រង់ តើមានអ្នកឯណាដែលមានសេចក្ដីបរិសុទ្ធដ៏វិសេសដូចទ្រង់ ដែលគួរសរសើរដំកើង ហើយក៏ធ្វើការអស្ចារ្យផង
ដូច្នេះ មិនត្រូវឲ្យមានព្រះណាទៀត នៅជាមួយនឹងអញ ទោះទាំងព្រះធ្វើពីមាស ឬពីប្រាក់ ក៏មិនត្រូវធ្វើសំរាប់ខ្លួនឡើយ។
កុំឲ្យក្រាបថ្វាយបង្គំឬគោរពប្រតិបត្តិដល់ព្រះរបស់គេឲ្យសោះ ក៏កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ គឺត្រូវឲ្យបំផ្លាញគេអស់រលីងវិញ ព្រមទាំងបំបាក់បំបែករូបព្រះគេឲ្យខ្ទេចខ្ទីផង
ក៏រហ័សងាកបែរចេញពីផ្លូវដែលអញបានបង្គាប់គេ ហើយបានសិតធ្វើរូបកូនគោនាំគ្នាក្រាបថ្វាយបង្គំដល់រូបនោះ រួចបានថ្វាយយញ្ញបូជា ដោយប្រកាសថា នែ ពួកអ៊ីស្រាអែលអើយ នេះហើយជាព្រះនៃឯងដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក
ដ្បិតមិនត្រូវឲ្យឯងរាល់គ្នាក្រាបថ្វាយបង្គំដល់ព្រះឯណាទៀតឡើយ ពីព្រោះព្រះយេហូវ៉ា ដែលព្រះនាមជាព្រះប្រចណ្ឌ ទ្រង់មានព្រះហឫទ័យប្រចណ្ឌពិត
ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច
អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់អញ ដល់រូបឆ្លាក់ឡើយ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់អញ ព្រមទាំងយល់ថា គឺអញនេះហើយ ឥតមានព្រះណាកើតមកមុនអញទេ ហើយក្រោយអញក៏ឥតមានដែរ
កុំឲ្យភ័យឡើយ ក៏កុំឲ្យខ្លាចដែរ តើអញមិនបានប្រាប់ ហើយបង្ហាញដល់ឯងតាំងតែពីដើមមកទេឬ គឺឯរាល់គ្នាជាស្មរបន្ទាល់របស់អញ តើមានព្រះណាក្រៅពីអញឬទេ អើ គ្មានថ្មដាណាទៀតឡើយ អញមិនស្គាល់ណាមួយសោះ។
ចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចអញសោះ
កុំឲ្យទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វាឡើយ ក៏កុំឲ្យបណ្តាលឲ្យអញខឹង ដោយសារការដែលដៃឯងរាល់គ្នាធ្វើដែរ យ៉ាងនោះអញនឹងមិនប្រទូស្តដល់ឯងរាល់គ្នាទេ
អញក៏បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើអញ ឲ្យមកឯឯងដែរ ទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ឲ្យប្រាប់ថា ចូរឲ្យឯងទាំងអស់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួនឥឡូវ ហើយកែកិរិយារបស់ឯងផង កុំឲ្យទៅតាមព្រះដទៃ ដើម្បីគោរពដល់វានោះឡើយ នោះឯងរាល់គ្នានឹងបាននៅជាប់ក្នុងស្រុក ដែលអញបានឲ្យដល់ឯង នឹងពួកព្ធយុកោឯង តែឯងរាល់គ្នាមិនបានផ្ទៀងត្រចៀក ឬស្តាប់តាមអញសោះ
តើឯងរាល់គ្នានឹងលួចប្លន់ កាប់សំឡាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលឯងមិនបានស្គាល់ពីដើម
តែបើមិនជួយទេ នោះសូមឲ្យទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។
ទោះបើយ៉ាងនោះក៏ដោយ គង់តែអញ គឺព្រះយេហូវ៉ា អញជាព្រះនៃឯង ចាប់តាំងពីស្រុកអេស៊ីព្ទមក ហើយមិនត្រូវឲ្យឯងស្គាល់ព្រះឯណាទៀត ក្រៅពីអញឡើយ ក្រៅពីអញ គ្មានព្រះអង្គសង្គ្រោះណាមួយសោះ
នោះព្រះយេស៊ូវមានបន្ទូលតបថា នែ សាតាំង ចូរឯងថយចេញពីអញទៅ ដ្បិតមានសេចក្ដីចែងទុកមកថា «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ»
ឯដំណើរបរិភោគភោជនាហារ ដែលបានថ្វាយទៅរូបព្រះ នោះយើងដឹងថា ក្នុងលោកីយនេះ រូបព្រះមិនជាអ្វីទេ ហើយថា គ្មានព្រះណាទៀត ក្រៅពីព្រះតែ១ឡើយ
គង់តែខាងយើង មានព្រះតែ១ប៉ុណ្ណោះ គឺជាព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីទ្រង់ ហើយយើងរាល់គ្នាក៏សំរាប់ទ្រង់ ក៏មានព្រះអម្ចាស់តែ១ គឺជាព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារទ្រង់ ហើយយើងក៏ដោយសារទ្រង់ដែរ
ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរដកក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ
មិនត្រូវឲ្យឯងរាល់គ្នាទៅតាមព្រះឯណាទៀត ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មានដែលនៅជុំវិញឯងឡើយ
ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង
ចុងបំផុតរបស់គេជាសេចក្ដីហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេ ទុកជាសិរីល្អវិញ គេនឹកតែពីរបស់នៅផែនដីនេះ
កុំឲ្យអ្នកណាបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នា តាមតែចិត្តឡើយ ដោយគេប្រព្រឹត្តបែបសុភាព ទាំងថ្វាយបង្គំពួកទេវតា ទាំងសៀតស៊កចូលទៅក្នុងការ ដែលខ្លួនមើលមិនឃើញ ហើយមានចិត្តប៉ោងឡើង ដោយគំនិតខាងសាច់ឈាមគេនោះ
នោះខ្ញុំទំលាក់ខ្លួនចុះ នៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាបាវបំរើជាមួយនឹងអ្នក ហើយនឹងបងប្អូនអ្នក ដែលមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវដែរ ចូរថ្វាយបង្គំដល់ព្រះវិញ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយ។
តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ខ្ញុំក៏ជាបាវបំរើជាមួយនឹងអ្នកដែរ ហើយជាមួយនឹងពួកហោរា ជាបងប្អូនអ្នក នឹងពួកអ្នកដែលកាន់តាមព្រះបន្ទូលក្នុងគម្ពីរនេះផង ចូរថ្វាយបង្គំដល់ព្រះវិញចុះ។
អញបានប្រាប់ឯងថា អញជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា មិនត្រូវឲ្យឯងខ្លាចដល់អស់ទាំងព្រះរបស់សាសន៍អាម៉ូរី ដែលឯងនៅស្រុកគេនោះឡើយ តែឯងរាល់គ្នាមិនបានស្តាប់តាមបង្គាប់អញសោះ។