ដានីយ៉ែល 5:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ត្រូវបណ្តេញពីពួកមនុស្សទៅ ហើយព្រះទ័យទ្រង់បានត្រឡប់ទៅ ដូចជាចិត្តរបស់សត្វវិញ ទ្រង់មានទីលំនៅជាមួយនឹងលាព្រៃ ក៏សោយស្មៅដូចជាគោ ហើយត្រូវទទឹកដោយសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង នោះក៏តាមព្រះហឫទ័យ ព្រះគម្ពីរខ្មែរសាកល ទ្រង់ត្រូវបានបណ្ដេញចេញពីមនុស្សលោក ហើយចិត្តរបស់ទ្រង់ត្រូវបានធ្វើឲ្យបានដូចជាសត្វព្រៃវិញ លំនៅរបស់ទ្រង់នៅជាមួយលាព្រៃ ហើយគេឲ្យទ្រង់សោយស្មៅដូចគោ រូបកាយរបស់ទ្រង់ត្រូវទទឹកដោយសន្សើមពីមេឃ រហូតទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ហើយព្រះអង្គតាំងអ្នកណាក៏ដោយដែលព្រះអង្គសព្វព្រះហឫទ័យលើអាណាចក្រនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ត្រូវគេបណ្តេញពីចំណោមមនុស្ស ហើយគំនិតរបស់ស្ដេចបានត្រឡប់ដូចជាគំនិតរបស់សត្វ ទ្រង់មានទីលំនៅជាមួយលាព្រៃ ក៏សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកដោយទឹកសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង ក៏តាមតែព្រះហឫទ័យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានបណ្តេញព្រះរាជាចេញពីចំណោមមនុស្ស ចិត្តគំនិតរបស់ព្រះរាជាប្រែទៅជាមានលក្ខណៈដូចសត្វតិរច្ឆាន ទ្រង់គង់នៅជាមួយសត្វព្រៃ គេឲ្យទ្រង់សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកទៅដោយទឹកសន្សើម ដែលធ្លាក់ពីលើមេឃមក រហូតទល់ពេលព្រះរាជាទទួលស្គាល់ថា ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោកទាំងអស់ ហើយព្រះអង្គលើកនរណាឲ្យសោយរាជ្យក៏បាន។ អាល់គីតាប គេបានបណ្តេញស្តេចចេញពីចំណោមមនុស្ស ចិត្តគំនិតរបស់ស្តេចប្រែទៅជាមានលក្ខណៈដូចសត្វតិរច្ឆាន ស្តេចនៅជាមួយសត្វព្រៃ គេឲ្យស្តេចពិសាស្មៅដូចគោ ហើយរូបកាយទទឹកជោកទៅដោយទឹកសន្សើម ដែលធ្លាក់ពីលើមេឃមក រហូតទល់ពេលស្តេចទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោកទាំងអស់ ហើយទ្រង់លើកនរណាឲ្យសោយរាជ្យក៏បាន។ |
ដូច្នេះអស់ទាំងដើមឈើនៅផែនដីនឹងដឹងថា អញ គឺយេហូវ៉ា អញបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានដំកើងដើមឈើទាបឡើងវិញ អញបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ ហើយឲ្យដើមឈើ ដែលស្វិតក្រៀមបានប៉ិចឡើងវិញ គឺអញ យេហូវ៉ានេះហើយ ដែលបានចេញវាចា ព្រមទាំងធ្វើការនេះផង។
ក៏បន្លឺឡើងជាខ្លាំងថា ចូរកាប់ដើមឈើនោះចុះ ត្រូវឲ្យកាប់ផ្តាច់មែកចេញ ព្រមទាំងអង្រួនជំរុះស្លឹក ហើយកំចាត់កំចាយផលផង ត្រូវឲ្យសត្វទាំងប៉ុន្មានចេញពីក្រោម ហើយសត្វស្លាបពីមែកវាទៅ
ទោសនេះ គឺជាពួកពិនិត្យត្រួតមើលដែលកាត់ឲ្យ ហើយសេចក្ដីនេះក៏តាមបង្គាប់នៃពួកបរិសុទ្ធ ប្រយោជន៍ឲ្យមនុស្សដែលនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ក៏ប្រគល់ដល់អ្នកណាតាមព្រះហឫទ័យ ព្រមទាំងតាំងមនុស្សសណ្ឋានទាបថោកបំផុតឡើង ឲ្យគ្រប់គ្រងផង
បពិត្រព្រះករុណា ដើមឈើនោះ គឺជាអង្គទ្រង់ ដែលបានឡើងជាធំ ហើយមានអានុភាព ដ្បិតភាពធំរបស់ទ្រង់បានលូតឡើងរហូតដល់ផ្ទៃមេឃ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏ដល់ចុងផែនដីបំផុតដែរ
គឺថាទ្រង់នឹងត្រូវបណ្តេញចេញពីមនុស្សលោកទៅ ហើយទ្រង់នឹងមានទីលំនៅជាមួយនឹងអស់ទាំងសត្វនៅផែនដី ឲ្យទ្រង់បានសោយស្មៅដូចជាគោ ទ្រង់នឹងត្រូវទទឹក ដោយសន្សើមពីលើមេឃ ដរាបដល់បានកន្លងអស់៧ខួប ទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណាតាមព្រះហឫទ័យ
ឯដំណើរដែលគេបានបង្គាប់ឲ្យទុកគល់ នឹងឫសនៃដើមនោះឲ្យនៅ នោះគឺថា រាជ្យទ្រង់នឹងបានទុកនៅសំរាប់កាលណាទ្រង់បានជ្រាបថា ស្ថានសួគ៌មានអំណាចគ្រប់គ្រង
លុះដល់ផុតពេលកំណត់ហើយ នោះនេប៊ូក្នេសា យើងបានងើបភ្នែកឡើងទៅលើមេឃ ហើយសតិស្មារតីក៏ត្រឡប់មកឯយើងវិញ រួចយើងបានក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរ ហើយលើកដំកើងព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចផង ដោយព្រោះអំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យទ្រង់ក៏នៅអស់ទាំងដំណមនុស្សតរៀងទៅ
ឯអស់ទាំងមនុស្សលោកក៏រាប់ទុកជាឥតការទទេ ទ្រង់ធ្វើតាមតែព្រះហឫទ័យក្នុងពួកពលបរិវារនៃស្ថានសួគ៌ ហើយនៅកណ្តាលពួកមនុស្សលោកផង ឥតមានអ្នកណាអាចនឹងឃាត់ទប់ព្រះហស្តទ្រង់ ឬនឹងទូលសួរទ្រង់ថា ទ្រង់ធ្វើអ្វីដូច្នេះបានឡើយ
ឥឡូវនេះ នេប៊ូក្នេសា យើងក៏សរសើរ ហើយលើកដំកើង ព្រមទាំងពណ៌នាគុណដល់មហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងការនៃទ្រង់សុទ្ធតែពិតត្រង់ ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ទ្រង់ក៏យុត្តិធម៌ដែរ ទ្រង់អាចនឹងបន្ទាបអស់អ្នកដែលប្រព្រឹត្តដោយចិត្តធំទៅ។
បពិត្រព្រះរាជា ព្រះដ៏ខ្ពស់បំផុតទ្រង់បានប្រទានរាជ្យ អំណាច សិរីល្អ នឹងឥទ្ធានុភាពដល់នេប៊ូក្នេសា ជាព្រះបិតាទ្រង់